ជឿថាមនុស្សគ្រប់គ្នា មិនថាបុរសឬស្រ្តីនោះទេគ្មាននរណាចង់ឱ្យស្បែកមុខខ្លួនឯងខ្មៅស្រអាប់ ឡើងមុន ជាំ និងអាចម៌រុយនោះឡើយ។ យ៉ាងណាមិញមិនថាស្បែកមុខឬស្បែកខ្លួននោះទេ ស្អាតឬមិនស្អាត សឬខ្មៅ គឺអាស្រ័យនៅលើការថែទាំ ថ្នាក់ថ្នមរបស់យើង។ ប្រសិនជាយើងម្នាក់ៗមានការថែទាំបានល្អ ច្បាស់ណាស់ថាស្បែកមុខរបស់យើងនិងមានសុខភាពល្អ ទោះមិនសខ្លាំងក៏គ្មានមុនគ្មានជាំនិងស្នាមអាចម៌រុយដែរ។ ប៉ុន្តែបើថែទាំមិនបានល្អវិញនោះ ទោះស្បែកមុខសល្អស្អាតមកពីកំណើតក៏អាចប្រែទៅជាអាក្រក់បានដែរ។ ដូច្នេះ ចាបបៃតងនឹងមកចែករំលែកតិចនិកក្នុងការថែរក្សាស្បែកមុខប្រចាំថ្ងៃឱ្យមានសុខភាពល្អ និងភ្លឺរលោង។
ទម្លាប់ទីមួយ៖ រាល់ព្រឹកពេលភ្ញាក់ពីគេង មុនពេលហាត់ប្រាណ ឬចេញទៅក្រៅ ដំបូងគឺលាងមុខជាមួយហ្វូម បន្ទាប់មកជូតមុខជាមួយសំឡីជូតមុខដើម្បីជម្រុះកោសិកាចាស់ងាប់ៗនៅលើស្បែកមុខ បន្ទាប់មកប្រើទឹក Toner ដើម្បីការពារស្បែកមុខពីការរលាកឬប្រតិកម្ម រួចលាបសេរ៉ូមដើម្បីផ្តល់សំណើមដល់ស្បែកមុខ ជួយឱ្យស្បែកមុខភ្លឺរលោង និងមានសំណើម។ និងចុងក្រោយ លាបឡេការពារកម្តៅថ្ងៃ ដើម្បីការពារស្បែកមុខពីកាំរស្មីយូវី និងជាតិកង្វក់ពីបរិយាកាស។
ទម្លាប់ទីពីរ៖ ពេលយប់ មុនពេលចូលគេង លាងមុខជាមួយហ្វូម បន្ទាប់មកប្រើទឹក Toner រួចលាបសេរ៉ូមមុខដូចពេលព្រឹកដែរ។ បន្ទាប់ពីលាបសេរ៉ូមរួច ធ្វើការបិទម៉ាសមុខ ពីព្រោះអត្ថប្រយោជន៍នៃការបិទម៉ាសនៅពេលយប់គឺវាជួយបឺតជាតិពុល ជាតិកខ្វក់ និងធូលីដីចេញពីមុខបានល្អ និងជួយឱ្យមុខរបស់យើងភ្លឺរលោងមានសំណើមកាន់តែខ្លាំងផងដែរ។ ចំពោះការបិទម៉ាស គឺបិទចន្លោះពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ មានន័យថាបិទមួយថ្ងៃខានមួយថ្ងៃ។ បន្ទាប់ពីបិទម៉ាសរួចរាល់ គឺលាបជាមួយឡេការពារស្បែកមុខពេលយប់រួចចូលគេង។
ទម្លាប់ទីបី៖ ជាទម្លាប់ពិសេស ចំពោះថ្ងៃណាដែលមានកម្មវិធី ឬថ្ងៃណាដែល ត្រូវផាត់មុខ make up ក្រាស់ៗ គឺមុនពេល make up ត្រូវប្រើស្រ្កាប់មុខ ពីព្រោះការស្រ្កាប់មុខមុនពេលផាត់មុខ គឺវាជួយឱ្យម្សៅឬគ្រឿងផាត់មុខដែលយើងត្រូវលាបចូលទៅក្នុងស្បែកមុខបានល្អ និងជាប់បានយូរ។ បន្ទាប់ពីចប់កម្មវិធី ឬចង់សម្អាត make up ចេញពីមុខវិញ ត្រូវជូតមុខជាមួយទឹក removed make up បន្ទាប់មកប្រើជាមួយ cleansing oil មួយជាន់ទៀតដើម្បីសម្អាតមុខឱ្យកាន់តែស្អាត។ បន្ទាប់មកជូតមុខជាមួយ Toner រួចលាបសេរ៉ូម។ បញ្ជាក់៖ ចំពោះថ្ងៃណាដែលស្បែកមុខរបស់អ្នក make up ក្រាស់ៗពេញមួយថ្ងៃ នៅពេលយប់អ្នកមិនចាំបាច់លាបឡេថែរក្សាស្បែកមុខនោះទេ គ្រាន់តែលាងយសម្អាតមុខឱ្យស្អាតដូចរៀបរាប់ខាងលើ និងលាបសេរ៉ូមទៅបានហើយ ព្រោះទុកពេលឱ្យស្បែកមុខរបស់យើងបានសម្រាក និងការពារកុំឱ្យស្ទះរន្ធញើស។
គូសបញ្ជាក់ផងដែរ ប្រសិនជាអ្នកមិនទាន់រកឃើញទម្លាប់ក្នុងការថែរក្សាស្បែកមុខរបស់អ្នកទេ អ្នកអាចជ្រើសប្រើទម្លាប់ នេះបាន។ ជាធម្មតាស្បែកមុខរបស់មនុស្សម្នាក់ៗគឺមានសភាពខុសប្លែកពីគ្នា ដូច្នេះប្រសិនជាអ្នកចង់ដឹងថាទម្លាប់ដែលរៀបរាប់ខាងលើមានប្រសិទ្ធភាពចំពោះស្បែកមុខអ្នកឬអត់ អាចយកទៅសាកអនុវត្តសិនបាន។ បានផលយ៉ាងណាកុំភ្លេចប្រាប់អេតមីនផងណា!
អត្ថបទដោយ៖ មឿន គន្ធា