ការទទួលទាន់ភេសជ្ជៈប៉ូវកម្លាំងមានកើនឡើង គួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរទសវត្សចុងក្រោយមកនេះ។ ជាការពិតណាស់ ភេសជ្ជៈប៉ូវកម្លាំងកំពុងតែចរាចរណ៍លក់ក្នុងទីផ្សារយ៉ាងសកម្ម ជាមួយនឹងការផ្សព្វផ្សាយរបស់ខ្លួនថា “ការទទួលទាន់ភេសជ្ជៈប៉ូវកម្លាំងនឹងផ្តល់នូវថាមពលដ៏អស្ចារ្យ” ទាំងនេះវាជាការពិត ប៉ុន្តែវាក៏មានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរផងដែរ នេះបើយោងតាមការអង្កេតរបស់ បណ្ណាល័យវេជ្ជសាស្ដ្រសុខភាពជាតិរបស់អាមេរិក ហៅកាត់ PWC។
ជាមួយគ្នានេះដែរ យោងតាមប្រភពច្បាស់ការ Healthline បានបញ្ជាក់ថា សមាគមជំងឺទឹកនោមផ្អែមរបស់អាមេរិច (អេឌីអេ) បានណែនាំឱ្យនូវភេសជ្ជៈ ៣ត្រូវផឹក និង ៣កុំផឹក។
១‑ភេសជ្ជៈ ៣ត្រូវផឹករួមមាន ទឹក, តែគ្មានជាតិស្ករ, និងកាហ្វេគ្មានជាតិស្ករ...
‑ទឹក៖ ទឹក គឺជាជម្រើសល្អបំផុតសម្រាប់អ្នកទទួលទានជាប្រចាំ ហើយក៏ពិតជាល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមផងដែរ។ ជាការពិតណាស់ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់អាចជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ដែលសមាគមជំងឺទឹកនោមផ្អែមរបស់អាមេរិចបានណែនាំថា “បុរសត្រូវផឹកទឹកប្រហែល ៣,០៨ លីត្រក្នុងមួយថ្ងៃ ហើយសម្រាប់ស្ត្រីត្រូវផឹកទឹកប្រហែល ២,១៣ លីត្រក្នុងមួយថ្ងៃ។
‑តែគ្មានជាតិស្ករ៖ តាមការសិក្សាស្រាវជ្រាវរបស់សមាគមជំងឺទឹកនោមផ្អែមអាមេរិច បានបង្ហាញថា ការទទួលទានតែបៃតង គឺមានផលល្អចំពោះសុខភាពទូទៅរបស់អ្នក។ ដែលវាអាចជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នក និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់របស់អ្នកផងដែរ។ ជាមួយគ្នានេះដែរ តាមការស្រាវជ្រាវមួយផ្នែកទៀតបានអះអាងថា ការផឹកតែចំនួន ៦ ពែង (ស្មើ១,៤២ លីត្រ) ក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដូច្នេះនៅពេលអ្នកជ្រើសរើសទទួលទាន់តែបៃតង ឬតែខ្មៅក៏ដោយ អ្នកត្រូវចៀសវាងកាប្រើប្រាស់នូវជាតិស្ករជាដាច់ខាត។
‑កាហ្វេគ្មានជាតិស្ករ៖ តាមការសិក្សាក្នុងឆ្នាំ ២០១២របស់អេឌីអេ បានរកឃើញថា ការផឹកកាហ្វេអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី ២។ ជាការពិតណាស់ កម្រិតនៃគ្រោះថ្នាក់ចំពោះសុខភាពអាចនឹងធូរស្បើយ ប្រសិនបើអ្នកទទួលទានកាហ្វេគ្មានជាតិស្ករពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។ ចំណាំ៖ កុំប្រើជាតិស្ករជាដាច់ខាត!
២‑ភេសជ្ជៈ ៣កុំផឹករួមមាន ភេសជ្ជៈមានជាតិហ្គាស, ភេសជ្ជៈប៉ូវកម្លាំង, និងទឹកផ្លែឈើមានជាតិផ្អែម...
‑ភេសជ្ជៈមានជាតិហ្គាស៖ ភេសជ្ជៈមានជាតិហ្គាសដែលបងប្អូនកំពុងផឹករាល់ថ្ងៃ គឺទទួលបានចំណាត់ថ្នាក់កំពូលតារាងនៅក្នុងបញ្ជីភេសជ្ជៈដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ការទទួលទានភេសជ្ជៈមានជាតិហ្គាសអាចបង្កឱ្យអ្នកឡើងទម្ងន់ ពុកធ្មេញ និងធ្វើឱ្យកើតជំងឺទឹកនោមផ្អែមផងដែរ ដូច្នេះយល់ល្អអ្នកគួរតែឈប់ផឹកតែម្ដងទៅ។
‑ភេសជ្ជៈប៉ូវកម្លាំង៖ ភេសជ្ជៈប៉ូវកម្លាំង គឺសម្បូរទៅដោយជាតិកាហ្វេអ៊ីន និងកាបូអ៊ីដ្រាត។ ដូច្នេះការស្រាវជ្រាវរបស់អេឌីអេ បានបង្ហាញថា ភេសជ្ជៈប៉ូវកម្លាំងអាចបង្កហានិភ័យឱ្យអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី ២បាន ហើយការទទួលទានភេសជ្ជៈប៉ូវកម្លាំងបណ្តាលឱ្យមានហានិភ័យរួមមាន សម្ពាធឈាមកើនឡើង, គេងមិនលក់, និងប៉ះពាល់ដល់សុខភាពទូទៅរបស់អ្នក។
‑ទឹកផ្លែឈើមានជាតិផ្អែម៖ ជាការពិតណាស់ បើទោះបីជាទឹកផ្លែឈើសុទ្ធ ១០០ភាគរយក៏ដោយក៏នូវតែមានជាតិស្ករ(ធមម្មជាតិ)ដែរ ដែលវាជាកត្តារួមផ្សំបង្កឱ្យអ្នកងាយនឹងឡើងគីឡូលឿន។ ប៉ុន្តែអ្នកអាចទទួលទានបាន ក្នុងកម្រិតត្រឹម ០,១២លីត្រក្នុងមួយថ្ងៃ។
ជាចុងក្រោយ នៅពេលដែលអ្នកបានអានអត្ថបទរបស់ខ្ញុំហើយ តើអ្នកពេញចិត្តដែរទេ? បើពេញចិត្តសូមជួយចែករំលែកបន្តទៅកាន់អ្នកដទៃ ដើម្បីជាសារដាស់តឿនដល់បងប្អូនរបស់យើង ដើម្បីឱ្យពួកគេចៀសវាងការទទួលទានភេសជ្ជៈនានាដែលបង្កឱ្យប៉ះពាល់សុខភាព។
អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍