ខ្ញី គឺជារុក្ខជាតិមួយប្រភេទដែលត្រូវបានគេសិក្សាឃើញថា មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម សារធាតុរ៉ែ និងវីតាមីនយ៉ាងច្រើន មានប្រយោជន៍ក្នុងការជួយសរីរាង្គកាយឱ្យចៀសឆ្ងាយ និងបន្ធូរបន្ថយនូវអាការឈឺចាប់ រលាក ផ្សេងៗ។
តួយ៉ាង បើផ្អែកទៅតាមការចែករំលែករបស់អ្នកជំនាញខាងផ្នែកអារូត្ថម្ភលោកស្រី Candace O'Neill បានបកស្រាយប្រាប់នៅលើគេហទំព័រ clevelandclinic ឱ្យដឹងថា សារជាតិចិញ្ចឹម និងប្រឆាំងអុកអ៊ីតកម្ម មាននៅក្នុងមើមខ្ញី អាចជួយទៅដល់សរីរាង្គកាយរួមមាន៖
១. បំបាត់ការឈឺចាប់៖ ខ្ញីស្រស់មានសមាសធាតុដ៏មានឥទ្ធិពលមួយហៅថា gingerol ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយអង់ស៊ីមរលាក។ ចំណុចពិសេសនេះ ត្រូវផ្សារភ្ជាប់ទាក់ទងនឹងការកាត់បន្ថយ ឬទប់ស្កាត់ការរលាក និងបំបាត់ការឈឺចាប់ ជាពិសេស ការឈឺចាប់ពេល មានរដូវ និងជំងឺរលាកសន្លាក់ផងដែរ។
២. គ្រប់គ្រងជាតិស្ករក្នុងឈាម៖ O'Neill បាននិយាយបន្តថា ខ្ញីអាចកាត់បន្ថយអង់ស៊ីមបំបែកកាបូអ៊ីដ្រាត ជួយដល់ការរំលាយអាហារមានជាតិស្ករ។ កត្តានេះ ទើបបានជាខ្ញីអាចមានសមត្ថភាពរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យនៅថេរ ទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺបេះដូង។
៣. កាត់បន្ថយការចង្អោរ៖ ការទទួលទានតែខ្ញីក្តៅឧណ្ហៗ អាចជួយបំបាត់អាការក្អួតចង្អោរ ចាញ់កូនមានបញ្ហាក្រពះពោះវៀន និងអាចជាផ្នែកមួយជួយសម្រួលដល់បញ្ហារាគក្អួតចង្អោរអំឡុងពេលពុលអាហារ។
៤. បញ្ចុះជាតិខ្លាញ់មិនល្អ៖ មានការសិក្សាមួយបានរកឃើញថា ការទទួលតែខ្ញីជារៀងរាល់ថ្ងៃ អាចធ្វើឱ្យថយចុះនៃកម្រិតទ្រីគ្លីសេរីត កូលេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុលអាក្រក់ (ដែលគេស្គាល់ថាជា lipoprotein ដង់ស៊ីតេទាប ឬ LDL) បន្ទាប់ពីអនុវត្តន៍បាន ៤៥ថ្ងៃ។ ជាហេតុជួយឱ្យរក្សាទម្ងន់ រក្សាតុល្យភាពទម្ងន់ និងសម្រួលដល់ចរន្តឈាមរត់ឱ្យមានដំណើរការល្អ។
៥. រារាំងការលូតលាស់បាក់តេរី៖ ធាតុមួយចំនួនដែលមាននៅក្នុងខ្ញី (ដូចជា gingerol) អាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ជំនួយដល់សុខភាពក្រពះពោះវៀន កម្ចាត់សារពុល និងបាក់តេរីមិនល្អដែលអាចកើតមាននៅក្នុងខ្លួន។
លោកស្រី Candace O'Neill ក៏បានបន្ថែមទៀតថា ក្នុងលក្ខខណ្ឌនៃការញុំាខ្ញី គឺមានច្រើនរបៀប ទៅតាមតំបន់ និងការពេញនិយមញុំា ដោយខ្ញីក៏អាចទៅធ្វើម្ហូប ក្រឡុកជាមួយនឹងបន្លែផ្លែឈើធ្វើជាភេសជ្ជៈលាងជាតិពុល ឬយកទៅធ្វើជាតែក៏បាន។ ដោយឡែក ជាការណែនាំ ដើម្បីញុំាខ្ញីបានជាប្រចាំ និងជំនួយដល់សុខភាព លោកស្រីបានណែនាំឱ្យញុំាជាប្រភេទតែ អាចយកខ្ញីជាប្រភេទម្សៅ ឬខ្ញីស្រស់មកឆុងញុំាក៏បាន។
គួរបញ្ជាក់ឱ្យដឹងដែរថា ទោះបីជាខ្ញី មានប្រយោជន៍យ៉ាងនេះក្តី តែក្រុមអ្នកជំនាញមិនណែនាំឱ្យទទួលទាននូវក្នុងកម្រិតហឹរខ្លាំងពេលទេ ព្រោះថា កាលណាបើញុំាខ្ញីលើសបរិមាណរាងកាយត្រូវការប្រតិកម្មរបស់វាក៏អាចធ្វើឱ្យអ្នកទទួលក្អួតចង្អោរ និងច្រាលអាស៊ីតក្រពះដែរ៕
អត្ថបទដោយ៖ ប៉ាវ ភក្តី