ដោយមានបំណងចង់ចែករំលែកអ្វីដែលជាចំណេះដឹងចម្បងៗសម្រាប់អ្នកមានបំណងចង់បើកឱសថស្ថាននឹងឱសថការីជំនាន់ក្រោយៗឱ្យកាន់តែមានភាពងាយស្រួលក្នុងការបើកអាជីវកម្ម
និងដើម្បីជៀសវាងនូវការជួបហានិភ័យផ្សេង ៗ លោក ស សំពិសិដ្ឋ ជាឱសថការីទទួលខុសត្រូវការងារបច្ចេកទេសនៅឱសថស្ថានឯកជនមួយកន្លែង បានធ្វើការចែករំលែកបទពិសោធន៍មួយចំនួនដូចខាងក្រោមនេះ៖
១. ទាក់ទងទៅនឹងផ្លូវច្បាប់
ដើម្បីអាចបើកឱសថស្ថានមួយបានស្របច្បាប់ លុះត្រាតែយើងមាននូវច្បាប់ស្នើសុំពីមន្ទីរសុខាភិបាលខេត្តឬក៏រាជធានី។ មានន័យថាប្រសិនបើយើងចង់ចាប់ផ្តើមបើកឱសថស្ថានមួយដាច់ខាត គឺយើងចាំបាច់ត្រូវតែមានការស្នើសុំពីក្រសួងសុខាភិបាល ដើម្បីទទួលបាននូវលិខិតអនុញ្ញាតដើម្បីឱ្យពួកយើងអាចប្រកបអាជីវកម្មមួយនេះបាន។ លើសពីនេះទៅទៀតគឺក្រសួងនិងមន្ទីរពាណិជ្ជកម្មដែលពួកយើងត្រូវទៅស្នើសុំលិខិតអនុញ្ញាតផងដែរ។ ព្រោះប្រសិនបើយើងមិនមានអាជ្ញាបណ្ណឬលិខិតអនុញ្ញាតទេនោះ នឹងមានមន្តី្រពាក់ព័ន្ធចុះមកត្រួតពិនិត្យហើយអាចបង្កជាបញ្ហាផ្សេងៗព្រោះយើងពុំមានលិខិតអនុញ្ញាត។ ប៉ុន្តែបើសិនជាឱសថស្ថានទាំងអស់គ្នាមានលក្ខណៈតូចនៅឡើយអ្នកទាំងអស់គ្នាមិនទាន់ចាំបាច់សុំទៅក្រសួងពាណិជ្ជកម្មក៏បានដែរ ប៉ុន្តែអាចអញ្ជើញទៅច្រកចេញចូលតែមួយ ដើម្បីសុំច្បាប់បើកអាជីវកម្មក៏បានដែរ ប៉ុន្តែច្រកចេញចូលតែមួយមិនរក្សាសិទ្ធិក្នុងការមានអ្នកផ្សេងយកឈ្មោះ ស្លាកសញ្ញាអាជីវកម្មរបស់អ្នកទៅប្រើប្រាស់ក្នុងប្រការណាមួយឡើយ។
២.ដើមទុន
បងប្អូនយើងមួយចំនួននៅតែមានការព្រួយបារម្ភទាក់ទងនឹងដើមទុននៅឡើយ ដោយពួកគាត់នៅមានចម្ងល់ថា តើគួរមានដើមទុនប៉ុន្មានទើបអាចបើកឱសថស្ថានដោយជោគជ័យបាន។
លោក ស សំពិសិដ្ឋ បានបង្ហើបថាតាមពិតទៅយើងមិនចាំបាច់ទាល់តែមានដើមទុនធំ ទើបអាចបើកឱសថស្ថានបានឡើយ យើងអាចចាប់ផ្តើមពីតូចទៅ ប៉ុន្តែត្រូវមានក្តីស្រម៉ៃធំ។ លោកបានបន្ថែមថា ការដែលយើងចាប់ផ្តើមពីតូចយើងអាចមើលថែបានគ្រប់ជ្រុងជ្រោយហើយនឹងរៀនពីការផ្តល់សេវាកម្មទៅកាន់អតិថិជនបានពេញលេញផងដែរ។ មួយវិញទៀតកាលដែលយើហចាប់ផ្តើមដំបូងនោះអាជីវកម្មយើងក៏មិនទាន់មានភាពមមាញឹកនៅឡើយផង។ ប៉ន្តែបើយើងគិតថាខ្លួនឯងមានសមត្ថភាពអាចមើលថែអាជីវកម្មបានហើយចង់បង្កើនវាឱ្យធំនោះ លោកបានផ្តល់ជាតិចនិចមួយចំនួនផងដែរ គឺអាចស្វែងរកដៃគូរសហការ ឬរកអ្នកវិនិយោគលើអាជីវកម្មយើងក៏បានដែរ។
៣. ស្គាល់ខ្លួនឯង, ស្គាល់ផលិតផល នឹងស្គាល់ពីដៃគូរអាជីវកម្ម
ការស្គាល់ខ្លួនឯងមិនមែនតែស្គាល់ថាយើងជានណារនោះទេ តែត្រូវស្គាល់ថាអ្វីជាចំណុចខ្សោយ និងចំណុចខ្លាំងរបស់ខ្លួនឯងហើយថា តើអ្វីជាគោលដៅនៃអាជីវកម្មរបស់យើងនេះ។ លើសពីនេះទៀតនោះគឺយើងត្រូវស្គាល់អំពីគុណតម្លៃនឹងសារៈប្រយោជន៍នៃផលិតផលរបស់យើង ពីព្រោះបើសិនជាអតិថិជនមិនស្គាល់ពីគុណតម្លៃពិតប្រាកដនៃផលិតផលយើងទេ នឹងធ្វើឱ្យមានការយល់ច្រលំ ខ្វែងគំនិតនៃអាជីវកម្មរបស់យើង។ ក្នុងឱសថស្ថាន យើងមិនអាចត្រឹមតែលក់ឱសថតែម្យ៉ាងនោះទេ យើងអាចដាក់លក់នូចផលិតផល៣ប្រភេទទៀតគឺ គ្រឿងសអាង អាហារបំប៉ន នឹងវ៉ាក់សុំាង ហើយត្រូវប្រាកដចិត្តថាផលិតផលដែលយើងដាក់លក់ជាផលិតផលស្របច្បាប់ដែលមានលេខបញ្ជីការត្រឹមត្រូវ។
បន្ទាប់ពីស្គាល់ពីខ្លួនឯង និងផលិតផលរួចហើយនោះ គឺយើងត្រូវស្គាល់ពីដៃគូរអាជីវកម្មរបស់យើង ដែលមានទាំងបុគ្គលិករបស់យើង ក្រុមការងារដែលជួយគាំទ្រយើងទៅវិញទៅមក។ ក្នុងនាមជាម្ចាស់អាជីវកម្មយើងគួរតែមានការបណ្តុះបណ្តាលទៅលើបុគ្គលិកនិងក្រុមការងាររបស់យើង ដើម្បីឱ្យពួកគាត់មានជំនាញកាន់តែប្រសើរក្នុងការផ្តល់សេវាកម្មទៅកាន់អតិថិជន។
ហើយលើសពីនេះទៅទៀតនោះគឺ មិត្តរួចអាជីពរបស់យើង ដែលជាឱសថស្ថានផ្សេងៗដើម្បីជួយគ្នាចែករំលែកពីបទពិសោធន៍ពីគ្នាទៅវិញទៅមក។ហើយមួយវិញទៀតនោះគឺត្រូវស្គាល់ពីដៃគូរប្រកួតប្រជែងរបស់យើងដើម្បីការពារ និងពង្រឹងសមត្ថភាពខ្លួន។
ជាចុងក្រោយនោះគឺយើងត្រូវស្គាល់ពីអតិថិជនរបស់យើងដើម្បីបំពេញសេវាកម្មទៅតាមតម្រូវការរបស់ពួកគាត់៕
ទំនាក់ទំនងឱសថការី SOR Sampisith - ស សំពិសិដ្ឋ ឬ092222422
អត្ថបទដោយ៖ អឿ ស្រីហួយ