យោងតាមក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា រយៈពេលប្រាំថ្ងៃមកនេះចំនួនអ្នកឆ្លងកូវីដនៅកម្ពុជាផ្ទុះខ្លាំង ពោលគឺកើនឡើងគ្មានអន់ថយទាល់តែសោះ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកើនឡើងរហូត៨៨៣នាក់ អ្នកស្លាប់ចំនួន១៦នាក់ មានករណីឆ្លងពីក្រៅប្រទេសចំនួន១៣៥នាក់។
ទន្ទឹមនឹងករណីឆ្លងកាន់តែកើនឡើងខ្លាំងយ៉ាងគំហុក បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបត្រឹមរយៈពេលប្រាំថ្ងៃឡើងដល់ ៣,៨២១នាក់ និងមានអ្នកស្លាប់សរុប៨១នាក់។ ដោយឡែក ចំពោះករណីឆ្លងសរុបនៅកម្ពុជាមកទល់ពេលនេះមានចំនួន ៤៨,៥៣២នាក់ និងជាសះស្បើយ ៤២,៧៦៤នាក់ និងមានអ្នកស្លាប់សរុបចំនួន៥៥៦នាក់។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនៃខែមិថុនានេះអ្នកឆ្លងកូវីដនៅកម្ពុជាមានការកើនឡើងខ្លាំង អាស្រ័យដូចបានជម្រាបជូននេះ សូមបងប្អូនទាំងអស់គ្នាចូលរួមពង្រឹងការការពារឱ្យបានខ្លាំងជាងមុន សូមកុំធ្វេសប្រហែសឱ្យសោះ មិនថាអ្នកចាក់ស៊ាំង និងមិនអ្នកមិនទាន់ចាក់។
អត្ថបទដោយ៖ តឹក ស៊ីថា