ស្បែកខ្មៅស្រអាប់គ្មានសំណើម គឺជារឿងដែលមនុស្សស្រីគ្រប់រូបរស់នៅក្នុងប៉ែកអាស៊ីរមែងតែងមិនចង់ជួបប្រទះឡើយ ដែលនេះជាហេតុនាំឱ្យបងប្អូននារីៗមួយចំនួនព្យាយាមប្រើប្រាស់នូវផលិតផលជាច្រើនប្រភេទ និងចម្រុះគ្នា មិនថាជា ឡេលាយលាបស្បែក ការព្យួរសេរ៉ូម ចាក់ថ្នាំ លេបថ្នាំ នោះទេ ដើម្បីទាញបាននូវពណ៌សម្បុរស ភ្លឺថ្លាស្រស់ស្អាតក្មេងជាងវ័យ។
ដោយឡែក ទាក់ទិនទៅនឹងបម្រើបម្រាស់នូវផលិតផលចម្រុះខាងលើនេះ គឺវាអាចនឹងមានផលប៉ះពាល់ទៅដល់សុខភាពរបស់អ្នកប្រើប្រាស់ផងដែរ ក្នុងលក្ខខណ្ឌមិនសមស្របណាមួយដែលសរីរាង្គកាយមិនអាចទ្រាំទ្របានទៅថ្ងៃអនាគត។ កត្តានេះហើយ ទើបបានជាមានសំណួរមួយបានចោទឡើងថា តើគួរធ្វើយ៉ាងណាដើម្បីទទួលបានស្បែកស្អាតតាមបែបធម្មជាតិដោយពុំធ្វើឱ្យស្បែករងនូវផលប៉ះពាល់?
យោងទៅតាមការចែករំលែករបស់វេជ្ជបណ្ឌិត លីម អាយហ្គេច ឯកទេសជំងឺសើស្បែក មកកាន់ Healthy Cambodia បានពន្យល់ឱ្យដឹងថា សម្រាប់អ្នកដែលមានស្បែកខ្មៅស្រាប់ ហើយប្រសិនបើចង់ឱ្យស្បែករបស់គាត់យ៉ាងហោចណាស់ឱ្យបានភ្លឺរលោងនោះ ទី១យើងមើលដែរថា តើការសម្អាតខ្លួនរបស់គាត់បានត្រឹមត្រូវដែរទេ? ទី២ តើរាល់ថ្ងៃនេះ គាត់បានធ្វើអ្វីខ្លះ ចំពោះស្បែករបស់គាត់?
ហើយចំពោះបុគ្គលមួយចំនួនថែស្បែកបានល្អហើយ តែគាត់ចង់ឱ្យស្បែកល្អជាងនេះ គឺងាយស្រួលនោះទេ ដោយទី១ គាត់ត្រូវប្រើឡេសំណើមសម្រាប់លាបលើស្បែកជាប្រចាំ ព្រោះស្បែករបស់យើងយ៉ាងណាក៏ដោយក៏ត្រូវការការថែទាំឱ្យបានល្អដែរ។ តែមានអ្នកខ្លះគាត់ព្យាយាមថែតែស្បែកមុខទេ ដោយពុំខ្វាយខ្វល់ពីសុខភាពស្បែកនូវផ្នែកផ្សេងទៀតដូចជា ក ដៃជើង ឡើយ ខណៈពេលដែលតាមពិតយើងត្រូវថែទាំងអស់ មិនថាស្បែកកន្លែងណាក៏ត្រូវការដែរ។ ហេតុនេះ វេជ្ជបណ្ឌិត លីម អាយហ្គេច បានការណែនាំពីថា បងប្អូនគួរតែប្រើប្រាស់នូវប្រភេទឡេផ្តល់សំណើមដល់ស្បែក ដែលមានលក់នៅតាមឱសថស្ថាននានា ព្រោះប្រភេទឡេសំណើមនេះ ល្អសម្រាប់ជួយដល់ស្បែក ទាំងការបន្ទន់ស្បែក ធ្វើឱ្យស្បែករលោងជាងមុន និងមិនមានផលប៉ះពាល់សុខភាពស្បែកនោះទេ។
វេជ្ជបណ្ឌិត លីម អាយហ្គេច បានបន្តទៀតថា អ្វីដែលពិសេសនោះ គឺការថែរក្សាស្បែកមុខ និងស្បែកក ក្នុងករណីបើស្បែកមិនមានមុននោះទេ គ្រាន់តែលាបបន្ថែមនូវសេរ៉ូមវីតាមីន C សេរ៉ូមផ្តល់សំណើម។ល។ ជាពិសេសគឺឡេការពារកម្តៅថ្ងៃឱ្យបានល្អ ពីព្រោះថាកម្តៅថ្ងៃអាចធ្វើឱ្យមុខ និងស្បែករបស់យើងជាំជ្រីវជ្រួញ និងកាន់តែឆាប់ចាស់។ ជាឧទាហរណ៍ជាក់ស្តែង ប្រសិនបើនៅប្រទេសគេមិនថាជា ជនជាតិចិន ជប៉ុន កូរ៉េ គេមិនត្រឹមតែប្រើនូវឡេការពារកម្តៅថ្ងៃនោះទេ ពេលចេញក្រៅម្តងៗ គេតែងតែពាក់ ឬយកឆត្រទៅជាមួយជានិច្ច ដើម្បីការពារស្បែកពីការត្រូវពន្លឺព្រះអាទិត្យបន្ថែម។
វេជ្ជបណ្ឌិត លីម អាយហ្គេច ក៏បានបញ្ជាក់បន្ថែមថា ចំពោះអ្នកមានស្បែកខ្មៅតាំងពីក្បាលរហូតដល់ចុងជើងស្រាប់ អាចសង្ឃឹមថាធ្វើឱ្យស្បែកភ្លឺថ្លា តែប្រសិនណាបើឱ្យសតែម្តងមិនអាចទៅរួចទេ ដោយហេតុថា ហ្សែនរបស់យើងបែបណា គឺបែបនោះហើយ មិនអាចផ្លាស់ប្តូរបានទេ គ្រាន់តែធ្វើឱ្យស្បែកភ្លឺថ្លា ឬស្រស់ថ្លាជាងមុនបាន។ ជាឧទាហរណ៍បន្ថែមចំពោះបុគ្គលមួយចំនួនគាត់ទៅព្យួរសេរ៉ូម ប្រើឡេបកស្បែក ដើម្បីឱ្យស គឺនេះគ្រាន់តែជាលទ្ធផលមួយក្នុងរយៈពេលខ្លីប៉ុណ្ណោះ មិនបាន១ជីវិតឡើយ។ ហើយប្រសិនណាគាត់ជ្រើសរើសធ្វើនូវរឿងទាំងអស់នេះ បើគាត់ចង់ឱ្យស្បែកនៅតែសស្អាត គាត់ត្រូវតែធ្វើជាបន្តបន្ទាប់ទៅពេលខាងមុខទៀត។
ក៏៏ប៉ុន្តែនៅក្នុងរឿងរ៉ាវនេះ អាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចប្រចាំខ្លួន និងសុខភាពស្បែកបាន គឺពុំសូវជាល្អប៉ុន្មានទេចំពោះដាក់សេរ៉ូម ប្រសិនជាមិនចាំបាច់ទេមិនបាច់ដាក់ទេ ដោយអាចងាកមក សម្រាកឱ្យបានគ្រប់គ្រាន់ ផឹកទឹកឱ្យបានច្រើន ញ៉ាំបន្លែផ្លែឈើស្រស់ៗឱ្យមានតុល្យភាព បំណុចបន្ទាប់បន្សំអាច វីតាមីន C វីតាមីន E ញ៉ាំជាអាហារបំប៉ន ជាដើម។ ទន្ទឹមនឹងនេះផងដែរ ធ្វើអ្វីក៏ដោយសូមកុំជ្រុលហួសពេក ពីព្រោះថា ប្រសិនបើការទទួលយកនូវសារជាតិវីតាមីន ច្រើនលើសពីតុល្យភាពរាងកាយ វាមានតែធ្វើឱ្យខ្លួនរបស់យើងមានបញ្ហាទៅវិញទេ។
វេជ្ជបណ្ឌិតបានបន្ថែមដែរថា សម្រាប់ស្បែករបស់មនុស្សម្នាក់ៗកុំសង្ឃឹមថា ប្រើថ្ងៃនេះ ស្អែកសភ្លឺស្អាត ពីព្រោះថា កោសិការបស់យើងត្រូវការយៈពេល២៨ថ្ងៃ ដើម្បីឱ្យកោសិកាចាស់ជ្រុះចេញ និងលូតលាស់បានកោសិកាថ្មីទៅតាមស្រទាប់ស្បែក។ ដូច្នេះនៅពេលដែលជ្រុះកោសិកានោះ មិនមែនជ្រុះសកដូចជាពស់តែម្តងទេ គឺជាការជ្រុះនូវប្រភេទកោសិកាស្តើងម្តងបន្តិចៗ ឧទាហរណ៍ចំពោះអ្នកដែលមានបញ្ហាជាំមុខ ឬក៏មានបញ្ហាស្នាមមុន ការព្យាបាលនោះវាអាចនឹងបាត់ ប៉ុន្តែវាត្រូវការពេលវេលាក្នុងធ្វើឱ្យស្បែកជាសះស្បើយ៕