យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានស្តែងឱ្យដឹងថា ក្រុមហ៊ុនវ៉ាក់ស៊ាំងអាមេរិក Moderna បានប្រកាសកាលពីថ្ងៃពុធ ទី២៦ ខែមករា ម្សិលមិញនេះថា ខ្លួនបានចាប់ផ្តើមការសាកល្បងចាក់វ៉ាក់ស៊ាំង ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតអូមីក្រុង។ ការសាកល្បងនេះ ត្រូវបានចូលរួមដោយមនុស្សពេញវ័យចំនួន ៦០០នាក់ ដែលពាក់កណ្តាលនៃក្រុមបុគ្គលទាំងនេះ ធ្លាប់ទទួលបានវ៉ាក់ស៊ាំងបង្ការប្រភេទ Moderna ចំនួន ២ដូសរួចកាលពីមុនមក។
ក្រុមហ៊ុនវ៉ាក់ស៊ាំង Moderna បានរាយការណ៍ពីលទ្ធផលនៃប្រសិទ្ធភាពប្រឆាំងនឹងអូមីក្រុង ដែលត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់ដូសជំរុញ ដោយសង្កេតឃើញថា ក្នុងរយៈពេល៦ ខែបន្ទាប់ពីការចាក់វ៉ាក់ស៊ាំងប្រភេទនេះជាដូសជំរុញអង្គបដិប្រាណប្រឆាំងនឹងអូមីក្រុង អាចការពារកម្រិតឆ្លងនៃវីរុសបានចំនួន ៦ដង ក្រោយពីចាក់បានត្រឹមរយៈពេល ២៩ថ្ងៃ។
ចំពោះទិន្នន័យដែលបានរៀបរាប់ទាំងនេះ គឺទទួលបានពីការសិក្សាទៅលើឈាមរបស់មនុស្សចំនួន ២០ នាក់ដែលបានទទួលវ៉ាក់ស៊ាំង Moderna ក្នុងបរិមាណ ៥០មីក្រូក្រាម ជាដូសជំរុញ ដោយនេះជា ចំនួនពាក់កណ្តាលវ៉ាក់ស៊ាំងដែលបានចាក់នៅក្នុងដូសទី១ និង ទី២។
នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា "យើងត្រូវបានធានាឡើងវិញដោយភាពស្ថិតស្ថេរនៃអង្គបដិប្រាណប្រឆាំងនឹងអូមីក្រុង ក្នុងរយៈពេល៦ខែបន្ទាប់ពីការចាក់ដូសជំរុញ ខណៈពេលបច្ចុប្បន្នវ៉ាក់ស៊ាំងត្រូវបានអនុញ្ញាតឱ្យចាក់សាកល្បង" ។
គូសបន្ថែមផងដែរថា នាសព្វថ្ងៃនេះមានប្រទេសច្រើនណាស់ កំពុងតែខិតខំខ្នះខ្នែងក្នុងការពន្លឿនការចាក់វ៉ាក់ស៊ាំងដូសជំរុញជូនប្រជាជន ដើម្បីពង្រឹងប្រព័ន្ធស៊ាំបន្ថែមទប់ទល់នឹងវីរុសអូមីក្រុង។ អាស្រ័យហេតុនេះ ហើយ ជាសារដាស់តឿន សូមបងប្អូនដែលបានចាក់វ៉ាក់ស៊ាំងពេញលេញបានគ្រប់៦ខែ មេត្តាអញ្ជើញទៅចាក់ដូសជំរុញបន្ថែម ក្នុងទិសដៅជួយទប់ស្កាត់ និងបញ្ចៀសនូវបញ្ហារាតត្បាតវីរុសអូមីក្រុងកាន់តែធំក្នុងសហគមន៍៕