បច្ចុប្បន្ននេះមនុស្សជាតិយើងបានកំពុងប្រឈមមុខក្នុងការកើតជម្ងឺជាច្រើនប្រភេទ ប៉ុន្តែមានជម្ងឺមួយចំនួនអាចត្រូវបានជៀសវាងមិនឲ្យកើតបាន ដោយការចាក់វ៉ាក់ស៊ាំងដើម្បការពារ ។ ថ្ងៃនេះ Healthy Cambodia នឹងនាំលោកអ្នកមកដឹងពីការចាក់វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយចំពោះស្រ្តីមានផ្ទៃពោះ ដោយធ្វើការដកស្រង់ចេញពីគេហទំព័ររបស់ www.familydoctor.org ។ ការចាក់វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយ គឺជាមធ្យោបាយដ៏ល្អមួយដើម្បីការពារខ្លួនពីការកើតជម្ងឺផ្ដាសាយ ប៉ុន្តែថាតើស្ត្រីមានផ្ទៃពោះអាចចាក់វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយបានឫទេ ? ហើយអាចចាក់វ៉ាក់ស៊ាំងនេះបាននៅពេលណា?
ការចាក់វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយចំពោះស្រ្តីមានផ្ទះពោះ មិនត្រឹមតែអាចការពារស្រ្តីជាម្ដាយតែប៉ុណ្ណោះទេ តែថែមទាំងអាចការពារទារកក្នុងផ្ទៃពោះបានរហូតដល់៦ខែទៀតផង។ ក្នុងកំឡុងពេលមានផ្ទៃពោះ ទោះមានសុខភាពល្អធម្មតាក៏ដោយ អ្នកម្ដាយគួរចាក់វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយ ព្រោះបើស្រ្តីមានផ្ទៃពោះកើតជម្ងឺផ្ដាសាយវាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃបាន ។ ហើយអាចចាក់ក្នុងត្រីមាសទីមួយ ។
ទោះបីការចាក់វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយជារឿងល្អសម្រាប់ស្រ្តីមានផ្ទៃពោះ ប៉ុន្តែលោកអ្នកគប្បីប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន ។ ការចាក់វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយចំពោះស្រ្តីមានផ្ទៃ គឺមានសុវត្ថិភាព ហើយអាចធ្វើការបំបៅដោះកូនជាធម្មតាបាន ។ ប្រសិនបើលោកអ្នក មិនបានចាក់វ៉ាក់ស៊ាំងការពារជម្ងឺផ្ដាសាយក្នុងកំឡុងពេលមានផ្ទៃពោះទេ លោកអ្នកអាចចាក់ការពារក្រោយសម្រាលកូនក៏បាន ទោះលោកអ្នកបំបៅកូនដោយទឹកដោះក៏ដោយ ។ ជាការកត់សម្គាស់ ការចាក់វ៉ាក់ស៊ាំងត្រូវបានធ្វើឡើងនៅពេលអ្នកមានសុខភាពល្អជាធម្មតា ហើយវាអាចមានផលរំខានខ្លះៗ ដូចជា ឈឺសាច់ដុំ ឈឺក្បាល ក្ដៅខ្លួន អស់កម្លាំង និងក្អូតចង្អោ ។ ត្រូវចាំថា ផលរំខានទាំងនេះ មានលក្ខណៈមិនធ្ងន់ធ្ងរទេ ប៉ុន្តែ ក្នុងករណីធ្ងន់ធ្ងរត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ៕
អត្ថបទដោយ៖ ហួ ភារ៉ា