អាជ្ញាធរបានចេញធ្វើការប្រកាសអាសន្នសុខភាព ខណៈរលកកម្ដៅបោកបក់ពាសពេញខេត្តជាច្រើន នៅប្រទេសថៃ ដោយសីតុណ្ហភាពខ្ពស់បំផុតត្រូវបានគេព្យាករណ៍នឹងឡើងដល់៥០អសង្សាសេ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងសង្កាត់បាងណា នៃទីក្រុងបាងកក ផ្អែកតាមការឱ្យដឹងពីប្រភពបាងកកផុស។
លោកវេជ្ជបណ្ឌិត Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសុខភាពសាធារណៈបាននិយាយថា កម្ដៅរដូវក្តៅខ្លាំងអាចប៉ះពាល់ដល់សុខភាពមនុស្ស ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺពីកំណើត។ ជាពិសេសកម្មករដែរធ្វើការនៅក្រៅ ប្រឈមនឹងការខ្សោះជាតិទឹក បែកញើសច្រើនពេក និងអាចធ្វើឱ្យមានការអស់កម្លាំងជាដើម។
វេជ្ជបណ្ឌិត បានបន្តទៀតថា ស្ថានភាពធ្ងន់ធ្ងរបំផុត អាចវិវត្តទៅជាជំងឺដាច់សរសៃឈាមដោយតែរងកម្ដៅក្ដៅខ្លាំងក្នុងរយៈពេលយូរពេក។ គាត់ថាលើកឡើង កម្ដៅចាប់ពី៤១អង្សាសេ ឬខ្ពស់ជាងេះ គឺមានគ្រោះថ្នាក់ ព្រោះវាអាចបណ្ដាលឱ្យមានការរមួលក្រពើ ស្ពឹកប្រពន់តាមរាងកាយ និងអាចកើតទៅជាជំងឺ Heat stroke ផងដែរ។ ជំងឺ Heat stroke គឺជាជំងឺដែលទាក់ទងនឹងកំដៅដ៏ធ្ងន់ធ្ងរបំផុត។ វាកើតឡើងនៅពេលដែលរាងកាយមិនអាចគ្រប់គ្រងសីតុណ្ហភាពរបស់វាបាន។ ជំងឺនេះមានអាការដូចជា វិលមុខ ស្រេកទឹកខ្លាំងខុសធម្មតា បែកញើសខ្លាំង ខ្សោយ រកក្អួតចង្អោរ... ហើយជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើព្យាបាលមិនទាន់ពេល។
វេជ្ជបណ្ឌិតរូបនេះ ណែនាំឱ្យពលរដ្ឋគួរផឹកទឹកឱ្យបានច្រើនជាទៀងទាត់ កុំរងចាំរហូតដល់ស្រេកទើបផឹក និងគួរចៀសវាការផឹកតែ កាហ្វេ ភេសជ្ជៈមានជាតិអាល់កុលច្រើននៅរដូវក្ដៅ និងគួរព្យាយាមកុំនៅហាលថ្ងៃក្ដៅយូរ។
គួរឱ្យដឹងផងដែរ ការព្យាករណ៍សីតុណ្ហភាពនៅប្រទេសថៃនឹងអាចបំបែកកំណត់ត្រាឡើងកម្ដៅដល់៥០អង្សាសេ នៅរដូវក្ដៅនេះ ដែលកន្លងមកធ្លាប់បានបំបែកកំណត់ត្រាក្ដៅបំផុតក្នុងប្រទេស ឡើងដល់៤៤.៦អង្សាសេ កាលពីឆ្នាំ២០១៦៕
អត្ថបទដោយ៖ Senghong