បើយោងតាមប្រភព VNexpress បានឱ្យដឹងថា ជំងឺរលាកស្រោមខួរ (Fungal Meningitis) គឺជាជំងឺដែលកើតឡើងបន្ទាប់ពីការវះកាត់កែសម្ផស្ស ឥឡូវនេះកំពុងផ្ទុះឡើងនៅក្នុងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលអាចបណ្តាលឱ្យក្តៅខ្លួន ឈឺក្បាល និងអាចស្លាប់បាន។
ជាការពិតណាស់ នៅក្នុងសហរដ្ឋអាមេរិកមានមនុស្សយ៉ាងហោចណាស់ចំនួន០២នាក់បានស្លាប់ និងមនុស្សចំនួន១៧នាក់កំពុងស្ថិតក្នុងករណីសង្ស័យថា មានជំងឺរលាកស្រោមខួរបន្ទាប់ពីការវះកាត់កែសម្ផស្សនៅគ្លីនិកក្នុងប្រទេសម៉ិកស៊ិក។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ក៏បានបញ្ជាក់ដែលថា ចំនួនមនុស្សជាង ២០០នាក់នៅទូទាំងប្រទេសបានទទួលការវះកាត់ស្រដៀងគ្នារវាងថ្ងៃទី០១ ខែមករាដល់ថ្ងៃទី១៣ ខែឧសភា។ ពួកគេទាំងអស់សុទ្ធតែអាចមានហានិភ័យ។
គួរជម្រាបថា ជំងឺរលាកស្រោមខួរ គឺជាការឆ្លងមេរោគដែលប៉ះពាល់ជាមួយសារធាតុរាវ និងស្រោមខួរចំនួន០៣ ដែលការពារខួរក្បាល និងខួរឆ្អឹងខ្នង។ បើយោងតាម CDC របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ជំងឺរលាកស្រោមខួរកើតឡើងបន្ទាប់ពីមនុស្សម្នាក់បានឆ្លងមេរោគផ្សិតដែលរាលដាលដល់ខួរក្បាល ឬខួរឆ្អឹងខ្នង។ ចំពោះរោគសញ្ញានៃជំងឺរលាកស្រោមខួរអាចលេចឡើងក្នុងរយៈពេលច្រើនសប្ដាហ៍បន្ទាប់ពីឆ្លងរួមមាន គ្រុនក្ដៅ ឈឺក្បាល ចង្អោរ ក្អួត រឹងក ងាយចាញ់នឹងពន្លឺ និងការផ្លាស់ប្ដូរស្ថានភាពផ្លូវចិត្ត។
នៅក្នុងនោះដែរ CDC របស់សហរដ្ឋអាមេរិក បាននិយាយថា មានផ្សិតជាច្រើនប្រភេទដែលមានភាពតូចពិបាកមើលដោយភ្នែកទទេ ធ្វើឱ្យវាងាយស្រួលចូលតាមផ្លូវដង្ហើមរបស់មនុស្ស។ ប៉ុន្តែជំងឺរលាកស្រោមខួរមិនឆ្លងពីមនុស្សទៅមនុស្សទេ។ ទោះបីជាកម្រក៏ដោយ តែការផ្ទុះឡើងនៃជំងឺរលាកស្រោមខួរតែងកើតឡើងបន្ទាន់ពីនីតិវិធីចេជ្ជសាស្ត្រ និងការវះកាត់។
ដើម្បីធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកស្រោមខួរ គ្រូពេទ្យរបស់អ្នកនឹងយកសំណាក់ឈាម ឬសារធាតុរាវ cerebrospinal ដើម្បីយកមកធ្វើតេស្តរកមេរោគផ្សិត។ បើយោងតាម CDC ប្រសិនបើការធ្វើតេស្តមានភាពវិជ្ជមាន អ្នកជំងឺនឹងត្រូវបានផ្ដល់ថ្នាំប្រឆាំងនឹងមេរោគក្នុងកម្រិតខ្ពស់តាមសរសៃឈាមដួចជា amphotericin B ដែលបញ្ឈប់ការលូតលាស់នៃផ្សិត។ បន្ទាប់មក អ្នកជំងឺនឹងត្រូវបានផ្ដល់ថ្នាំដូចជា Itraconazole ឬ Fluconazole។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមិនមានការណែនាំជាក់លាក់ណាមួយសម្រាប់រយៈពេលនៃការប្រើថ្នាំនោះទេ។ វេជ្ជបណ្ឌិតភាគច្រើននឹងចេញវេជ្ជបញ្ជាអាស្រ័យលើប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ។
បច្ចុប្បន្នមិនមានទិន្នន័យអំពីចំនួនមនុស្សដែលស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺរលាកស្រោមខួរផ្សិតនោះទេ។ បើទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកសុខភាពសាធារណៈនិយាយថា ជំងឺនេះអាចបង្កឱ្យស្លាប់បាន ប្រសិនបើមិនមានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
ការស្រាវជ្រាវដែលបានចេញផ្សាយក្នុងឆ្នាំ២០១៧បង្ហាញអំពី ការផ្ទុះឡើងនៅរដ្ឋ Virginia បានរកឃើញថា៩.៦%នៃអ្នកដែលមានជំងឺរលាកស្រោមខួរផ្សិតបានស្លាប់ បើទោះបីជាបន្ទាប់ពីទទួលការព្យាបាលក៏ដោយ។
អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺពីរនាក់ដែលបានស្លាប់នៅក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្នគឺ អ្នកស្រី Shyanne Medrano អាយុ៣១ឆ្នាំមកពីរដ្ឋHouston ។ នាងចាប់ផ្តើមមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីបានទៅមន្ទីរពេទ្យ K3 Clinica ក្នុងខែមីនា។ ប៉ុន្មានសប្តាហ៍ក្រោយមក Medrano ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានរកឃើញថា នាងមានកំណកឈាម។ នៅថ្ងៃទី១៦ ខែឧសភា ពីរខែបន្ទាប់ពីធ្វើរោគវិនិច្ឆ័យ រួចនាងក៏បានទទួលមរណភាព។
គួរជម្រាបថា បច្ចុប្បន្ននេះមិនទាន់មានវ៉ាក់សាំងប្រឆាំងនឹងជំងឺរលាកស្រោមខួរផ្សិតនៅឡើយទេ។ CDC បានណែនាំឱ្យមានការប្រុងប្រយ័ត្នមួយចំនួនដូចជា ចៀសវាងកន្លែងដែលមានធូលីច្រើមន ចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយភាពកខ្វក់ ដោយមិនប្រើវិធានការការពារដូចជា ពាក់ម៉ាស់ សម្អាតរបួសស្បែកដោយទឹកក្តៅ និងសាប៊ូដើម្បីការពារការឆ្លង។