ជំងឺ
ងូតទឹកខុសក្បួននាំឱ្យស្ទះចរន្តឈាម! វេជ្ជ.ប្រាប់រឿង៣យ៉ាងត្រូវធ្វើពេលងូតទឹកជំនួយឱ្យឈាមដើរល្អ
Mourn Kunthea
October 19 2022
4.8 K views

និយាយដល់របៀបក្នុងការងូតទឹកនរណាក៏ចេះងូតទឹកដែរ គ្រាន់តែថាមនុស្សម្នាក់ៗមានទម្លាប់ក្នុងការងូតទឹកខុសពីគ្នា អ្នកខ្លះចូលចិត្តងូតទឹកក្តៅ ខ្លះចូលចិត្តទឹកត្រជាក់ ខ្លះងូតទឹកមុនញ៉ាំអាហារ និងខ្លះទៀតងូតទឹកក្រោយញ៉ាំអាហារ។ ប៉ុន្តែបើគិតតាមក្បួនវេជ្ជសាស្រ្ត ការងូតទឹកគឺជារឿងមួយដែលមនុស្សគ្រប់គ្នាគួរយកចិត្តទុកដាក់បំផុត ប្រសិនជាយើងគ្រប់គ្នាមានទម្លាប់ងូតទឹកខុសក្បួនខ្នាត ខុសក្បួនពេទ្យគឺប្រឈមមុខខ្លាំងជាមួយការស្ទះចរន្តឈាម និងខូចប្រព័ន្ធរំលាយអាហារផងដែរ។

ជាការពិតណាស់ បើតាមការឱ្យដឹងពីគេហទំព័រ indianexpress វេជ្ជបណ្ឌិត Dimple Jangda ឯកទេសផ្នែក Ayurveda បានបញ្ជាក់ច្បាស់ៗថា ការងូតទឹកគឺប៉ះពាល់ខ្លាំងបំផុតទៅដល់ប្រព័ន្ធរំលាយអាហារ និងចរន្តឈាមរត់ ដូច្នេះមនុស្សគ្រប់គ្នាគួរយកចិត្តទុកដាក់ក្នុងការងូតទឹកឱ្យត្រូវក្បួន ត្រូវពេលវេលាដូចខាងក្រោម៖

១. ត្រូវផឹកទឹក១កែវមុនងូតទឹក៖ ការផឹកទឹកមួយកែវមុនពេលងូតទឹក គឺជួយបន្ថយ សម្ពាធឈាម នាំឱ្យសរសៃឈាមរីកធំដែលអនុញ្ញាតឱ្យឈាមហូរបានល្អទៅសព្វរាងកាយ និងជំនួយទៅដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អផងដែរ។

២. ហាមងូតទឹកក្រោយញ៉ាំអាហាររួច៖ ការងូតទឹកក្រោយញ៉ាំអាហារគឺធ្វើឱ្យ ប្រព័ន្ធរំលាយអាហារចុះខ្សោយ បណ្តាលឱ្យក្តៅក្នុងក្រពះ និងពោះវៀន រំខាន​ដល់​លំហូរ​ឈាម​ ដែលអាចនាំឱ្យស្ទះចរន្តឈាមបាន។

៣. ចៀសវាងការងូតទឹកក្រោយពេលថ្ងៃលិច៖ រាងកាយរបស់យើងចាប់ផ្តើមត្រជាក់បន្ទាប់ពីថ្ងៃលិច ដែលជាសញ្ញាថាដល់ពេលចូលគេងហើយ។ អ្នកជំនាញបានពន្យល់ថា ការងូតទឹកមុនពេលចូលគេងអាចបិទរន្ធញើសរបស់ស្បែក ដែលជាប់នឹងកំដៅក្នុងខ្លួន។ នេះអាចបណ្តាលឱ្យ ការកើនឡើងនៃសីតុណ្ហភាពរាងកាយ រំខានដល់ដំណេកពេលយប់របស់អ្នក។ ជឿថាមនុស្សសម័យនេះមានតិចណាស់ដែលមានទម្លាប់ងូតទឹកមុនថ្ងៃលិច ពីព្រោះមនុស្សភាគច្រើនសុទ្ធតែរវល់ប្រកបការងាររកស៊ីទាល់តែយប់ទើបមានពេលបានងូតទឹក។ ប៉ុន្តែអ្នកគួរទម្លាប់កំណត់ម៉ោងឱ្យច្បាស់លាស់សម្រាប់ពេលវេលាងូតទឹក មិនគួរងូតយប់ជ្រៅពេកនោះទេ គួរងូតឱ្យបានមុនម៉ោង១០យប់។

មួយវិញទៀត អ្នកត្រូវបែងចែកពេលវេលាឱ្យច្បាស់ ពេលណាគួរងូតទឹកក្តៅ និងពេលណាគួរងូតទឹកត្រជាក់ មិនគួរងូតទៅតាមចិត្តចង់នោះទេ។

១. ពេលវេលាល្អគួរងូតទឹកត្រជាក់

ប្រសិនជាអ្នកមានសុខភាពល្អធម្មតា មិនមានអាការឈឺក្បាលឬក្តៅខ្លួនអីទេ អ្នកគួរងូតទឹកត្រជាក់ល្អជាងទឹកក្តៅពីព្រោះទឹកត្រជាក់គឺវាជួយឱ្យ៖

·  ជួយឱ្យអារម្មណ៍ស្វាហាប់៖ ងូតទឹកត្រជាក់នៅពេលព្រឹកធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្វាងពីដំណេក និងធ្វើឱ្យអ្នកស្វាហាប់ក្នុងការងារផងដែរ។

·  ជួយឱ្យឈាមរត់ស្រួល៖ ងូតទឹកត្រជាក់ ចាក់ទឹកចំកណ្តាលក្បាលរបស់អ្នកនៅរាល់ពេលងូត គឺជួយឱ្យរបត់ឈាមរបស់អ្នករត់បានល្អសព្វរាងកាយ និងធ្វើឱ្យអ្នកមានអារម្មណ៍ថាត្រជាក់ខួរក្បាលផងដែរ។

·  កាត់បន្ថយការឈឺសាច់ដុំក្រោយហាត់ប្រាណ៖ បន្ទាប់ពីហាត់ប្រាណរួចអ្នកគួរតែងូតទឹកត្រជាក់ដើម្បីសម្រួលទៅដល់ចលនាសាច់ដុំឱ្យរត់បានល្អ កុំឱ្យឈឺចាប់សាច់ដុំផងដែរ។

· ​ ជួយសក់និងស្បែកឱ្យភ្លឺថ្លា៖ ការងូតទឹកត្រជាក់ជួយឱ្យស្បែក និងសក់របស់អ្នកមានជីវិត មានជីវជាតិប្រៀបដូចជារុក្ខជាតិត្រូវទឹកភ្លៀង។ ជាពិសេសធ្វើឱ្យស្បែករបស់អ្នកមានសំណើម និងមានជាតិទឹកផងដែរ។

បញ្ជាក់៖ អ្នកមិនគួរងូតទឹកត្រជាក់នៅពេលដែលអ្នកឈឺឬផ្តាសាយនោះទេ ពីព្រោះវាធ្វើឱ្យកម្តៅនៅក្នុងខ្លួនរបស់អ្នកកាន់តែកើនឡើង និងធ្វើឱ្យអ្នកតឹងច្រមុះ ឈឺក្បាលកាន់តែខ្លាំងផងដែរ។

២.​ពេលវេលាគួរងូតទឹកក្តៅឧណ្ហៗ

នៅពេលដែលអ្នកមានអាការក្តៅខ្លួន ឈឺក្បាល និងតឹងច្រមុះជាដើមអ្នកគួរតែងូតទឹកក្តៅពីព្រោះទឹកក្តៅជួយឱ្យអ្នក៖

·  ជួយសម្រួលផ្លូវដង្ហើម៖ នៅពេលអ្នកក្តៅខ្លួន​ តឹងច្រមុះ អ្នកគួរតែងូតទឹកក្តៅឧណ្ហៗពីព្រោះទឹកក្តៅជួយឱ្យអ្នកធូរផ្លូវដង្ហើម និងជួយបញ្ចេញកម្តៅចេញពីខ្លួនផងដែរ។

·  ជួយបំបាត់ជាំ៖ ងូតទឹកក្តៅធ្វើឱ្យរន្ធញើសនៅលើស្បែកបើក ធ្វើឱ្យរលាយជាំ និងស្នាមអុចខ្មៅចេញពីស្បែកផងដែរ។ ប៉ុន្តែអ្នកក៏មិនត្រូវងូតទឹកក្តៅញឹកញាប់ពេកដែរ ហើយពេលងូតត្រូវដឹងពីកម្រិតកម្តៅឱ្យបានច្បាស់។

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia