កីឡា
បុគ្គលវៃឆ្លាតសុខចិត្តចំណាយពេលហាត់ប្រាណ ប្រសើរជាងចំណាយលុយ និងពេលដេកឈឺលើគ្រែ
Vuthea Morn
October 28 2020
20.3 K views

បុគ្គលជោគជ័យជាច្រើន ទោះជាខិតខំរកស៊ី រវល់សឹងរកពេលគ្មានយ៉ាងណាក៏ដោយ ពួកគេបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃ មិនសូវខកខាននោះទេ។ ព្រោះសុខភាពល្អ ជាសក្តានុពល ឬជារឿងចម្បងមិនអាចខ្វះបានសម្រាប់ពួកគេ ដើម្បីជាទុនក្នុងការធ្វើកិច្ចការងារផ្សេងៗទៀតបាន។ បើសុខភាពមិនល្អ ឧស្សាហ៍ឈឺ តើយើងមានកម្លាំង និងថាមពលឯណា ទៅបំពេញកិច្ចការនោះ។

កត្តាសំខាន់នេះហើយបានជាបុគ្គលវៃឆ្លាតជាច្រើន សុខចិត្តចំណាយពេល​ប្រចាំថ្ងៃត្រឹម៣០នាទី ឬច្រើនជាងនេះ ដើម្បីធ្វើលំហាត់ប្រាណ ដើម្បីសុខភាពរឹងមាំ ជាជាងចំណាយលុយ និងពេលវេលាដ៏ច្រើនដេកឈឺនៅលើគ្រែ។

អ្នកកុំភ្លេចថា នៅពេលដេកឈឺនៅលើគ្រែ មានហានិភ័យខ្ពស់ណាស់សម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។ បើអ្នកធ្លាក់ខ្លួនឈឺធ្ងន់មិនអាចធ្វើការប្រចាំថ្ងៃបានបាត់បង់ចំណូលប្រចាំថ្ងៃ ត្រូវការលុយចំណាយលើជំងឺ ចុះបើអ្នកជា​ជំហរគ្រួសារបាននរណារ៉ាប់រង​ចិញ្ចឹមគ្រួសាររបស់អ្នក នោះវានឹងទាញគ្រួសារអ្នកធ្លាក់ក្នុងស្ថានភាពអាក្រក់មិនខានឡើយ។ អ្នកអាចសង្កេតមនុស្សជុំវិញខ្លួនដែលធ្លាក់ខ្លួនកើតជំងឺធ្ងន់ តើគ្រួសារគេលំបាកប៉ុណ្ណា ចំណាយលុយអស់ច្រើនប៉ុន្មាន?

ម្យ៉ាងវិញទៀត យើងមិនគួរបូជាជីវិតដើម្បីតែលុយនោះទេ បើអ្នកខំប្រឹងរកលុយ តែបែរជាធ្លាក់ខ្លួនឈឺពាក់កណ្តាលផ្លូវ តើអ្នកអាចដើរដល់ក្តីស្រមៃ​បានដែរឬទេ ប្រាកដជាមិនបាននោះទេ ហើយអ្វីៗដែលអ្នកខំរកទាំងប៉ុន្មាននឹងបាត់បង់ទៅវិញជាមួយជំងឺអ្នកជាមិខាន។

មានបុគ្គលជោគជ័យច្រើនណាស់ មិនទាន់បាន​បំពេញកិច្ចការចប់សព្វគ្រប់ផង ត្រូវមានបញ្ហាសុខភាព ដូច្នេះអ្វីៗខំកសាងបែរជារលាយទៅវិញអស់ ជាក់ស្តែងដូចជាស្ថាបនិកក្រុមហ៊ុន Apple លោកស្ទីវ ចប ស្លាប់ដោយសារជំងឺមហារីក ខណៈលោកកំពុងទទួលបានជោគជ័យខ្លាំងលើមុខជំនួញ។ មានលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ិន ស៊ូអាបេ ទើបលាលែងពីតំណែថ្មីៗនេះ ព្រោះតែមានបញ្ហាសុខភាព មិនអាច​ដឹកនាំកិច្ចការងារបាន។

ជាការពិតណាស់ បើអ្នកចង់សម្រេចក្តីស្រមៃការងារដំបូង ត្រូវថែទាំសុខភាពអ្នកឱ្យល្អ តាមរយៈការ​ជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ សំរាកគ្រប់គ្រាន់ លំហាត់ប្រាណជាប្រចាំ និងទៅពិនិត្យសុខភាពឱ្យបាន៦ខែ ឬ១ឆ្នាំម្តង។ ហើយបើអ្នកចំណាយពេល​ហាត់ប្រាណប្រចាំថ្ងៃ អ្នកនឹងមិនចំណាយពេល និងលុយដ៏ច្រើន ដើម្បីដេកឈឺនៅលើគ្រែក្នុងជីវិតអ្នកនោះទេ៕

អត្ថបទដោយ៖ម៉ន វុទ្ធា                            

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1467

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia