ជំងឺ
វេជ្ជបណ្ឌិតគួច ម៉េងលី៖ ពលរដ្ឋខ្មែរគួរពិនិត្យសុខភាព រយៈពេល៦ខែ ឬ១ឆ្នាំឱ្យបានម្តង
Vuthea Morn
July 13 2020
1.6 K views

បញ្ហាសុខភាព ត្រូវ​បានគេមើលឃើញថា​ជាបញ្ហាចម្បងដ៏សំខាន់មួយ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រសិនបើសុខភាពមិនល្អ វានឹង​មានផលប៉ះពាល់យ៉ាងខ្លាំង​​ដល់យើង​ ខាតទាំងពេល និងលុយកាក់សម្រាប់ព្យាបាល។ ក្រឡេកមក​មើលពលរដ្ឋខ្មែរយើងវិញ មាន​ភាគរយ​តិចបំផុត​ដែលពួកគាត់​បាន​ទៅពិនិត្យសុខភាពជាទៀងទាត់ ហេតុនេះហើយបានជា​ ពួកគាត់ធ្លាក់ខ្លួនឈឺធ្ងន់រហូត​ពិបាកព្យាបាលឱ្យ​មានសុខភាពល្អដូចដើម។ ក្រុមការងារ Healthy Cambodia បាន​ជួបសម្ភាសផ្ទាល់ទាក់ទង​បញ្ហាសុខភាព ជាមួយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។


ឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី មានប្រសាសន៍​ថា «ជាទូទៅ​ការពិនិត្យសុខភាព​ អាស្រ័យលើ​ប្រទេសនីមួយៗ អាច​ចន្លោះ៦ខែពិនិត្យម្តង ឬ១ឆ្នាំពិនិត្យម្តង។ សម្រាប់ប្រទេស​មានការអភិវឌ្ឍន៍គេតែង ពិនិត្យជាទៀងទាត់​ ៦ខែម្តង ឱ្យតែជិតដល់​ការកំណត់​ពិនិត្យជំងឺ ពេទ្យ​តែងផ្ញើ​លិខិត​​ណាត់​ជួប​ដល់ផ្ទះហើយ។ ហើយការពិនិត្យសុខភាពមាត់ធ្មេញ យ៉ាងតិចត្រូវពិនិត្យ​៦ខែម្តង»។

លោកវេជ្ជបណ្ឌិតបានបន្តថា «សម្រាប់​ភាគរយនៃចំនួនពលរដ្ឋខ្មែរដែលពិនិត្យសុខភាពជាប្រចាំ សឹងតែគ្មាន បើ​គិតអត្រា​អ្នករៀនសូត្រចេះដឹងវិញ ប្រហែលមានត្រឹម១០ភាគរយ។ តែបើតាមខ្ញុំដឹង ​ទូទៅមិនសូវមានការចាប់អារម្មណ៍ ទោះជាមានលុយកាក់ក៏ដោយ ព្រោះគិតថា សុខភាព​ល្អហើយមិនអីទេ ចាំ​ធ្វើទុក្ខ ចាំទៅព្យាបាលតែម្តង។ តែទិដ្ឋាភាពជាក់ស្តែង នៅពេល​ជំងឺ​ចេញរោគសញ្ញា ឬធ្វើទុក្ខ មានន័យថាយឺតពេលហើយ វាមិនល្អទេ ព្រោះពិបាកព្យាបាល និយាយជារួមជំងឺអ្វីក៏ដោយ ឱ្យតែចេញសញ្ញាហើយគឺលំបាកព្យាបាលណាស់»។

ដូច្នេះ បានជាគេឱ្យ​ទៅពិនិត្យសុខភាព តាមដាន ផ្នែកសំខាន់ៗនៃរាងកាយយើង តាំងពីបំពងក ​ថ្លើម ក្រពះ តើ​ចំណុចណា ត្រូវពិនិត្យប៉ុន្មានដងខ្លះ? ហើយទាំងអស់នេះ យើងដឹងនៅពេលទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យ ជួនកាលយើង​​ស្ទាបប៉ះពាល់ចំណុចប្លែកៗនៃរាងកាយខ្លួនឯងមិនដឹងទេ ដោយសារយើងប៉ះពាល់រាល់ថ្ងៃហើយ តែបើ​គ្រូពេទ្យគេអាចដឹង ថាយើង​​​អាចមានរោគសញ្ញាអ្វី ឬ​​ទើបចាប់ផ្តើមកើតនូវជំងឺណាមួយ ងាយស្រួលការពារទុកមុខ។ ហើយបើយើង​មិនពិនិត្យទាន់ពេល អាច​យឺតពេល ព្យាបាលលែងកើតតែម្តង ដោយសារតែដំណាក់កាលជំងឺក្លាយ​ ឆ្លងរីករាលដាល ឬដល់ដំណាក់កាលធ្ងន់ធ្ងរមើលលែងជា។

ត្រង់ចំណុចនេះសំខាន់ណាស់ សម្រាប់ពលរដ្ឋខ្មែរយើង។ តែការពិនិត្យសុខភាពជាប្រចាំ​៦ខែ ឬ១ឆ្នាំម្តងនឹង ផ្នត់គំនិតនឹង មិនត្រឹមតែពលរដ្ឋខ្មែរមិនសូវដឹងទេ សូម្បីតែគ្រូពេទ្យខ្លួនឯងផ្ទាល់ មិនសូវខ្វល់ មិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ប៉ុន្មានទេ ព្រោះគ្រូពេទ្យពីដើមៗ និងជំនាន់ក្រោយៗនេះ អត់មានវប្បធម៌ដាស់តឿន កាន់បញ្ជីត្រឹមត្រូវ ពន្យល់បញ្ហាខាងលើមិនសូវមាននោះទេ។

ជុំវិញបញ្ហានេះ ស្រុកគេនិយម​ការពារ ឬពិនិត្យសុខភាពមុន តែស្រុកយើងស្ទើរតែអត់ ហើយចូលចិត្តតែព្យាបាល បន្ទាប់ពីជំងឺកើតឡើងហើយ។ បើយើង​ចំណាយលុយវិញ គឺ​ការ​ការពារចាយលុយតិច តែបើចំណាយលើ​ការព្យាបាលគឺអស់ច្រើនណាស់ ហើយអត្រាស្លាប់វិញក៏ខ្ពស់ដែរ។

លោកឧកញ៉ាវេជ្ជបណ្ឌិត បានបញ្ជាក់ថា «មូលហេតុដែលពលរដ្ឋខ្មែរ មិនសូវពិនិត្យសុខភាពខ្លួនឯង កត្តាទី១៖ តាំងពីដើមមក ពេទ្យយើងមិនសូវជាអំណោយផល មានន័យថា គាត់​មិនសូវទូលំទូលាយ​ មានសូវរាក់ទាក់ មិនសូវណែនាំ មិនសូវប្រាប់ មិនសូវបញ្ជាក់។ ទី២៖ ពួកគាត់មិនដែលមានសំណុំរឿង ឬបញ្ជីព័ត៌មានទិន្នន័យអ្នកជំងឺត្រឹមត្រូវដែលអាចឱ្យអ្នកជំងឺ​ទៅម្តងហើយ ទៅលើកក្រោយមានសំណុំរឿង ឬព័ត៌មាន​ចាស់នោះទេ។ ហើយទី៣៖ គ្រូពេទ្យ មិនសូវចាប់អារម្មណលើ​​​ទិន្នន័យខាងលើ ហើយយល់ថាខាតពេល មិនពន្យល់ដល់អ្នកជំងឺ ព្រោះខាតពេល ពន្យល់ទៅ ពលរដ្ឋមិនព្រមធ្វើតាមជាដើម។

ថែមពីលើនេះ ពលរដ្ឋយើងគឺគាត់អត់ដឹងរឿងនេះតែម្តង ព្រោះគ្រូពេទ្យណាក៏មិនដែលប្រាប់ ក្នុងសាលាក៏មិនដែលប្រាប់ ទៅណាមកណា ក៏គ្មាននរណាប្រាប់ វាហាក់ដូចជារបស់ថ្មី។

សម្រាប់ប្រទេសកម្ពុជាយើង និងប្រទេសក្រីក្រមួយចំនួន មានអត្រាការស្លាប់ ជំងឺឆ្លង ជំងឺរុំាងរ៉ៃ ជំងឺមហារីក និងជំងឺផ្សេងៗមានច្រើន ដោយសារយើងមិន​ពិនិត្យ​មុនឱ្យបានទៀងទាត់៦ខែ ឬ១ឆ្នាំម្តង។ ឧទាហរណ៍៖ ជំងឺមហារីកស្ត្រី ជំងឺសុដន់ បើយើងអត់ពិនិត្យ ពេលចេញ​រោគសញ្ញាមក គឺ​យឺតពេលហើយ ព្រោះឆ្លងបាត់ហើយ។ ហើយការពិនិត្យមុននេះ គឺជាផ្នត់គំនិតគ្រឹះរបស់ពេទ្យដែលគេដាស់តឿនឱ្យពលរដ្ឋពិនិត្យសុខភាពឱ្យបានទៀងទាត់ ព្រោះរដ្ឋាភិបាល​មិនចង់​ចំណាយលុយមើល​អ្នកជំងឺទេ ព្រោះត្រូវចំណាយច្រើន ហើយបើពលរដ្ឋឈឺវិញ មាន​បញ្ហាប៉ះទង្គិចច្រើនដល់គ្រួសារ និងសង្គម។

ចំណែកវ៉ាក់សុំាងវិញ កំឡុងពេលមានផ្ទៃពោះ ម្តាយត្រូវចាក់វ៉ាក់សុំាង ជំងឺផ្តាសាយធំ តេតាណុស ក្អកមាន់ ការលាកបំពងក រលាកសួត។ ហើយនៅពេល​កូនកើតមកភ្លាម គេចាក់​ថ្នាំវ៉ាក់សុំាងរបែងមុនគេ ថ្នាំស្វីតដៃជើង(បន្តក់ថ្នាំ) និងថ្លើមប្រភេទ B។ បន្ទាប់ពី​៦អាទិត្យ គេចាក់ថ្នាំតេតាណុស ក្អកមាន់ និងខាន់ស្លាក់ បើកំឡុងមានផ្ទៃពោះយើងមិនបានចាក់​។ ដល់​អាទិត្យទី១០ យើងចាក់វ៉ាក់សុំាងម្តងទៀតមាន៖ ថ្នាំស្វីតដៃជើង តេតាណុស ក្អកមាន់ ខាន់ស្លាក់ និងថ្លើមប្រភេទ B ហើយចាក់ថ្នាំប្រភេទនេះម្តងទៀតនៅអាទិត្យទី១៤។ វាមិនសូវស្មុគស្មាញទេ ដោយសារតែនៅមណ្ឌលសុខភាព មានតារាង​ប្រភេទថ្នាំត្រូវចាក់ និង​ពេលវេលាត្រូវចាក់ច្បាស់លាស់ ងាយស្រួលដល់​ឪពុកម្តាយ​ចាំណាំ។

លោកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរទៅពិនិត្យសុខភាពយ៉ាងតិច១ឆ្នាំម្តង ចៀសវាង​មានជំងឺធ្ងន់ធ្ងរ ពិបាកព្យាបាល​ ឬអាចនាំឱ្យហួសពេលពិបាកព្យាបាល ចំណាយលុយច្រើន ហើយណាមួយយើង​ពិនិត្យសុខភាពមុន ចំណាយលុយតិច ជាង​ការព្យាបាលពេលជំងឺកើតឡើង ​ខាតពេលវេលាច្រើន ហើយប៉ះពាល់ដល់ជីវិតគ្រួសារ និងសង្គមទៀតផង។ ដូច្នេះ​ការពិនិត្យសុខភាពជាទៀងទាត់ ពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់សុខភាពយើង៕

អត្ថបទដោយ៖ ម៉ន វុទ្ធា



Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1463

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia