ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយ ដែលទាមទារការមើលថែយកចិត្តទុកដាក់ខ្ពស់ណាស់ នៅក្នុងការព្យាបាលទាំងរបៀបរបបនៃការរស់នៅ និងរបបអាហារត្រូវញុំាជាប្រចាំថ្ងៃ មិនចេះតែញុំាដូចអ្នកមានសុខភាពធម្មតានោះឡើយ។ មួយវិញទៀតបើកើតជាជំងឺនេះ អាចបង្កឱ្យសរីរាង្គផ្សេងទៀត ងាយកើតជំងឺផ្សេងៗ និងពិបាកក្នុងការព្យាបាលណាស់ ព្រោះតែជាកម្រិតជាតិស្ករក្នុងឈាម។
តាមរយៈការមានប្រសាសន៍របស់ វេជ្ជបណ្ឌិត ស៊ុំ សត្ថា, វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន មកពី គ្លីនិកខេអេស (មជ្ឈមណ្ឌលទឹកនោមផ្អែម និងអ័រម៉ូនខេអេស) បានឱ្យដឹងថា ជំងឺទឹកនោមផ្អែមមាន៣ប្រភេទគឺ ទឹកនោមផ្អែមប្រភេទទី១ ទឹកនោមផ្អែមប្រភេទទី២ និង ទឹកនោមផ្អែមប្រភេទទី៣។ ជំងឺទឹកនោមផ្អែមនេះ កើតឡើងដោយសារលំពែង កាលណាលំពែងធ្វើការមិនប្រក្រតី ហើយប្រភេទស្ករដែលបានមកពីការញុំា ឬក៏ផឹក វាស្ថិតនៅចាលនៅក្នុងឈាមមិនអាចគ្រប់គ្រងជាតិស្ករបានជាហេតុបណ្ដាលឱ្យជាតិស្ករលើសនៅក្នុងឈាម នាំឱ្យជំងឺទឹកនោមផ្អែមកើតមាន។
- ជំងឺទឹកផ្អែមប្រភេទទី១៖ ប្រភេទទី១នេះ គឺភាគច្រើនកើតលើក្មេង ក៏ដូចជាកើតលើអ្នកដែលមានគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺនេះស្រាប់មួយវិញទៀត អាចដោយសារលំពែង របស់គាត់ត្រូវខូចតាំខាតងពីក្មេងមកទើបបណ្ដាលឱ្យកើតជំងឺទឹកនោមផ្អែមឡើងមក។
- ជំងឺទឹកនោមផ្អែមប្រភេទទី២៖ ប្រភេទទី២នេះ កើតលើមនុស្សមានវ័យកណ្ដាលពីអាយុខ្ទង់៤០ ទៅ៦០មួយវិញទៀតកើតមានពីព្រោះវ័យជំទង់ សម័យឥឡូវចូលចិត្តញុំាអាហារដែលផ្អែម ភេសជ្ជៈផ្អែម មានកាឡូរីខ្ពស់ មិនសូវបញ្ចេញសកម្មភាពប្រចាំថ្ងៃ មិនហាត់ប្រាណ...ជាដើម។
- ជំងឺទឹកនោមផ្អែមប្រភេទទី៣៖ ប្រភេទទី៣ កើតលើស្រ្តីដែលគាត់មានផ្ទៃពោះ ដោយសារពេលដែលមានផ្ទៃពោះមានការបម្រែបម្រួលអរម៉ូន ជាហេតុនាំឱ្យលំពែងធ្វើការខ្លាំងជាងមិនទាន់មានផ្ទៃពោះរហូតដល់៤ដង។ប្រហែលជា១០%ស្រ្តីដែលមានផ្ទៃពោះប្រឈមនឹងជំងឺទឹកនោមផ្អែម ដោយសារលំពែងរបស់គាត់មិនអាចរ៉ាប់រងជាតិស្ករបាន ក៏កើតទៅជាជំងឺទឹកនោមផ្អែម តែនៅពេលដែលផុតពីការមានផ្ទៃពោះគាត់នឹងជាសះស្បើយវិញ។
ជាការពិតណាស់តាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ស៊ុំ សត្ថា សង្កត់ធ្ងន់ថា អ្នកដែលកើតជំងឺទឹកនោមផ្អែម គឺធ្វើឱ្យប៉ះពាល់ដល់សរីរាង្គជាច្រើនទៀតដែលបណ្ដាលឱ្យខាតអាយុរស់នៅ ព្រោះជំងឺនេះកើតហើយ នឹងបង្កឱ្យកើតជាជំងឺជាច្រើនទៀតដូចជា រលាកបាតភ្នែក អាចធ្វើឱ្យងងឹតភ្នែក ប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណធ្វើឱ្យស្ពឹកស្រពន់។ ជាពិសេសជើងងាយកើតមានដំបៅ ស្ទះសរសៃឈាម សរសៃជើង ខួរក្បាលហើយជំងឺនេះអាចបង្កទៅជាជំងឺស្លាប់មួយចំហៀងខ្លួនខ្ពស់ជាងអ្នកធម្មតារហូតដល់៣ទៅ៤ដង។
ជាចុងក្រោយ សូមបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពអាហារណា ដែលងាយបង្កជាជំងឺនេះ សូមចៀសវាងឬក៏កាត់បន្ថយ ពីព្រោះថាបើជំងឺទឹកនោមផ្អែម កើតហើយ គឺអាចវាយលុកដល់រាងកាយរបស់យើងច្រើនណាស់ ធ្វើឱ្យខូចគ្រឿងក្នុងបង្កជាជំងឺតគ្នាមកជាលំដាប់ ដូច្នេះសូមបងប្អូនគួរតែយកចិត្តទុកដាក់ថែសុខភាពឱ្យមែនទែន៕
អត្ថបទដោយ៖ ប៉ែត ធីតា