អាហារ
លក្ខណៈពិសេសនៃការញុំាម្រេច ទោះបីញុំាតិចតែអាចជំនួយដល់សុខភាពសរីរាង្គកាយជាច្រើនផ្នែក

ម្រេចខ្មៅ គឺជាប្រភេទគ្រឿងទេសផ្ទះបាយមួយប្រភេទដែលគេនិយមប្រើបំផុតនៅទូទាំងពិភពលោក ខណៈម្រេចក៏ត្រូវបានចាត់ឈ្មោះជា ស្តេចនៃគ្រឿងទេស ដោយមានការប្រើ​ប្រាស់ក្នុងជួរឱសថបុរាណប្រចាំប្រទេសឥណ្ឌា (Ayurvedic) អស់រយៈកាលរាប់ពាន់ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ចំពោះអ្នកទទួលទាន បើទោះបីក្នុងបរិមាណតិចតួចក្តី។

ផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ healthline បានលើកឡើងពីគុណសម្បត្តិខ្លឹមៗដែលអាចធ្វើឱ្យមនុស្សនៅបន្តប្រើម្រេច និងជឿលើអត្ថប្រយោជន៍តជំនាន់ សម្រាប់បន្ថែមរសអាហារផង និងញុំាក្នុងគោលបំណងបំប៉នសុខភាពបន្ថែមទៀត៖

១. ជំនួយខួរក្បាល

នៅក្នុងម្រេចខ្មៅ ត្រូវបានគេរកនូវកម្រិតប្រឆាំងអុកស៊ីតកម្មដ៏សម្បូរបែប ជាមួយនឹងប្រភេទវីតាមីនដ៏មានសក្តានុពលសម្រាប់បង្ការរោគសញ្ញាទាក់ទងនឹងស្ថានភាពខួរក្បាលដែលរងការខូចខាតកើតចេញជាជំងឺដូចជាជំងឺវង្វេង និងជំងឺ Parkinson។

ជាឧទាហរណ៍ជាក់ស្តែង បើទៅតាមការសិក្សាលើសត្វកណ្តុរដែលមានជំងឺវង្វេងបានរកឃើញថា កម្រិតសារធាតុដែលមាននៅក្នុងម្រេច អាចធ្វើឱ្យប្រព័ន្ធប្រសាទមានលក្ខណៈប្រសើរឡើង។ ជាងនេះទៀតសោត នៅក្នុងការសិក្សាដោយធ្វើតេស្តទៅសត្វកកេរមួយផ្សេងទៀត គេក៏បានសង្កេតឃើញថា ហាក់ដូចជាមានការកាត់បន្ថយការបង្កើតបន្ទះអាមីឡូអ៊ីដ ដែលជាបណ្តុំក្រាស់នៃបំណែកប្រូតេអ៊ីនដែលបំផ្លាញនៅក្នុងខួរក្បាល ហើយបញ្ហានេះ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺភ្លេចភ្លាំងនេះឯង។

២. កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល

កូលេស្តេរ៉ុលក្នុងឈាមខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង ដែលជាមូលហេតុនាំមុខគេនៃការស្លាប់របស់មនុស្សទូទាំងពិភពលោក។ កត្តានេះហើយទើបបានជាមានការសិក្សាស្រាវជ្រាវជាច្រើនទៅលើរបបអាហារទទួលទានប្រចាំថ្ងៃ ដើម្បីជួយដោះស្រាយនៅការកើនឡើងនៃកម្រិតកូលេស្តេរ៉ុលក្នុងខ្លួនមនុស្ស។ ពាក់ព័ន្ធទៅនឹងបញ្ហានៃរបបអាហារនេះ ម្រេចត្រូវបានគេជ្រើសយកជាគ្រឿងទេសដែលជំនួយបន្ថែមនៅក្នុងមុខម្ហូបជាច្រើន ពីព្រោះថា នៅក្នុងម្រេចក៏មានសក្តានុពលធំក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលដែរ។

នៅក្នុងការសិក្សាមួយរយៈពេល ៤២ថ្ងៃ ទៅលើសត្វកណ្ដុរបានចិញ្ចឹមដោយរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់ បន្ទាប់មកគេក៏បានកែប្រែរបបអាហារសត្វកណ្តុរនោះដោយមានបន្ថែមនូវម្រេចខ្មៅចូលទៅ មួយរយៈក្រោយ កម្រិតកូឡេស្តេរ៉ុលក្នុងឈាម រួមទាំងកូលេស្តេរ៉ុលអាក្រក់ (LDL) ផងនៅក្នុងខ្លួននោះ គឺត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។

៣. គ្រប់គ្រងជាតិស្ករក្នុងឈាមប្រសើរឡើង

ជាការសិក្សាបន្ថែមពីកម្រិតសមត្ថភាពពិសេសនៃម្រេច បង្ហាញឱ្យឃើញបន្តទៀតថា សត្វកណ្ដុរដែលផ្តល់ចំណីចម្រាញ់ពីម្រេចខ្មៅមានការកើនឡើងតិចតួចនៃកម្រិតជាតិស្ករក្នុងឈាម បន្ទាប់ពីស៊ីចំណីដែលមានជាតិស្ករ បើប្រៀបធៀបទៅនឹងសត្វកណ្តុរដែលមិនមានចំណីលាយជាមួយនឹងម្រេច។

ទន្ទឹមនឹងនេះផងដែរ ប្រសិនបើក្រឡេកទៅមើលពីការសិក្សាទៅលើរបបអាហាររបស់មនុស្សវិញ ក៏ត្រូវបានគេសង្កេតឃើញថា ក្នុងចំណោមមនុស្សលើសទម្ងន់ចំនួន ៨៦នាក់ ដែលទទួលទានអាហារបំប៉នដែលមានបន្ថែមនូវសារធាតុម្រេច និងសារធាតុផ្សំផ្សេងទៀតសម្រាប់រយៈពេល ៨សប្តាហ៍បានជួបប្រទះនឹងភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងភាពប្រែប្រួលអាំងស៊ុយលីន ដែលជារង្វាស់នៃរបៀបដែលអរម៉ូនអាំងស៊ុយលីនដកជាតិស្ករចេញពីចរន្តឈាមបានល្អ។

គូសបញ្ជាក់បន្ថែមទៀតថា ម្រេចក៏មានគុណប្រយោជន៍ដទៃទៀតក្នុងការជួយសម្រួលដល់សរីរាង្គកាយទាំងមូលរបស់អ្នកទទួលទានផងដែរ ដោយវានឹងរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាពពោះវៀន បង្កើនការស្រូបយកជីវជាតិពីរបបអាហារទៅបំពេញសរីរាង្គកាយផ្សេង ពង្រឹងប្រព័ន្ធភាពស៊ាំ ទប់ស្កាត់ការកកើតនូវជំងឺមហារីកទៅថ្ងៃអនាគត៕


អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia