ជំងឺសរសៃឈាមបេះដូង គឺជាក្រុមជំងឺដែលមានការប៉ះពាល់ ទាំងបេះដូង និងប្រព័ន្ធសរសៃឈាមបេះដូង ហើយជាប្រភេទជំងឺដ៏គ្រោះថ្នាក់ ដែលបានសម្លាប់មនុស្សអស់រាប់សិបម៉ឺននាក់ក្នុងមួយឆ្នាំ ៗ ។ កត្តាដំណពូជ ត្រូវបានមើលឃើញថា ជាមូលហេតុដ៏ចម្បង ដែលនាំឲ្យកើតជំងឺបេះដូងសរសៃឈាមនេះ ។ កត្តាដំណពូជ គឺចង់សំដៅដល់ សមាជិកគ្រួសារ រួមមានឪពុកម្ដាយ ឬជីជូន ជីតា ដែលធ្លាប់កើតកើតជំងឺបេះដូងដូចជា ជំងឺខ្សោយបេះដូង គាំងបេះដូង ដាច់សរសៃឈាម និងជំងឺលើសសម្ពាធឈាមជាដើម ។ តែជាសំណាងល្អ មានការសិក្សាថ្មីៗនេះ បានរកឃើញថា ទម្លាប់ញ៉ាំអាហារទាំង៥ខាងក្រោម អាចជួយលោកអ្នកកាត់បន្ថយហានិភ័យក្នុងការកើតជំងឺបេះដូងសរសៃដែលបណ្ដាលមកពីកត្តាដំណពូជនេះ ។
១. ប្រើប្រេង អូលីវ៖ ជាប្រភេទខ្លាញ់ល្អសម្រាប់សុខភាព មានសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដ៏ល្អ ។ យោងតាមលទ្ធផលនៃការសិក្សាដែលត្រូវបានចុះផ្សាយក្នុងទស្សាវដ្ដីសុខភាព Clinical Nutrition បានលើកឡើងថា ការប្រើប្រាស់ប្រេងអូលីវ ចន្លោះពី១,៥ ទៅ ២,២៥ ស្លាបព្រា ក្នុងមួយថ្ងៃ បានជួយកាត់បន្ថយការកើតជំងឺសរសៃឈាមបេះដូង និងអាចការពារការដាច់សរសៃឈាមផងដែរ ។
២. ទម្លាប់ញ៉ាំផ្លែឈើ៖ ផ្លែឈើសម្បូរដោយវីតាមីនច្រើនប្រភេទ មានជាតិសសៃ និងជាតិរ៉ែ ដែលបានផ្ដល់គុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ជាពិសេសសុខភាពបេះដូង និងសរសៃឈាមតែម្ដង។
៣. ទម្លាប់ញ៉ាំតែបៃតង៖ មានការសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំរតែបៃតងចន្លោះពី១ទៅ៣កែវក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការកើតជំងឺបេះដូងសរសៃឈាមបាន បើប្រៀបធៀបជាមួយអ្នកដែលមិនមានទម្លាប់ញ៉ាំតែបៃតងជាប្រចាំ ។
៤. កាត់បន្ថយជាតិអំបិល៖ ការមានទម្លាប់ញ៉ាំប្រៃ គឺជាមូលហេតុដ៏ចម្បងដែលបង្កឲ្យកើតជំងឺលើសសម្ពាធឈាម និងជំងឺសរសៃឈាមបេះដូង ។ យោងតាមអង្គការសុខភាពពិភពលោក ការញ៉ាំជាតិអំបិលឲ្យតិចជាង ៥ក្រាមក្នុងមួយថ្ងៃ បានជួយដល់សុខភាពបេះដូង។
៥. ជៀសវាងអាហារមួយចំនួន៖ អាហារមានជាតិខ្លាញ់ខ្ពស់ អាហារកំប៉ុង និងអាហារខ្លោចជាដើម សុទ្ធតែជាមួយហេតុនាំឲ្យកើតជំងឺបេះដូង និងសរសៃឈាម។ ស្របពេលជាមួយគ្នានេះ លោកអ្នកគួរទម្លាប់ញ៉ាំ សាច់ត្រី ស៊ុត គ្រាប់ធញ្ញជាតិ និងបន្លែចម្រុះឲ្យបានជាប្រចាំ៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.eatthis.com