ចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែមរួច គិតថានេះគឺជាពេលវេលាមួយដែលពិបាកណាស់ទៅហើយពីថែរក្សាខ្លួនមិនឲ្យប៉ះទង្គិចពីរបស់អ្វីមួយ ពិសេសក្នុងការតមនូវចំណីអាហារផ្សេងៗដើម្បីទប់ស្កាត់ពីជំងឺមួយនេះកុំឲ្យកាន់តែរីករាលដាលទៅមុខទៀត។ តាមរយៈកិច្ចសម្ភាសន៏មួយលោកវេជ្ជបណ្ឌិតមិញ ចាន់ភក្ដី ឯកទេសផ្នែកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមដែលធ្លាប់បម្រើការនៅមន្ទីពេទ្យពហុព្យាបាលអន្ដរជាតិ ខេមា ហើយបច្ចុប្បន្នកំពុងបម្រើការនៅ Sky Family Clinic ក៏បានលើកពីអាហារដែលអ្នកកើតជំងឺទឹកនោមផ្អែមគួរចៀសវាងកុំឱ្យជំងឺទ្រុឌទ្រោម៖
-បាយស៖ បាយសគឺមានបរិមាណគ្លុយកូស(ជាតិស្ករ)ខ្ពស់ដែលប៉ះពាល់ខ្លាំងចំពោះអ្នកជំងឺទឹកនោមផ្អែម ព្រោះបាយសងាយនឹងបំបែកជាតិស្ករទៅក្នុងខ្លួនយ៉ាងឆាប់រហ័ស។ យល់ល្អលោកសូមណែនាំឲ្យអ្នកជំងឺងាកមកញុំាបាយអង្ករសម្រូបវិញ ព្រោះបាយអង្ករសម្រូបនេះវាបញ្ចេញនូវបរិមាណជាតិស្ករតិច បើធៀបនឹងអង្ករសរធម្មតា។
-ដំឡូង៖ ចំពោះមើមដំឡូងគឺវាមានជាតិស្ករខ្ពស់ ប្រសិនបើញុំាវា វាបង្កើនជាតិស្ករខ្លំាងនៅក្នុងឈាមហេតុនេះជាហានិភ័យចំពោះអ្នកកើតជំងឺទឺកនោមផ្អែម។
-អាហារបំពង៖ អាហារដែលមានជាតិខ្លាញ់ដូចជា ចេកចៀន ដំឡូងចៀន ស្លាបមាន់បំពង...ពួកវាសម្បូរដោយបរិមាណកាឡូរីខ្ពស់ និងខ្លាញ់ឆ្អែតដែលធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមរឹតតែបង្ករផលប៉ះពាល់ខ្លាំងចំពោះពួកគាត់។ ក្រៅពីអាហារខាងលើនេះក៏មានអាហារជាច្រើនទៀតដែលបង្កផលប៉ពាល់ខ្លាំងចំពោះអ្នកកើតជំងឺទឹកនោមផ្អែមផងដែរដូចជា ស៊ុត មី គុយទាវ នំខេក ក្រែម និងទឹកក្រូច... ។
លើសពីនេះអ្នកជំងឺទឹកនោមផ្អែមគួរងាកមកបរិភោគអាហារដែលល្អសម្រាប់ពួកគេវិញមានដូចជា បន្លែបៃតង ត្រី គ្រឿងសមុទ្រ ផ្សិត ក្រូច ចេក និងឪឡឹកជាដើម។
ជាសារចុងក្រោយលោកវេជ្ជបណ្ឌិតសូមក្រើនរំលឹកទៅកាន់ប្រជាជនខ្មែរទាំងអស់ឲ្យចិត្ដទុកដាក់ចំពោះការញុំាចំណីអាហារ ព្រោះវាមានសារៈសំខាន់ណាស់ចំពោះសុខភាពហើយប្រសិនបើយើងជ្រើសរើសវាមិនបានត្រឹមត្រូវទេវានឹងបង្ករឲ្យយើងធ្លាក់ក្នុងជំងឺដ៏ច្រើនមុខជាមិនខាន។
អត្ថបទដោយ៖ ភី សៅឌី