ថ្លើមគឺជាសរីរាង្គសំខាន់មួយក្នុងរាងកាយរបស់មនុស្សគ្រប់គ្នា ដូច្នេះហើយ ប្រសិនណាអ្នកមានទម្លាប់បំផ្លាញ់ថ្លើម តាមរយៈរបបអាហារប្រចាំថ្ងៃ ទាំងទម្លាប់ផ្សេងៗដែលប៉ះពាល់ថ្លើម ត្រូវឧស្សាហ៍ពិនិត្យថ្លើមផង ។ ជាការពិតណាស់ ថ្លើម ជាសរីរាង្គមានសារសំខាន់ខ្លាំងណាស់ គឺចូលរួម ដល់ការរំលាយជួយរំលាយអាហារ បណ្ដេញជាតិពុលផ្សេងៗចេញពីរាងកាយរបស់អ្នក។
ជាមួយគ្នានេះដែរ នៅពេលថ្លើមមានបញ្ហា វាមិនបានបញ្ចេញសញ្ញាឱ្យយើងបានដឹងច្បាស់ប៉ុន្មាននោះទេ ក៏ប៉ុន្ដែវាអាចចេញសញ្ញាសំខាន់ខ្លះដែល ពេទ្យអាចធ្វើរោគវិនិច្ច័យថាអ្នកកំពុងតែមានបញ្ហាថ្លើម។ ដូច្នេះសញ្ញាទាំងនេះអ្នកគួរតែដឹង។
សញ្ញាទាំងនោះមានដូចជា៖
-បាត់បង់ចំណង់អាហារ
-ឧស្សាហ៍អស់កម្លាំងរុំារ៉ៃ
-រមាស់ស្បែក
-ឈឺពោះហើមពោះ
-ស្បែកនិងភ្នែកមានពណ៌លឿង
-ក្អួតចង្អោរ ហើមក៏ដៃ ហើមក៏ជើង
-មានលាមកពណ៌ស្លេក។ ជាមួយនេះដែរ ប្រសិនណាអ្នកមានរោញសញ្ញាឈឺចាប់ណាមួយខុសធម្មតា សូមមេត្តាប្រញាប់ជួបពេទ្យជំនាញដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាង បង្កជាអាការកាន់តែធ្ងន់ធ្ងរឡើងមកពិបាកសង្រ្កោះ។
ជាមួយគ្នានេះដែរ ដើម្បីការពារថ្លើម ឱ្យមានសុខភាពល្អ កុំភ្លេចចាក់រ៉ាក់សាំងដើម្បីការពារទុក និង និងចៀសវាងរបបអាហារនិងទម្លាប់អាក្រក់ផ្សេងៗដែលបំផ្លាញថ្លើមរបស់អ្នក ដូចជា ទម្លាប់ផឹកស្រារុំារ៉ៃ ទម្លាប់ញុំាអាហារគ្មានអនាម័យត្រឹមត្រូវ ដែលជាហេតុនាំឱ្យអ្នកប្រឈមជាមួយបញ្ហាខូចថ្លើម បង្កជា រលាកថ្លើម ខ្លាញ់រុំថ្លើម ជាតិពុលក្នុងថ្លើមជាដើម។
ខាងក្រោមនេះគឺជារបបអាហារជួយប៉ូវថ្លើម ការពារថ្លើមគេណែនាំឱ្យអ្នកអនុវត្តឱ្យបានត្រឹមត្រូវ អាចជួយធ្វើឱ្យថ្លើមរបស់អ្នកមានសុខភាពល្អ មិនងាយឈឺមិនងាយមានជំងឺមកយាយីបានឡើយ។
-អ្វីដែលត្រូវចៀសវាងគឺរបបអាហារដែលសម្បូរដោយខ្លាញ់ ជាតិស្ករលើសកម្រិត ជាតិប្រៃ សាច់កែច្នៃជាដើម។
-គួរតែទទួលទានអាហារឱ្យមានតុល្យភាពជាប្រចាំថ្ងៃ មានដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ជាពិសេសគឺអាហារសម្បូរដោយជាតិសរសៃជាដើម…។
-ត្រូវព្យាយាមពិសារទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃ និងមានអនាម័យក្នុងការរស់នៅ។
-ពិភាក្សាជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវនៅចំនួនស្រាដែលអ្នកអាចផឹកបានប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ ប្រភព liverfoundation.org ក៏បានណែនាំពីរបបអាហារសម្រាប់អ្នកដែលមានប្រភេទជំងឺថ្លើមដូចគ្នា ដោយក្នុងនោះ៖
សម្រាប់អ្នកជំងឺក្រិនថ្លើម៖ គេណែនាំឱ្យកាត់បន្ថយរបបអាហារដែលប្រៃ ជាពិសេសពិភាក្សាជាមួយគ្រូពេទ្យជំនាញទាក់ទងនឹងប្រូតេអ៊ីនដែលត្រូវញុំាប្រចាំថ្ងៃ។
សម្រាប់អ្នកមានជំងឺថ្លើមប្រភេទC៖ គេណែនាំឱ្យកំណត់បរិមាណអាហារដែលមានជាតិដែកច្រើន រួមទាំងជាតិអំបិលច្រើនផងដែរ។
សម្រាប់អ្នកមានជំងឺខ្លាញ់រុំថ្លើម៖ កាត់បន្ថយញុំាអាហារដែលមានកាឡូរីខ្ពស់ និងប្ដូរមកញុំាក្រុមអាហារដែលមានជាតិសរសៃច្រើនវិញ។
ជាចុងក្រោយ ប្រសិនណាអ្នកមានបញ្ហាណាមួយទាក់ទងនឹងជំងឺថ្លើម សូមអ្នកប្រញាប់ទៅទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។ ដើម្បីការពារគ្រោះថ្នាក់កាន់តែធ្ងនធ្ងរ៕
អត្ថបទដោយ៖ ប៉ែត ធីតា