កាលពីជំនាន់មុនបញ្ហាជំងឺទឹកនោមផ្អែម ច្រើនកើតមានចំពោះមនុស្សវ័យចំណាស់អាយុចាប់ពីខ្ទង់៤០ឆ្នាំឡើង ដោយឡែកនាសព្វថ្ងៃនេះ ប្រភេទជំងឺទឹកនោមផ្អែមទី ២ ត្រូវបានជំនាញរកឃើញថា អាចកើតមានក៏អាចកើតចំពោះមនុស្សដែលមានអាយុ ២០ ឆ្នាំ ដោយ វេជ្ជបណ្ឌិត Dheeraj Kapoor ឯកទេសផ្នែក Endocrinology បានពន្យល់ថា ជំងឺទឹកនោមផ្អែមប្រភេទទី២នេះ គឺជាជំងឺកើតឡើងមកបណ្ដាលមករបៀបរស់នៅសុទ្ធសាធ ដោយសារការញ៉ាំខុស និងការធ្វើលំហាត់ប្រាណ ឬសកម្មភាពតិចជាប្រចាំថ្ងៃ។
ជាទូទៅបញ្ហាជំងឺទឹកនោមផ្អែម ត្រូវបានគេដឹងនូវអាការចម្បងៗមួយចំនួនរួមមានដូចជា នោមញឹកខុសប្រក្រតី ស្រកទម្ងន់គ្មានមូលហេតុ អស់កម្លាំង ងាយវិលមុខ ឬអាចដួសសន្លប់ក៏មានដោយសារពុំមានតុល្យភាពជាតិស្ករក្នុងខ្លួន។
ដោយឡែក ចំពោះអាការចម្បង១ផ្សេងទៀត ដែលអ្នកជំនាញសង្កេតឃើញថា អាចលេចឡើងនូវពេលកើតជំងឺទឹកនោមផ្អែមដំបូងនោះគឺ ការស្រេកទឹកច្រើនហួសហេតុ។ ចំពោះមូលហេតុដែលធ្វើឱ្យកោសិការាងកាយ ត្រូវការទឹកច្រើនយ៉ាងនេះ គឺបណ្ដាលមកពីតម្រងនោម ត្រូវបានបង្ខំឱ្យធ្វើការបន្ថែមម៉ោងដើម្បីត្រង និងស្រូបយកជាតិស្ករដែលលើសដែលមាននៅក្នុងខ្លួនអ្នកជំងឺ។ នៅពេលដែលតម្រងនោមមិនអាចគ្រប់គ្រងបាន ជាតិគ្លុយកូសលើសត្រូវបានបញ្ចេញទៅក្នុងទឹកនោម ដោយអូសតាមសារធាតុរាវចេញពីជាលិកា ធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនលឿន នឹងធ្វើឱ្យមានអារម្មណ៍ស្រេកទឹកជាជាងធម្មតា។
យ៉ាងណាមិញ ក្នុងករណីបែបនេះ អ្នកជំនាញបានប្រាប់នូវដំណោះស្រាយផងដែរថា អ្នកជំងឺទឹកនោមផ្អែម ប្រសិនណាបើមានពិនិត្យដឹងច្បាស់ ខ្លួនកំពុងកើតជំងឺនេះហើយ រឿងដែលត្រូវធ្វើដំបូងគេនោះគឺការផ្លាស់ប្តូរទម្លាប់រស់នៅ និងរបបអាហារ។ ដោយទម្លាប់ទាំងនោះតម្រូវឱ្យអ្នកជំងឺញុំានូវក្រុមបន្លែបៃតងឱ្យបានច្រើន ញុំាប្រភេទផ្លែឈើដែលមិនប៉ះពាល់កម្រិតជាតិស្ករក្នុងខ្លួណ កំណត់បរិមាណបាយស កម្រិតមធ្យម ញុំាទឹកយ៉ាងតិចចំនួន៨កែវក្នុង១ថ្ងៃ គេងឱ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ ឬសកម្មភាពបន្ថែម៕
អត្ថបទដោយ៖ ប៉ាវ ភក្តី