កូវីដ១៩នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះហាក់មានសភាពធ្ងន់ធ្ងរដោយបានរកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន៩នាក់ មាន៦នាក់ជាបុគ្គលិកហាងpedroសាខាវិថីព្រះសីហនុ និងមាន៣នាក់ជាករណីនាំចូលដែលធ្វើដំណើរពីប្រទេសអាមេរិក។
ហើយមុននេះបន្តិច ប្រមុខដឹកនាំរបស់ប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារជាសម្លេងដល់ក្រសួងពាក់ព័ន្ធនឹងសាធារណៈជនឱ្យដឹងពីស្ថានភាពកូវីដ១៩នៅពេលនេះ ហើយនៅក្នុងនោះអ្វីដែលសម្តេចទទូច ហើយទទូចទៀតដល់អ្នកជំងឺកូវីដ១៩ទាំងអស់ដែលជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍២៨វិច្ឆិកា មេត្តាបំភ្លីពីសកម្មភាពរបស់ខ្លួនយ៉ាងស្មោះត្រង់ទៅកាន់ក្រសួង កុំលាក់លៀម ហើយកុំធ្វើដូចមិនចង់ប្រាប់ក្រសួង។
សម្តេចសូមអំពាវនាវដល់អ្នកទាំងនេះ សូមមេត្តាយោគយល់ផ្តល់នូវចម្លើយដ៏ជាក់លាក់ច្បាស់លាស់ តើក្នុងរយៈពេលកន្លងទៅនេះបានជួបជាមួយអ្នកណាខ្លះ បានធ្វើអ្វីខ្លះ ហើយបានទៅទីណាខ្លះ ព្រោះបញ្ហានេះគឺជាពន្លឺសំខាន់សម្រាប់ការរុករកនិងផ្តាច់ឬសគល់នៃការឆ្លងចូលសហគមន៍។ នេះគឺជាកាតព្វកិច្ចចាំបាច់ដែលអ្នកទាំងនេះត្រូវឆ្លើយឱ្យត្រង់ បើមិនដូច្នេះទេនឹងរាលដាលចូលសហគមន៍រហូតគ្រប់គ្រងលែងបាន មិនតែប៉ុណ្ណោះមានហានិភ័យដល់គ្រួសារខ្លួនឯង និងប្រជាជនក្នុងសហគមន៍ទាំងមូលទៀតផង។
អត្ថបទដោយ៖ អឿ ស្រីហួយ