ក្តីប្រាថ្នារបស់មនុស្សស្រីមួយចំនួនធំតែងតែចង់ទទូលបាននូវស្បែកមុខស្រស់ស្អាតដូចនារីកូរ៉េ
ដែលជាហេតុផលមួយធ្វើអោយអាជីវកម្មគ្រឿសម្អាងកូរ៉េទទួលបានភាពជោគជ័យរហូតបានក្លាយជាគ្រឿងសម្អាងដែលឈានមុខគេលំដាប់អន្តរជាតិទៀតផង។ តាមរយៈការបូកសរុបចំនួនទឹកប្រាក់ដែលបាននាំចេញគ្រឿងសម្អាងនៅចុងឆ្នាំ២០១៩បានបង្ហាញតួរលេខអោយឃើញថា
ប្រទេសនេះបានទទួលចំណូលប្រហែលជា៦២៥លានដុល្លាសហរដ្ឋអាមេរិកក្នុងការនាំចេញទៅប្រទេសលោកខាងលិចហើយ៣៧៩ពាន់លានដុល្លាសហរដ្ឋអាមេរិក
ទូទាំងសាកលលោកដែលត្រូវបានទទួលស្គាល់ថាជាតួរលេខដែលខ្ពស់មួយនៅក្នុងវិស័យគ្រឿងសម្អាង នេះបើយោងតាមការផ្សាយរបស់វេបសាយអន្តរជាតិPR Daily។ ខណៈពេលនេះដែរយើងនាំគ្នាមកដឹងទាំងអស់គ្នាថាហេតុអ្វីទើបបានគ្រឿងសម្អាងរបស់ប្រទេសអាស៊ីមួយនេះអាចឈរជើងយ៉ាងមាំក្នុងទីផ្សារអន្តរជាតិ
នៅក្នុងប្រទេសកូរ៉េសម្រស់គឺជារឿងសំខាន់បំផុត ប្រជាជនកូរ៉េត្រូវបានបង្រៀនអោយយកចិត្តទុក្ខដាក់លើការថែរក្សាសម្រស់តាំងពីនៅក្មេងៗដែល
ធ្វើអោយប្រជាជនទាំងអស់សុទ្ធតែមានចំណេះដឹងខ្ពស់ទាក់ទងនឹងវិស័យគ្រឿងសម្អាងនេះ។ ហើយគោលការណ៍សំខាន់របស់ប្រទេសនេះគឺការច្នៃប្រឌិតបង្កើតថ្មី តាមរយៈការរួមបញ្ចូលគ្នានូវចំណេះដឹងដែលមានអាយុកាលរាប់សតវត្សរ៍ជាមួយនឹងបច្ចេកវិទ្យាថ្មីនិងច្នៃប្រឌិតទំនើបបំផុត ប្រទេសនេះត្រូវបានគេដាក់ឈ្មោះអោយថា(គំនិតច្នៃប្រឌិតថ្មីគ្មានដែរកំណត់ឬ NON-STOP INNOVATION)ទៅលើការផលិតគ្រឿងសម្អាង។ ហើយក្រមហ៊ុននីមួយៗបានយកចិត្តទុក្ខដាក់បំផុតទៅលើគុណភាពនឹងតម្លៃ ដែលធ្វើអោយផលិតផលនីមួយៗមានគុណភាពខ្ពស់ប៉ុន្តែតម្លៃសមរម្យ គួរបញ្ជាក់ផងដែរថាដោយសារតែទីផ្សារមានការប្រកួតប្រជែងខ្ពស់បែបនេះ ទើបជម្រុញឱ្យក្រុមហ៊ុនកូរ៉េផ្តល់ជូននូវផលិតផលថ្មីៗក្នុងតម្លៃថោកទោះបីជាគ្រឿងផ្សំមានគុណភាពខ្ពស់ក៏ដោយ យ៉ាងណាមិញមិនអត់ប្រយោជន៏នោះឡើយការខំប្រឹងមួយនេះធ្វើអោយផលិតផលប្រទេសនេះទទួលស្គាល់លើទីផ្សារអ៊ឺរ៉ុបទៀតផង។
ចំណែកឯមុខងារគ្រឿងសម្អាងវិញ ប្រទេសនេះមានគោលការណ៍ផ្តល់ទៅកាន់ទីផ្សារនូវផលិតផលដែលមានមុខងារចាំបាច់សម្រាប់ថែរក្សាសម្រស់ប្រចាំថ្ងៃដែលខុសពីប្រទេសដ៏ទៃ។ គឺរដ្ឋាភិបាលកូរ៉េមានចំណាត់ថ្នាក់ជាក់លាក់និងបទប្បញ្ញត្តិសម្រាប់គ្រឿងសំអាងដែលផ្សាយចេញទៅ គឺផលិតផលទាំងនោះអាចការពារកម្តៅថ្ងៃ ធ្វើអោយមុខសភ្លឺថ្លានិងបំបាត់ស្នាមជ្រីយជ្រួញ ដើម្បីថែរក្សាសម្រស់ជៀសវៀងប្រើរបស់ដែលគ្មានសារធាតុការពារធ្វើអោយប៉ះពាល់ហើយទើបត្រលប់មកកែរវិញ។ ប្រទេសនេះយកចិត្តទុកដាក់ក្នុងការផលិតគ្រឿងសម្អាងម្យ៉ាងឈ្មោះថាCosmeceuticalដែលផ្សំឡើងពីវត្ថុធាតុដើមបូរាណរបស់ប្រទេសកូរ៉េជាច្រើនដូចជា ឱសថបូរាណឬទឹកមាត់ខ្យងជាដើម។ ហើយលក្ខណៈពិសេសនៃCosmeceutical រួមមានការផ្តល់សំណើម ការជួសជុលកោសិកាដែលមានស្លាកស្នាមនិងមុន, មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានមុខងារជាច្រើនផ្សេងទៀត។ ដូចនេះហើយទើបផ្ទៃមុខរបស់ជនជាតិកូរ៉េគ្រប់ៗគ្នាគឺស្រស់ស្អាតជានិច្ច។
ហេតុផលមួយបន្ទាប់ពីគុណភាព តម្លៃនឹងមុខងាររបស់ផលិតផលដែលល្អដាច់គេហើយនោះ ប្រទេសកូរ៉េមានសក្តានុពលមួយផ្នែកទៀតគឺសិល្បៈភាពយន្តនិងចម្រៀង។ វិស័យសិល្បៈនៅប្រទេសកូរ៉េទទួលបានការទទួលស្គាល់សឹងតែជុំវិញពិភពលោកទៅហើយ ដែលក្រុមតារាចម្រៀងល្បីៗដូចជា BTS BlackPink ជាដើមមានអ្នកគាំទ្រដល់ទៅជាងពីរ បីរយលាននាក់ទៅហើយនេះរាប់បញ្ចូលតែអ្នកគាំទ្ររបស់២ក្រុមនេះតែប៉ុណ្ណោះ នៅមានច្រើនក្រុមទៀតនឹងភាពយន្តច្រើនទៀតដែលមិនបានរាប់បញ្ចូល។ ពួកគេធ្វើទីផ្សារតាមរយៈតារាដែលមានប្រជាប្រិយភាព បែបនេះហើយនៅពេលដែលអតិថិជនបានឃើញតារាល្បីៗប្រើ ពួកគេក៏ចង់ប្រើតាម។ កត្តាមួយនេះក៏ជាកត្តាដ៏ធំមួយនៃភាពជោគជ័យនៃវិស័យនេះករបស់ជនជាតិកូរ៉េផងដែរ។
គួររំលឹកផងដែរថា អាជីវកម្មគ្រឿងសម្អាងនៅក្នុងប្រទេសនេះមានកត្តាជាច្រើនដែលបាននាំអោយប្រទេសនេះទទួលបានជោគជ័យ ហើយក្នុងនាមជាម្ចាស់អាជីវកម្មក្នុងស្រុកយើងសង្ឃឹមថាអ្នកទាំងអស់គ្នាប្រហែលជាអាចរៀនពីតិចនិចបន្តិចបន្តួច
ដើម្បីអភិវឌ្ឍអាជីវកម្មគ្រឿងសម្អាងស្រុកយើងវិញម្តង។ ដោយសរុបប្រទេសនេះបានផ្តល់តម្លៃសំខាន់នៃរក្សាសម្រស់តាំងពីក្មេងៗ ប្រជាជនមានចំណេះដឹងជ្រៅជ្រះទាក់ទងនឹងផលិតផល គុណភាពនិងតម្លៃមានភាពសមមាត្រដែលត្រូវស្តង់ដារអន្តរជាតិ វត្ថុធាតុដើមក្នុងការផលិតមានគុណភាពខ្ពស់ មុខងារផលិតផលដែលខុសប្លែកពីគេ ហើយជាពិសេសគឺរឿងទីផ្សារនឹងតែម្តង៕
អត្ថបទដោយ៖ អឿ ស្រីហួយ