អាហារ
ពេលឈឺមានអារម្មណ៍មិនឃ្លានអាហារអ្វីទាំងអស់ តើហេតុអ្វីបានជារាងកាយប្រែជាបែបនេះ?
Pheakdey Pao
April 21 2022
267 views

ពេលចាប់ផ្តើមធ្លាក់ខ្លួនឈឺ អ្នកជំងឺគ្រប់រូបរមែងជួបប្រទះទៅនឹងបញ្ហាចម្បងមួយ គឺបាត់បង់នូវចំណង់អាហារ បើទោះបីជាបុគ្គលនោះមានទម្លាប់ចូលចិត្តញ៉ាំច្រើនប៉ុនណ្ណាក៏ដោយ។ មិនតែប៉ុណ្ណោះ ក្នុងករណីបើអ្នកជំងឺ ហ៊ានតែបណ្តែតបណ្តោយខ្លួនមិនទទួលទានបានគ្រប់គ្រាន់ ច្បាស់ណាស់ស្ថានភាពជំងឺអាចនឹងវិវត្តន៍កាន់តែយ៉ាប់យ៉ឺនទៅៗ។ កត្តានេះ ទើបបានជាចម្ងល់មួយចោទឡើងថា តើហេតុអ្វី បានជាអ្នកជំងឺគ្រប់រូបរមែងត្រូវបាត់បង់នូវចំណង់អាហារ?

ជាការបកស្រាយនូវសំណួរដែលបានចោទមានខាងលើ បើយោងទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ memd បានពន្យល់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យអ្នកជំងឺពុំសូវជាមានចំណង់ក្នុងការទទួលទានអាហារ គឺបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖

១. ខួរក្បាលមានការផ្លាស់ប្តូរក្នុងកំឡុងពេលឈឺ

តាមរយៈការសិក្សាពីលក្ខណៈបម្រែបម្រួលខួរក្បាលរបស់មនុស្សនៅពេលធ្លាក់ខ្លួនឈឺ ត្រូវបានអ្នកជំនាញរកឃើញ ប្រព័ន្ធខួរក្បាល មានការផ្លាស់ប្តូរនៅពេលផលិតនូវកម្រិតសារធាតុគីមីហៅថា cytokines មានការកើនឡើង។ សារធាតុ​គីមី​នេះ​ អាចចូលទៅ​បង្អាក់​ចំណង់​អាហារ​របស់​អ្នកជំងឺ ដើម្បីជួយ​សុខភាព​ក្នុង​ការ​សន្សំ​ថាមពល​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ។ កត្តានេះ គឺបណ្ដាលមកពីរាងកាយមនុស្សម្នាក់ៗ គឺត្រូវការថាមពលច្រើន ដើម្បីរំលាយអាហារមុននឹងសរីរាង្គស្រូបយកនូវសារជាតិចិញ្ចឹមពីចំណីអាហារដែលញ៉ាំចូលទៅ។

គូសបញ្ជាក់ឱ្យដឹងផងដែរ នេះគឺជាដំណើរការរបស់ប្រព័ន្ធការពាររាងកាយ ហេតុនេះហើយ ជាទូទៅចំពោះជំងឺ រមែងត្រូវបង្ខំឱ្យទទួលទានអាហារ បើទោះបីជាខ្លួនមិនមានចំណង់ញុំាអ្វីចូលពោះក៏ដោយក្តី ដើម្បីឱ្យរាងកាយទទួលបាននូវសារជាតិចិញ្ចឹមបន្ថែមទៅបំប៉នសុខភាពឱ្យឆាប់ធូរស្បើយពីជំងឺ។

២. បញ្ហាផ្លូវចិត្ត

បញ្ហាចម្បងដែលអ្នកជំងឺតែងទទួលរងខ្លាំងនោះ គឺសុខភាពផ្លូវចិត្ត ដែលទទួលរងពីផលរំខាននៃជំងឺបង្កឱ្យកើតជារឿងព្រួយបារម្ភ តប់ប្រមល់ គិតច្រើន ពិបាកក្នុងខ្លួន ក៏ជាហេតុធ្វើឱ្យអ្នកមិនមានចំណង់អាហារដូចគ្នា។ ជាឧទាហរណ៍នៅក្នុងចំណុចនេះ សូម្បីចំពោះអ្នកដែលកើតជំងឺផ្តាសាយ មានរោគអាការតឹងច្រមុះ ដែលវាមានទំនាក់ទំនងទៅនឹងរសជាតិអាហារដែលទទួលទាន អាចនឹងធ្វើឱ្យអ្នកជំងឺញ៉ាំអាហារក្នុងបរិមាណតិចតួច ឬពុំមានចំណង់ក្នុងការភ្លក់រសជាតិអាហារឡើយ។

៣. ឱសថដែលប្រើប្រាស់

ផ្អែកតាមប្រភព webmd បន្ថែមក៏បានលើកឡើងដែរថា ចំពោះឱសថមួយចំនួនក៏អាចធ្វើឱ្យអ្នកជំងឺបាត់បង់ចំណង់អាហារផងដែរ។ ជាក់ស្តែងដូចជាថ្នាំអង់ទីប៊ីយោទិច ថ្នាំប្រឆាំងរោគផ្សិតបាក់តេរី និងថ្នាំបន្ធូរសាច់ដុំ...ជាដើម។ ហើយក្រៅពីនេះ អាចមានជាប្រភេទថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្ត ថ្នាំឈឺក្បាល ឬឈឺប្រកាំង ថ្នាំសម្ពាធឈាម និងថ្នាំព្យាបាលជំងឺសួតរុំារ៉ៃ ក៏អាចប៉ះពាល់ដល់ចំណង់អាហារអ្នកជំងឺដូចគ្នា។

អាស្រ័យហេតុនេះ ក្នុងករណីធ្លាក់ខ្លួនឈឺក្នុងស្ថានភាពជំងឺណាមួយ សូមកុំបណ្ដោយឱ្យខ្លួនឯងទន់ទោរទៅតាមអារម្មណ៍របស់ខ្លួន គួរណាស់តែព្យាយាមទទួលទាននូវរបបអាហារដែលល្អ ស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីឱ្យសុខភាពឆាប់ធូរស្បើយពីជំងឺ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia