គិតមកទល់នាពេលបច្ចុប្បន្ននេះ បញ្ហាសុខភាពភ្នែក គ្រប់ប្រភេទកំពុងតែកើតមានឡើងទៅលើក្រុមមនុស្សស្ទើរតែគ្រប់ស្រទាប់ ជាមួយនឹងកត្តាទម្លាប់មិនល្អប្រចាំថ្ងៃ ទាំងការញុំា របៀបរបបអាហារ និងការចំណាយពេលច្រើនពេកនៅមុនអេក្រង់កុំព្យូទ័រ និងទូរស័ព្ទ-ល-។
ផ្អែកទៅតាមប្រភព primeraeyecare បានលើកឡើងពីបញ្ហាចម្បងៗចំនួន៧ ដែលមនុស្សសម័យថ្មីរមែងធ្វើឱ្យភ្នែករបស់ខ្លួនត្រូវរងការខូតខាតពីមួយថ្ងៃទៅថ្ងៃ៖
១. ចំណាយជាលើអេក្រង់ច្រើនពេក៖ ការធ្វើការយូរម៉ោងនៅលើកុំព្យូទ័រ ឬនៅលើទូរស័ព្ទ និងពីមុខអេក្រង់គ្រឿងឧបករណ៍អេឡិចត្រូនិចដទៃទៀត អាចនាំឱ្យភ្នែកស្ងួត ស្រវាំងមើលមិនច្បាស់ និងបញ្ហាសុខភាពភ្នែកផ្សេងទៀត ដោយសារតែកត្តាឧបករណ៍ឌីជីថលបញ្ចេញពន្លឺពណ៌ខៀវ ដែលអាចទៅដល់ស្រទាប់ខាងក្នុងនៃផ្នែកខាងក្រោយនៃភ្នែក (រីទីណា) និងអាចចបំផ្លាញកោសិកានៅក្នុងរីទីណា។ ត្រង់ចំណុចអ្នកជំនាញបានណែនាំឱ្យព្យាយាមងាកចេញពីអេក្រង់រៀងរាល់២០នាទីម្តង សម្លឹងទៅកាន់ផ្នែកផ្សេង និងគួរតែព្រិចភ្នែកយឺតៗប្រហែល ១០ ដងផងដែរ ដើម្បីជួយឱ្យភ្នែកមានសំណើម។
២. ផឹកទឹកតិចពេកក្នុង១ថ្ងៃ៖ ការពិសារទឹកក្នុងបរិមាណតិចពេកក្នុងមួយថ្ងៃ អាចបណ្ដាលឱ្យជួបបញ្ហាខ្សោះជាតិទឹក ឬបាត់បង់អេឡិចត្រូលីតនៅក្នុងខ្លួន។ បញ្ហាខ្សោះជាតិទឹកនេះ នឹងជះផលអាក្រក់ដល់សុខភាពភ្នែក ធ្វើឱ្យភ្នែកងាយឡើងហើយម ស្ងួត ក្រហម-ល-។ នៅក្នុងរាងរបស់មនុស្សប្រសិនចង់ដឹងខ្វះជាតិទឹក ឬមិនខ្វះ គឺអាចសង្កេតទៅលើពណ៌ទឹកនោមបាន ដោយពណ៌ទឹកនោមលឿងខ្លាំងបញ្ជាក់ថា អ្នកកំពុងតែខ្វះជាតិទឹកក្នុងខ្លួនហើយ ក៏ប៉ុន្តែប្រសិនបើមានពណ៌លឿងស្រាលមានន័យថា ជាតិទឹកក្នុងខ្លួនមានតុល្យភាព។
៣. របបអាហារមិនល្អ៖ ប្រភេទអាហារជាតិផ្អែម ប្រៃ ខ្លាញ់ និងកាហ្វេអ៊ីនខ្លាំងពេក អាចនឹងជះផលអាក្រក់ដល់សុខភាពភ្នែក ធ្វើឱ្យភ្នែកងាយស្ងួត កង្វះសារជាតិចិញ្ចឹម និងបំប៉ន។ ដូច្នេះដើម្បីថែភ្នែកឡើងវិញ គួរតែព្យាយាមញុំានូវប្រភេទអាហារសម្បូរទៅវីតាមីនរួមមាន ត្រី បន្លែផ្លែឈើពណ៌ទឹកក្រូច(ដំឡូងជ្វា ការ៉ុត ល្ពៅ ក្រូវ...) បន្លែបៃតង ស៊ុត គ្រាប់ធញ្ញជាតិ និងគ្រឿងសមុទ្រ(អយស្ទ័រ ក្តាម បង្ការ...)។
៤. គេងមិនគ្រប់៖ អ្នកដែលមិនគ្រប់គ្រាន់ ដោយគេងតិចជាង ៦ម៉ោងក្នុង១យប់ ងាយប្រឈមនឹងបញ្ហាភ្នែកខ្លាំងបំផុត ដោយសារកែវភ្នែកពុំមានពេលសម្រាកគ្រប់គ្រាន់ ដើម្បីផលិតនូវទឹករំអិលភ្នែកជាបន្តបន្ទាប់សម្រាប់ការពារភ្នែកឡើយ។
៥. ញីភ្នែកញឹកញាប់ពេក៖ ទម្លាប់ញី ឬត្រដុសភ្នែកញឹកញាប់ ត្រូវបានអ្នកជំនាញចាត់ចូលជាទម្លាប់គ្រោះថ្នាក់មួយដែលបង្កឱ្យភ្នែក ងាយរងជំងឺរលាក និងឆ្លងបាក់តេរីតាមរយៈដៃមិនស្អាត។
៦. ជក់បារី៖ អ្នកទម្លាប់ជក់បារីជាប្រចាំថ្ងៃ គឺប្រឈមមុខខ្លាំងទៅនឹងហានិភ័យនៃការធ្លាក់ខ្សោយសមត្ថភាំពភ្នែកពីមួយថ្ងៃមួយថ្ងៃ ឬបណ្ដាលឱ្យកើតនូវជំងឺរុំារ៉ៃរួមមាន៖ ជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងភ្នែក ភ្នែកស្ងួត និងជំងឺរលាកភ្នែក-ល-។
៧. មិនការពារភ្នែក៖ សម្រាប់បុគ្គលដែលទម្លាប់ចេញក្រៅញឹក នឹងធ្វើឱ្យភ្នែកងាយរងនូវពពួកលម្អងធូលី កម្តៅថ្ងៃ បង្កឱ្យកើតជំងឺភ្នែកផងដែរ។ ហេតុនេះ គួរចៀសវាងកុំឱ្យភ្នែកត្រូវខ្យល់ ធូលី និងកម្តៅខ្លាំងពេក ប្រសិនបើអាចគួរតែមានវ៉ែនតាសម្រាប់ពាក់ការពារ៕
អត្ថបទដោយ៖ ប៉ាវ ភក្តី