ការទទួលទានគ្រឿងស្រវឹងជាប្រចាំ គឺជាមូលហេតុចំបងមួយដែលធ្វើឱ្យមានការរលាកថ្លើមស្រួចស្រាវ និងការរលាកថ្លើមរ៉ាំរ៉ៃផងដែរ ប្រសិនបើមិនបានទទួលព្យាបាលឱ្យបានត្រឹមត្រូវនោះទេ វានឹងវិវត្តទៅជាជំងឺក្រិនថ្លើមនិងមហារីករីកថ្លើមផងដែរ នេះបើយោងតាមប្រភពរបស់ មន្ទីពេទ្យកាល់ម៉ែត។
ការពិសាសុរាក្នុងចំនួនច្រើនលើសលប់ ឬប្រចំាថ្ងៃចាប់ពីបរិមាណលើសពី ៣កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះបុរស និងលើសពី ២កែវស្តង់ដារក្នុងមួយថ្ងៃ ចំពោះស្រ្តី គឺអាចបង្កជាការរលាកថ្លើម ។
ចំណាំ៖ (១កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%), 150មល ស្រាក្រហម (អាល់កុល12%), 45-50មល ស្រាwhiskey (អាល់កុល40-45%)
យ៉ាងណាមិញ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពបាងកក បង្ហាញទិន្នន័យថា ការទទួលទានស្រាជាប្រចាំនឹងធ្វើឱ្យប៉ះដល់រាងកាយជាខ្លាំងរួមមាន៖
«ផលប៉ះពាល់ដល់បេះដូង»ត្រូវបានគេរកឃើញថាការផឹកស្រាក្នុងបរិមាណច្រើន នាំឱ្យប៉ះពាល់ដល់សាច់ដុំបេះដូង និងធ្វើឱ្យសាច់ដុំបេះដូងមិនល្អ បង្កឱ្យងាយកើតគាំងបេះដូង
«ផលប៉ះពាល់ដល់ថ្លើម»គេរកឃើញថាការផឹកស្រាអាចនាំឱ្យមានជំងឺក្រិនថ្លើម
«ឥទ្ធិពលនៃជាតិអាល់កុលបណ្តាលឱ្យសរសៃឈាមរីកឡើងធំ ហើយធ្វើឱ្យស្បែកមុខឡើងពណ៌ក្រហម វាបណ្តាលឱ្យរាងកាយបាត់បង់កម្តៅ
«ផលប៉ះពាល់ដល់ខួរក្បាល»ពិតណាស់ជាតិអាល់កុលមានឥទ្ធិពលបង្កឱ្យប៉ះពាល់ដល់ខួរក្បាល ហើយប្រសិនបើអ្នកផឹកស្រាច្រើនវានឹងធ្វើឱ្យចុះខ្សោយដល់ការចងចាំ ការផ្តោតអារម្មណ៍ និងបញ្ហាដទៃៗទៀត
«ផលប៉ះពាល់ដល់ក្រពះ»ដែលអាចបណ្តាលឱ្យមានការរលាកក្រពះភ្លាមបន្ទាប់ពីការផឹកស្រាច្រើន
គួរបញ្ជាក់ថា មន្ទីពេទ្យកាល់ម៉ែត លើកឡើងថា ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការលោកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់ វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។
ដូច្នេះសូមបងប្អូនទាំងអស់គ្នាគួរកាត់បន្ថយការទទួលទានសុរា ព្រោះថាសុរាមិនល្អចំពោះសុខភាពនោះទេ យ៉ាងណាមិញសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ តួយ៉ាងអ្នកត្រូវពិនិត្យរៀងរាល់ ៦ខែ ទៅ ១២ខែម្ដង ដើម្បីតាមដាន និងការពារសុខភាពឱ្យបានល្អប្រសើរ ចាក់ឆ្ងាយពីជំងឺដែលយើងមើលមិនឃើញ។
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍