បញ្ហាសុខភាព ត្រូវបានគេមើលឃើញថាជាបញ្ហាចម្បងដ៏សំខាន់មួយ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រសិនបើសុខភាពមិនល្អ វានឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់យើង ខាតទាំងពេល និងលុយកាក់សម្រាប់ព្យាបាល។ ក្រឡេកមកមើលពលរដ្ឋខ្មែរយើងវិញ មានភាគរយតិចបំផុតដែលពួកគាត់បានទៅពិនិត្យសុខភាពជាទៀងទាត់ ហេតុនេះហើយបានជា ពួកគាត់ធ្លាក់ខ្លួនឈឺធ្ងន់រហូតពិបាកព្យាបាលឱ្យមានសុខភាពល្អដូចដើម។ ក្រុមការងារ Healthy Cambodia បានជួបសម្ភាសផ្ទាល់ទាក់ទងបញ្ហាសុខភាព ជាមួយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។
ឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី មានប្រសាសន៍ថា «ជាទូទៅការពិនិត្យសុខភាព អាស្រ័យលើប្រទេសនីមួយៗ អាចចន្លោះ៦ខែពិនិត្យម្តង ឬ១ឆ្នាំពិនិត្យម្តង។ សម្រាប់ប្រទេសមានការអភិវឌ្ឍន៍គេតែង ពិនិត្យជាទៀងទាត់ ៦ខែម្តង ឱ្យតែជិតដល់ការកំណត់ពិនិត្យជំងឺ ពេទ្យតែងផ្ញើលិខិតណាត់ជួបដល់ផ្ទះហើយ។ ហើយការពិនិត្យសុខភាពមាត់ធ្មេញ យ៉ាងតិចត្រូវពិនិត្យ៦ខែម្តង»។
លោកវេជ្ជបណ្ឌិតបានបន្តថា «សម្រាប់ភាគរយនៃចំនួនពលរដ្ឋខ្មែរដែលពិនិត្យសុខភាពជាប្រចាំ សឹងតែគ្មាន បើគិតអត្រាអ្នករៀនសូត្រចេះដឹងវិញ ប្រហែលមានត្រឹម១០ភាគរយ។ តែបើតាមខ្ញុំដឹង ទូទៅមិនសូវមានការចាប់អារម្មណ៍ ទោះជាមានលុយកាក់ក៏ដោយ ព្រោះគិតថា សុខភាពល្អហើយមិនអីទេ ចាំធ្វើទុក្ខ ចាំទៅព្យាបាលតែម្តង។ តែទិដ្ឋាភាពជាក់ស្តែង នៅពេលជំងឺចេញរោគសញ្ញា ឬធ្វើទុក្ខ មានន័យថាយឺតពេលហើយ វាមិនល្អទេ ព្រោះពិបាកព្យាបាល និយាយជារួមជំងឺអ្វីក៏ដោយ ឱ្យតែចេញសញ្ញាហើយគឺលំបាកព្យាបាលណាស់»។
ដូច្នេះ បានជាគេឱ្យទៅពិនិត្យសុខភាព តាមដាន ផ្នែកសំខាន់ៗនៃរាងកាយយើង តាំងពីបំពងក ថ្លើម ក្រពះ តើចំណុចណា ត្រូវពិនិត្យប៉ុន្មានដងខ្លះ? ហើយទាំងអស់នេះ យើងដឹងនៅពេលទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យ ជួនកាលយើងស្ទាបប៉ះពាល់ចំណុចប្លែកៗនៃរាងកាយខ្លួនឯងមិនដឹងទេ ដោយសារយើងប៉ះពាល់រាល់ថ្ងៃហើយ តែបើគ្រូពេទ្យគេអាចដឹង ថាយើងអាចមានរោគសញ្ញាអ្វី ឬទើបចាប់ផ្តើមកើតនូវជំងឺណាមួយ ងាយស្រួលការពារទុកមុខ។ ហើយបើយើងមិនពិនិត្យទាន់ពេល អាចយឺតពេល ព្យាបាលលែងកើតតែម្តង ដោយសារតែដំណាក់កាលជំងឺក្លាយ ឆ្លងរីករាលដាល ឬដល់ដំណាក់កាលធ្ងន់ធ្ងរមើលលែងជា។
ត្រង់ចំណុចនេះសំខាន់ណាស់ សម្រាប់ពលរដ្ឋខ្មែរយើង។ តែការពិនិត្យសុខភាពជាប្រចាំ៦ខែ ឬ១ឆ្នាំម្តងនឹង ផ្នត់គំនិតនឹង មិនត្រឹមតែពលរដ្ឋខ្មែរមិនសូវដឹងទេ សូម្បីតែគ្រូពេទ្យខ្លួនឯងផ្ទាល់ មិនសូវខ្វល់ មិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ប៉ុន្មានទេ ព្រោះគ្រូពេទ្យពីដើមៗ និងជំនាន់ក្រោយៗនេះ អត់មានវប្បធម៌ដាស់តឿន កាន់បញ្ជីត្រឹមត្រូវ ពន្យល់បញ្ហាខាងលើមិនសូវមាននោះទេ។
ជុំវិញបញ្ហានេះ ស្រុកគេនិយមការពារ ឬពិនិត្យសុខភាពមុន តែស្រុកយើងស្ទើរតែអត់ ហើយចូលចិត្តតែព្យាបាល បន្ទាប់ពីជំងឺកើតឡើងហើយ។ បើយើងចំណាយលុយវិញ គឺការការពារចាយលុយតិច តែបើចំណាយលើការព្យាបាលគឺអស់ច្រើនណាស់ ហើយអត្រាស្លាប់វិញក៏ខ្ពស់ដែរ។
លោកឧកញ៉ាវេជ្ជបណ្ឌិត បានបញ្ជាក់ថា «មូលហេតុដែលពលរដ្ឋខ្មែរ មិនសូវពិនិត្យសុខភាពខ្លួនឯង កត្តាទី១៖ តាំងពីដើមមក ពេទ្យយើងមិនសូវជាអំណោយផល មានន័យថា គាត់មិនសូវទូលំទូលាយ មានសូវរាក់ទាក់ មិនសូវណែនាំ មិនសូវប្រាប់ មិនសូវបញ្ជាក់។ ទី២៖ ពួកគាត់មិនដែលមានសំណុំរឿង ឬបញ្ជីព័ត៌មានទិន្នន័យអ្នកជំងឺត្រឹមត្រូវដែលអាចឱ្យអ្នកជំងឺទៅម្តងហើយ ទៅលើកក្រោយមានសំណុំរឿង ឬព័ត៌មានចាស់នោះទេ។ ហើយទី៣៖ គ្រូពេទ្យ មិនសូវចាប់អារម្មណលើទិន្នន័យខាងលើ ហើយយល់ថាខាតពេល មិនពន្យល់ដល់អ្នកជំងឺ ព្រោះខាតពេល ពន្យល់ទៅ ពលរដ្ឋមិនព្រមធ្វើតាមជាដើម។
ថែមពីលើនេះ ពលរដ្ឋយើងគឺគាត់អត់ដឹងរឿងនេះតែម្តង ព្រោះគ្រូពេទ្យណាក៏មិនដែលប្រាប់ ក្នុងសាលាក៏មិនដែលប្រាប់ ទៅណាមកណា ក៏គ្មាននរណាប្រាប់ វាហាក់ដូចជារបស់ថ្មី។
សម្រាប់ប្រទេសកម្ពុជាយើង និងប្រទេសក្រីក្រមួយចំនួន មានអត្រាការស្លាប់ ជំងឺឆ្លង ជំងឺរុំាងរ៉ៃ ជំងឺមហារីក និងជំងឺផ្សេងៗមានច្រើន ដោយសារយើងមិនពិនិត្យមុនឱ្យបានទៀងទាត់៦ខែ ឬ១ឆ្នាំម្តង។ ឧទាហរណ៍៖ ជំងឺមហារីកស្ត្រី ជំងឺសុដន់ បើយើងអត់ពិនិត្យ ពេលចេញរោគសញ្ញាមក គឺយឺតពេលហើយ ព្រោះឆ្លងបាត់ហើយ។ ហើយការពិនិត្យមុននេះ គឺជាផ្នត់គំនិតគ្រឹះរបស់ពេទ្យដែលគេដាស់តឿនឱ្យពលរដ្ឋពិនិត្យសុខភាពឱ្យបានទៀងទាត់ ព្រោះរដ្ឋាភិបាលមិនចង់ចំណាយលុយមើលអ្នកជំងឺទេ ព្រោះត្រូវចំណាយច្រើន ហើយបើពលរដ្ឋឈឺវិញ មានបញ្ហាប៉ះទង្គិចច្រើនដល់គ្រួសារ និងសង្គម។
លោកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរទៅពិនិត្យសុខភាពយ៉ាងតិច១ឆ្នាំម្តង ចៀសវាងមានជំងឺធ្ងន់ធ្ងរ ពិបាកព្យាបាល ឬអាចនាំឱ្យហួសពេលពិបាកព្យាបាល ចំណាយលុយច្រើន ហើយណាមួយយើងពិនិត្យសុខភាពមុន ចំណាយលុយតិច ជាងការព្យាបាលពេលជំងឺកើតឡើង ខាតពេលវេលាច្រើន ហើយប៉ះពាល់ដល់ជីវិតគ្រួសារ និងសង្គមទៀតផង។ ដូច្នេះការពិនិត្យសុខភាពជាទៀងទាត់ ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់សុខភាពយើង៕
អត្ថបទដោយ៖ ម៉ន វុទ្ធា