រសនិយមរបស់មនុស្សនាសម័យបច្ចុប្បន្ន ភាគច្រើនចូលចិត្តណាស់ប្រភេទអាហារប្រៃផ្អែម និងសម្បូរទៅដោយសារធាតុកាឡូរីខ្ពស់ ដែលសុទ្ធសឹងតែជាប្រភេទអាហារបង្កហានិភ័យទៅដល់សុខភាព។ ហើយភ្ជាប់ជាមួយនឹងអាហារបង្កគ្រោះថ្នាក់ដល់សុខភាពនេះដែរ ប្រិយមិត្តអ្នកអានប្រាកដជាសង្កេតឃើញជាច្រើនរួចមកហើយថា ប្រជាជនកម្ពុជា កំពុងតែប្រឈមនឹងវិបត្តិរោគទឹកនោមផ្អែម ដែលកើតចេញពីកត្តាដំណពូជផង និងចំណីអាហារដែលទទួលទានជាចម្បងផង។
តាមរយៈការបកស្រាយទាក់ទិនទៅនឹងអាហារដែលបង្ករជាជំងឺទឹកនោមផ្អែមរបស់ វេជ្ជបណ្ឌិត មិញ ចាន់ភក្តី ជាមួយនឹង Healthy Cambodia បានឱ្យដឹងថា ជាទូទៅការទទួលទានអាហារប្រចាំថ្ងៃគិតជាចំនូនកាឡូរី សូម្បីតែក្រូចឆ្មាមួយផ្លែក៏មានសារធាតិកាឡូរីផងដែរ។
ជាក់ស្តែង សារពាង្គរបស់មនុស្សយើងត្រូវការសារធាតុកាឡូរីដើម្បីចូលទៅជួយទ្រទ្រង់សរីរាង្គទាំងមូលជាប្រចាំដោយ៖
១. កុមារ ត្រូវការចន្លោះពី ១២០០-១៤០០ កាឡូរីក្នុង១ថ្ងៃ
២. ស្ត្រី និងមនុស្សចាស់ត្រូវការចំនួនចន្លោះពី ១៥០០-១៨០០ កាឡូរីក្នុងមួយថ្ងៃ
២. បុរសត្រូវការចន្លោះពី ២០០០-២៥០០គីឡូកាឡូរីក្នុងមួយថ្ងៃ។
ដោយឡែកលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើយើងញ៉ាំលើសចំណុះរហូតទៅដល់ ៥០០០កាឡូរីក្នុង១ថ្ងៃ នោះសារធាតុដែលសេសសល់ និងបង្កជារោគផ្សេងៗដែលជំងឺប្រឈមខ្លាំងជាងគេគឺជំងឺទឹកនោមផ្អែមនេះឯង។ ជាឧទាហរណ៍លោកវេជ្ជបណ្ឌិតបានលើកឡើងថា ប្រសិនបើអ្នកញ៉ាំបាយ១ចាន ស្មើរនឹង៣០០កាឡូរី នំស៊ាំងវិច១ស្មើរ២៥០កាឡូរី ទឹកដោះគោ១កែវស្មើរ២០០កាឡូរី ភីហ្សា២ចំណិតស្មើរ៥០០កាឡូរី ចុះប្រសិនបើក្នុង១ថ្ងៃអ្នកញ៉ាំលើសនេះទៀត ចំនួនកាឡូរីនៅក្នុងខ្លួនរបស់អ្នកឡើងជាប្រចាំ យូរៗទៅថ្លើមប្រាកដជាទ្រាំទ្រលែងអាចនឹងបង្កជានិភ័យនៃការកកើតជំងឺជាក់ជាពុំខាន។
កត្តានេះហើយបានជាក្រុមគ្រូពេទ្យជាច្រើនតែងហាមប្រាមអ្នកជំងឺមិនឱ្យទទួលទានអាហារមិនល្អសម្រាប់សុខភាពមួយចំនួនដូចជា៖ អាហារមានសារធាតុឆ្លាញ់ អាហារមានជាតិផ្អែម ភេសជ្ជៈគ្រឿងកំប៉ុង អាហារកែច្នៃ និងអាហារប្រៃ...ជាដើម។
ជាងមួយគ្នានេះដែរ ដោយយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានចែករំលែកកន្លងមក បកស្រាយឱ្យដឹងដែរថា ការទទួលទានរបបអាហារមិនត្រឹមត្រូវបានឱ្យដឹងផងដែរថា ការញ៉ាំអាហារមិនសូវមានជាតិសរសៃFiber ផឹកគ្រឿងស្រវឹង (សារធាតុអាល់គុល) ញ៉ាំអាហារខ្លាញ់ ប្រៃ និងផ្អែម ដែលទាំងនេះ ជាកត្តាធ្វើឱ្យងាយកើតជំងឺទឹកនោមផ្អែមខ្លាំងណាស់។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជាទូទៅសម្រាប់អ្នកដែលចូលចិត្តទទួលទានអាហារទាំងនេះ នឹងបង្ករជាអាការៈកើតជំងឺក្នុងវ័យពីចន្លោះពី៤០ ទៅ៤៥ឆ្នាំឡើង។ ដោយរោគសញ្ញាទាំងនោះអាចនឹងកើតចេញជា ចាប់ផ្តើមស្រេកទឹកខ្លាំងខុសពីធម្មតា បត់ជើងតូចញឹកញាប់ ឃ្លានហួសហេតុខុសពីប្រក្រតី ស្រកគីឡូដោយមិនដឹងមូលហេតុ និង ទឹកនោមមានក្លិនប្លែកដូចមានជាតិស្ករក្នុងនោះអ៊ីចឹង។
អាស្រ័យតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត មិញ ចាន់ភក្តី គួបផ្សំជាមួយនឹង ការលើកឡើងរបស់លោក វេជ្ជបណ្ឌិត គួច ម៉េងលី សូមមេត្តាបងប្អូនគួរយកចិត្តទុកដាក់ឱ្យខ្ពស់ទៅលើបញ្ហាម្ហូបអាហារ ទទួលទានជាប្រចាំឱ្យបានត្រឹមត្រូវ ទោះជាស្ថិតនៅក្នុងវ័យណាក៏ដោយ ក្នុងគោលបំណងជួយឱ្យបងប្អូនទទួលបាននូវសុខភាពល្អបរិបូណ៍ក្នុងឆាកជិវីត៕