ឪពុកម្ដាយខ្មែរគ្រប់រូបប្រាកដជាចង់ដឹងហើយថា តើគួរដាក់ឈ្មោះកូនបែបណាទើបមានអត្តន័យល្អ និងមានរាសីខ្ពស់? ដូច្នោះប្រសិនបើឪពុកម្ដាយចង់ឱ្យឈ្មោះបុត្រធីតារបស់លោកអ្នកមានអត្តន័យល្អ សម្រាប់ជាឧបនិស្ស័យ នៅពេលពួកគេធំឡើង។ ចូលអានខាងក្រោមនេះ!
បើយោងតាមប្រភព មន្ទីរព័ត៌មានខេត្តបាត់ដំបង បានឱ្យដឹងថា ក្បួនតម្រាដាក់ឈ្មោះកូនតាមថ្ងៃកើត ដែលបានដកស្រង់ពីសៀភៅ «ពិធីរៀប អាពា៍ពិពាហ៍ខ្មែរ» ភាគ១ ។ យោងតាមសៀវភៅនេះ ក្បួនតាំងឈ្មោះមានច្រើនយ៉ាង ដូចជាទក្សាបករណ៍ លេខសាស្រ្ត អាយតនៈ ៦មហាភូត ជាដើម។ ក្បួនតាំងឈ្មោះនេះរៀបរៀងតាមក្បួនទក្សាបករណ៍ សម្រាប់ការប្រសូតក្នុងថ្ងៃទាំង៧។
អត្តន័យក្បួនទន្សាបករណ៍ទាំង៨
‑បរិវារ៖បក្សពួក, មិត្តភក្តិ ,សាច់ញាតិ, កូនចៅ, បរិវារ ,អ្នកតូច
‑អាយុ៖ សុខភាពល្អ, អាយុវែង, សុខកាយសប្បាយចិត្ត
‑តេជ៖ អំណាច, បារមី,ឥទ្ធិពល,កត្តិយស ,ឈ្មោះសម្លេង
‑សិរី៖ សុភមង្គល ,សុវត្តិភាព ,សិរីសួស្តី, អសង្ហារិមទ្រព្យ ,ជោគលាភ ,មន្តស្នេហ៍
‑មូលៈ៖ទ្រព្យសម្បត្តិ,លុយកាក់, មាសប្រាក់ ,ផលប្រយោជន៍ ,មរតក, ផលកម្រៃ ,ជោគជ័យ
‑ឧស្សាហៈ៖ សេចក្តីឧស្សាហ៍, តស៊ូ, ពុះពារ, ព្យាយាម ,អត់ធ្មត់ ,ទទួលខុសត្រូវ
‑មន្រ្តី៖ ការឧត្ថម្ភ, ជ្រោមជ្រែង ,លើកស្ទួយ,សង្គ្រោះ ,ការងារ
-កាឡកិណី៖ ស៊យ ,អពមង្គល, ឧបសគ្គ ,គ្រោះថ្នាក់ ,សត្រូវ ,ហាយនភាព
១‑ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃអាទិត្យ
ការតាំងឈ្មោះបុគ្គលដែលកើត ថ្ងៃអាទិត្យ តាមក្បួនបោរាណាចារ្យនិយមបដិបត្តិមកគឺ ធ្វើតាមទក្សាកំណើតគឺ៖ បរិវារ អាយុ តេជៈ សិរី មន្រ្តី ឧស្សាហៈ និងមូលៈ ព្រោះជាហេតុនៃស្រោមគ្រោះ ។ ប៉ុន្តែហាមដាក់ឈ្មោះអក្សរកាឡិណី (គ ម ស ហ ឡ) ៥តួនេះព្រោះហេតុជាបាបគ្រោះ។
២‑ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃចន្ទ័
ហាមដាក់ឈ្មោះអក្សរជាកាឡកិណី អ ១តួនេះ ព្រោះជាហេតុនៃបាបគ្រោះ។
៣‑ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃអង្គារ
ហាមដាក់ឈ្មោះអក្សរជាកាឡកិណី (ក ខ គ ឃ ង) ៥តួនេះ ព្រោះជាហេតុនៃបាបគ្រោះ។
៤‑ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃពុធ
ក្បួនសម្រាប់អ្នកកើតពេលយប់ ហាមដាក់ឈ្មោះអក្សរជាកាឡកិណី (ច ឆ ជ ឈ ញ) ៥តួនេះ ព្រោះជាហេតុនៃបាបគ្រោះ។ ចំណែកអ្នកកើតពេលថ្ងៃវិញ ហាមដាក់ឈ្មោះអក្សរជាកាឡកិណី (ប ផ ព ភ ម) ព្រោះជាហេតុនៃបាបគ្រោះ។
៥‑ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃព្រហស្បតិ៍
ហាមដាក់ឈ្មោះអក្សរជាកាឡកិណី (ត ថ ទ ធ ន) ៥តួនេះ ព្រោះជាហេតុនៃបាបគ្រោះ។
៦‑ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃសុក្រ
ហាមដាក់ឈ្មោះអក្សរជាកាឡកិណី (យ រ ល វ) ៤តួនេះ ព្រោះជាហេតុនៃបាបគ្រោះ។
៧‑ក្បួនឈ្មោះសម្រាប់អ្នកកើតថ្ងៃសៅ
ហាមដាក់ឈ្មោះអក្សរជាកាឡកិណី (ដ ឋ ឌ ឍ ណ) ៥ តួនេះ ព្រោះជាហេតុនៃបាបគ្រោះ ។
ប្រភព៖មន្ទីរព័ត៌មានខេត្តបាត់ដំបង
អត្ថបទដោយ៖ Daddy_Rath (ប៉ាប៉ារតន៍)