អ្នកប្រហែលជាធ្លាប់បានលឺ និងធ្លាប់បានឆ្លងកាត់រួចមកទាក់ទងនឹងសត្វល្អិត ឬសត្វតូចៗហើរចូលក្នុងត្រចៀក។ ប៉ុន្ដែក្នុងករណីដែលសត្វហើរចូលត្រចៀកនេះកម្រនឹងមានណាស់។ ជាទូទៅប្រសិនបើមានសត្វចូលក្នុងត្រចៀក អាចបណ្ដាលមកពី ការដើរព្រៃ ឡើងភ្នំ គេង ឬលេងនៅកន្លែងដែលមានសត្វល្អិតច្រើន ឬគេងក្រៅផ្ទះ។
ជាធម្មតាសត្វល្អិតងាយនឹងងាប់ណាស់ ខណៈពេលចូលក្នុងត្រចៀករបស់អ្នក ប៉ុន្តែវាក៏អាចនឹងរស់មានជីវិត ហើយវាព្យាយាមចេញពីត្រចៀករបស់អ្នកផងដែរ ក្នុងនោះដែលវាបណ្ដាលឱ្យអ្នកមានការឈឺចាប់ និងគួរឱ្យព្រួយបារម្ភ នេះបើតាមការឱ្យដឹងពី Healthline។
តើរោគសញ្ញាគួរឱ្យកត់សម្គាល់លើមនុស្សធំ និងកុមារមានអ្វីខ្លះ?
ប្រសិនបើសត្វល្អិតនៅតែមានជីវិត ខណៈពេលដែលនៅក្នុងត្រចៀករបស់អ្នក វានឹងចោះ ឬខាំក្នុងត្រចៀករបស់អ្នក ដែលទំនងជាមានអារម្មណ៍ថាឈឺតិចៗ។ លើសពីនេះទៀតវាមានរោគសញ្ញាសម្គាល់ថា៖
‑ត្រចៀកឡើងក្រហម
‑ត្រចៀកឡើងហើម
‑ការហូរចេញពីត្រចៀករួមមានឈាម ឬខ្ទុះ ដែលបង្ហាញពីការរងរបួសនៃត្រចៀក
សម្រាប់មនុស្សពេញវ័យយើងអាចកំណត់អត្តសញ្ញាណនៃសត្វល្អិតចូលត្រចៀកបានទៅតាមការធ្វើចលនារបស់សត្វល្អិត ប៉ុន្តែវាអាចមានការលំបាកសម្រាប់កុមារតូចៗ ដើម្បីកំណត់ពីមូលហេតុនៃការឈឺចាប់នៅក្នុងត្រចៀករបស់ពួកគេ។ ប្រសិនបើអ្នកឃើញក្មេងតូចៗត្រដុស រឺកោសត្រចៀកម្ខាងនេះអាចជាសញ្ញានៃសត្វល្អិតចូលក្នុងត្រចៀករបស់ពួកគេផងដែរ។
វិធីក្នុងការយកសត្វល្អិតចេញ
ផ្នែកសំខាន់នៃដំណើរការយកសត្វល្អិតចេញពីត្រចៀកគឺ រក្សាភាពស្ងប់ស្ងាត់។ កុំប្រើវត្ថុរឹងក្នុងការយកសត្វល្អិតចេញ វាអាចរុញសត្វល្អិតចូលកាន់តែជ្រៅ ហើយអាចធ្វើឱ្យខូចត្រចៀកថែមទៀតផង។
ប្រសិនបើសត្វល្អិតនៅតែមានជីវិតក្នុងក្នុងត្រចៀក អ្នកអាចចាក់ប្រេងបន្លែ (Pour Vegetable Oil) ឬប្រេងទារកចូលក្នុងប្រឡោះត្រចៀក ជាធម្មតាសត្វល្អិតនោះនឹងស្លាប់ រួចផ្អៀងត្រចៀករបស់ចុះក្រោម វានឹងហូរតាមប្រេងមកក្រៅ ឬអ្នកអាចយកវាចេញពីត្រចៀកដោយប្រើទឹកក្តៅឧណ្ហៗក៏បាន។
ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នក ឬកូនរបស់អ្នកមានបញ្ហាត្រចៀកអ្នកចាំបាច់ត្រូវទៅជួបគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកសង្ស័យថាមានសត្វចូលក្នុងត្រចៀក។ ជៀសវាងប្រើប្រាស់នៅវត្ថុរឹងក្នុងការយកសត្វល្អិតនោះចេញ ដែលងាយនឹងបណ្ដាលឱ្យខូចត្រចៀក ពីព្រោះក្រដាស់ត្រចៀកមានលក្ខណៈស្ដើងណាស់។
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍