ចាបបៃតងជឿជាក់ថា អ្នកមានដៃគូក៏ដោយ អ្នកមិនទាន់មានក៏ដោយ តែងតែមានចិត្តថានឹងចាប់ផ្ដើមអាជីវកម្មរួមគ្នានៅពេលដែលរកបានដៃគូរួមជីវិតពិតប្រាកដ។ ទំនាក់ទំនងស្នេហាមួយ មិនបានចូលមកគ្រាន់តែបំពេញក្ដីស្រឡាញ់តែមួយមុខឡើយ តែបំពេញស្ទើរតែគ្រប់យ៉ាងក្នុងជីវិត អ្វីដែលពិសេសដែលអ្នកណាៗក៏ចង់បាន គឺប្រាថ្នានូវជីវភាពគ្រួសារដ៏ល្អប្រសើរមួយ។ ថ្ងៃនេះចាបបៃតងសូមលើកយកជំហានទាំង៥ ដែលអាចជាជំនួយដល់គូស្នេហ៍ក្នុងការសាងជីវកម្មរួមគ្នារលូនទៅបានយ៉ាងរីករាយ ដូចខាងក្រោម៖
ជំហានទី១ ថែសុខភាពស្នេហ៍ឱ្យរឹងមាំមុននឹងចាប់ផ្ដើមរកស៊ី ៖ ជាការពិតចេញរកស៊ីជាមួយគូ ស្មើនិងមានគំនិត២ កម្លាំង២រួមគ្នា គិតបានជ្រៅធ្វើបានច្រើនជាមុន តែបើទំនាក់ទំនងមិនចុះសម្រុងវានឹងបន្ថែមស្រ្តេសលើសដើមធ្វើអ្វីក៏មិនទៅមុខដែរ។ ហេតុនេះអ្នកត្រូវសិក្សាពីគ្នាឱ្យបានច្រើននឹងយល់ដឹងស៊ីជម្រៅពីគ្នាជាមុនសិនថា តើអ្នកទាំង២ពិតជាមានចំណុចប្រសព្វរវាងគ្នាទេ?អាចដើរផ្លូវរួមបានទេ? ចាក់គ្រឹះទំនាក់ទំនងឱ្យរឹងមាំជាមុន ជារឿងសំខាន់ណាស់ក្នុងការចាប់ផ្ដើមអាជីវកម្មជាគូ។
ជំហានទី២ កំណត់គោលដៅហើយផ្ដោតអារម្មណ៍ឱ្យខ្លាំង ៖ ក្រោយពីយើងចាក់គ្រឹះស្នេហ៍បានរឹងមាំហើយ ជាដៃគូត្រូវតែកំណត់គោលដៅមួយថាយើងចង់ធ្វើអ្វី មានអ្វីនៅថ្ងៃអនាគត។ អ្វីដែលអ្នកត្រូវផ្ដោតសំខាន់មួយទៀតគឺការគ្រប់គ្រងពេលវេលា ចែកឱ្យដាច់ថារវាងពេលវេលាក្នុងទំនាក់ទំនង និងពេលវេលារកស៊ី។ គូស្នេហ៍ជាច្រើនពួកគាត់មិនអាចជោគជ័យរួមគ្នាបាន ដោយសារតែចែកមិនដាច់អារម្មណ៍ពេលជួបបញ្ហា។ ឧទាហរណ៍ស្រួលយល់ថា កន្លែងរកស៊ីមានបញ្ហា បែរជាបន្ទោសគ្នាទៅមក ចែកមិនដាច់មិនដឹងពេលធ្វើការ ពេលកំដរគ្រួសារ នេះហើយជាបញ្ហាដែលនាំឱ្យបែកបាក់។
ជំហានទី៣ ស្វែងចំណូលចិត្ត និងអភិវឌ្ឍចក្ខុវិស័យរួម៖ មិនថាធ្វើការឬបើកអាជីវកម្មអ្វីឡើយ ត្រូវតែស្របនឹងអ្វីដែលអ្នកស្រឡាញ់ចូលចិត្តទើបអ្នកមានកម្លាំងចិត្តធ្វើវាទៅមុខបាន។ កុំខ្លាចនឹងការបរាជ័យមុនចាប់ផ្ដើម ផ្ទុយទៅវិញសូមគិតអំពីអ្វី ដែលអ្នកត្រូវរៀន ត្រូវអនុវត្ត ហើយប្រឹងប្រែងធ្វើឱ្យវាប្រសើរឡើង។ ជាការពិតមិនមែនជារឿងងាយទេ ដែលចាប់ផ្ដើមភ្លាមជោគជ័យភ្លាម ត្រូវដឹងថានៅពីក្រោយភាពជោគជ័យគឺជាការបរាជ័យរាប់មិនអស់។ អ្នកត្រូវតែដឹងថា ដៃគូរបស់អ្នកពូកែខាងអ្វី មានជំនាញអ្វី ហើយកំណត់ចក្ខុវិស័យរួមគ្នា និងគោរពតួនាទីគ្នាទៅវិញទៅមក នោះអ្នកនឹងអាចពង្រីកអាជីវកម្មរបស់អ្នកជាមួយគ្នាបានហើយ។
ជំហានទី៤ ចាប់ផ្ដើមចុះដៃធ្វើ៖ រកឃើញចក្ខុវិស័យរួមហើយ ចែកតួនាទីគ្នារៀងខ្លួនហើយ ជំហានបន្ទាប់គឺចុះដៃធ្វើតែម្ដង សម្រុកនិងផ្ដោតអារម្មណ៍លើការងាររៀងខ្លួនដើម្បីសម្រេចគោលដៅរួមដែលដៅទុក។ មួយវិញទៀត ពាក្យថាជាគូ គឺតម្រូវឱ្យអ្នកចូលមកបង្គ្រប់ភាពខ្វះខាតរបស់គ្នា ចូរប្រើស្នេហារបស់អ្នក ធ្វើជាកម្លាំងជំរុញ ផ្ដល់ថាមពល លើកទឹកចិត្តគ្នាទៅវិញទៅមក នៅពេលដែលអ្នកមានកម្លាំងកាយ បូករួមទាំងកម្លាំងចិត្តបន្ថែមទៀតនោះហើយជាកត្តាជំរុញឱ្យសម្រេចគោលដៅបានកាន់តែលឿន។
ជំហានទី៥ អបអរភាពជោគជ័យ៖ ជោគជ័យអាជីវកម្មហើយ កុំភ្លេចចំណាយពេលវេលាអបអរនូវអ្វីដែលយើងសម្រេចបានរួមគ្នាផងណា។ ទោះរវល់យ៉ាងណាក៏កុំភ្លេចរក្សាទំនាក់ទំនងឱ្យបានល្អ ត្រូវចេះអរគុណ សរសើរដៃគូរបស់យើង ផ្ដល់រង្វាន់ កាដូលើកទឹកចិត្តឱ្យគ្នា។ ត្រូវចាំថា បង្កើតអាជីវកម្មមកជាគូ ជោគជ័យក៏ត្រូវជាគូដែរ ទើបអាចមានពាក្យថាអាជីវកម្មជោគជ័យលើវិថីស្នេហ៍ស្រស់បំព្រងបាន។
ចាបបៃតងសង្ឃឹមថាជំហានទាំង៥ខាងលើ អាចរួមចំណែកជួយបង្គ្រប់អ្វីដែលប្រិយមិត្តនៅខ្វះចម្លោះ។ នេះគ្រាន់តែជាគំនិតជំនួយមួយជ្រុង បើប្រិយមិត្តមានគំនិតល្អៗ ថ្មីអ្វីបន្ថែមពីលើនេះ អាចចែករំលែកមកចាបបៃតងវិញបានណា។ ជូនពរប្រិយមិត្តអ្នកអានឱ្យសម្រេចទាំងគូជីវិត និងអាជីវកម្ម៕
ប្រភព៖ entrepreneur
រៀបរៀងអត្ថបទដោយ ៖ Senghong