បញ្ហាធុំក្លិនមាត់ជារឿងមួយដែលបានជួបប្រទះជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវបានចាត់ទុកមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទង និងជាគុណតម្លៃនៃភាពស្អាតរបស់មនុស្ស។ ៨៥% នៃបញ្ហានេះ មានប្រភពមកពីក្នុងមាត់ និងមានកត្តាផ្សេងៗគ្នាផងដែរ។
ជាមួយគ្នានេះមន្ទីរពេទ្យកាល់ម៉ែតក៏បានបង្ហាញកត្តាមួយចំនួនដែលបណ្តាលឱ្យមានបញ្ហាក្លិនមាត់៦យ៉ាងដែលកើតឡើងដោយសារបញ្ហាក្នុងមាត់។
១. ដោយសារការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ
២. កត្តាធ្មេញ
- មានធ្មេញពុកខូច ធ្មេញពុកប្រហោង ធ្មេញសល់ឫស
- ធ្មេញថ្គាមទាល់ ដែលពិបាកសំអាត និងងាយជាប់ចំណី
- ធ្មេញមានបំណះប៉ះរយៈពេលយូរឆ្នាំ
- ធ្មេញដាក់ ឬស្រោបធ្មេញ ជ្រាបទឹក
- ធ្មេញដាក់ប្រភេទជ័រ
- ធ្មេញបង្ករោគកខ្ទុះ
៣. កត្តាអញ្ចាញ
- មានកំណកកំបោរតាមជើងធ្មេញ
- មានការរលាកអញ្ចាញ ហូរខ្ទុះ
- មានជំងឺអញ្ចាញផ្សេងៗ
៤. កត្តាធ្មេញដាក់
- ការដាក់ធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេស
- មានដក់ចំណីក្រោមធ្មេញដាក់ជាប់
- ការប្រើសម្ភារៈធ្វើធ្មេញមិនល្អ
- ការប្រើរយៈពេលយូរ នាំឲ្យមានជ្រាបទឹក
៥. កត្តាអណ្ដាត
- មានផ្សិតលើអណ្ដាត
- មានមេរោគតោងលើអណ្តាត
៦. កត្តាផ្សេងៗក្នុងមាត់
- អ្នកជំងឺស្ងួតមាត់
- មានរលាក ឬដំបៅផ្សេងៗក្នុងមាត់
- ការពាក់ឧបករណ៍ផ្សេងៗក្នុងមាត់ដូចជា ឧបករណ៍ពត់តម្រង់ធ្មេញ ឧបករណ៍គេងស្រមុក ក្រៅពីនេះនៅមានកត្តាផ្លូវដង្ហើមនិងកត្តាផ្សេងៗទៀតផងដែរ។ យ៉ាងណាមិញខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការគ្រប់គ្រងក្លិនមាត់។
ដំបូងគឺត្រូវព្យាបាលមូលហេតុពិតប្រាកដ (ការធ្វើរោគវិនិច្ឆ័យពីទន្តបណ្ឌិត), ជៀសវាងម្ហូបចំណីដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស ខ្ទឹមបារាំង......., ជៀសវាងទម្លាប់ការជក់បារី និងការផឹកស្រា, ញ៉ាំអាហារឲ្យទៀងពេល, ដុសសម្អាតធ្មេញក្រោយបរិភោគរួច, ធ្វើការថែទាំនូវសុខភាពមាត់ធ្មេញឲ្យបានល្អជាប្រចាំ, ដុសសម្អាតធ្មេញនឹងអណ្ដាតមុនពេលចូលគេង, រក្សាសំណើមក្នុងមាត់ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់, ប្រសិនបើមានធ្មេញដោះដាក់ សូមដោះចេញនៅពេលយប់ និងត្រាំក្នុងទឹកខ្ពុលមាត់ Chlorhexidine, ណាត់ជួបទន្តបណ្ឌិត ២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញលោកអ្នក។
ដូចនេះសូមបងប្អូនថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អ ដោយមានការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ៕