ផ្លែកន្ទួត ភាសាអង់គ្លេសគេហៅថា Star Gooseberry គឺជាផ្លែឈើដែលពេញនិយមបំផុតសម្រាប់ពលរដ្ឋខ្មែរបរិភោគចុចជាមួយនឹងអំបិលម្ទេស ឬយកទៅក្រឡុក ត្រាំញ៉ាំ។ ជារឿយៗយើងសង្កេតឃើញផ្ទះពលរដ្ឋខ្មែរយើងតែងតែមានដើមកន្ទួត១ ទៅ២ដើម នៅបរិវេណជុំវិញផ្ទះដែលនេះគឺជារឿងល្អមួយ។ ផ្លែកន្ទួតត្រូវបានគេសិក្សាឃើញថា បានផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ជួយថែទាំសម្រស់ និងជួយពង្រឹងឆ្អឹង ព្រមទាំងជំងឺផ្សេងៗទៀតផងដែរ។ នេះបើផ្អែកតាមប្រភពវែបសាយ Foodfriend ។
១. ប្រភពវីតាមីន C៖ ផ្លែកន្ទួតសម្បូរទៅដោយវីតាមីន C ប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុខនិជ ដែលអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយ ដើរតួរជាសារធាតុធម្មជាតិប្រឆាំងនឹងអ៊ីសស្តាមីន និងជំនួយដល់ប្រព័ន្ធភាពស៊ាំ។ ដើម្បីទទួលបានវីតាមីន C ពេញលេញពីផ្លែកន្ទួត អ្នកត្រូវពិសារវាទាំងស្រស់ទើបជាការល្អ។
២. ប្រឆាំងនឹងជំងឺមហារីក៖ ទឹករបស់ផ្លែកន្ទួតអាចបង្កកការលូតលាស់នៃកោសិកាមហារីក។ កោសិកាដែលមានប្រតិកម្មល្អបំផុតជាមួយនឹងទឹកកន្ទួតគឺកោសិការបស់ក្រពះ ស្បែក និងស្បូន។
៣. ប្រឆាំងនឹងបញ្ហារលាក៖ ផ្លែកន្ទួតមានគុណសម្បត្តិព្យាបាលបញ្ហារលាក ដូចជា បញ្ហារលាកច្រមុះ និងភ្នែក ហើយវាក៏ត្រូវបានគេរកឃើញថាអាចកាត់បន្ថយបញ្ហារលាកដែលបង្ករឡើងដោយបញ្ហាសន្លាក់ផងដែរ។
៤. គុណសម្បត្តិផ្សេងៗរបស់ផ្លែកន្ទួត៖ វាអាចជួយបង្ការរ៉ាឌីកាល់សេរី ប្រឆាំងជំងឺមហារីក និងកាត់បន្ថយការរលាកដែលបង្ករមកពីជំងឺផ្សេងៗ។ វាថែមទាំងជួយគ្រប់គ្រងការបញ្ចេញចោល និងជួយព្យាបាលបញ្ហាទល់លាមក ព្រោះវាសម្បូរទៅដោយជាតិសរសៃ និងជួយបង្ការជំងឺទឹកនោមផ្អែមដោយការរារាំង aldose reductase ដែលជាសមាសធាតុបង្ករឲ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាម។ ផ្លែកន្ទួតក៏អាចជួយកាត់បន្ថយបញ្ហាស្ត្រេសផងដែរ។ វាក៏ត្រូវបានគេរកឃើញថាដើរតួជាថ្នាំងងុយគេង ដែលជួយដល់ការគេង ការសម្រាករបស់សាច់ដុំ និងមានប្រសិទ្ធភាពធ្វើឲ្យអារម្មណ៍ស្ងប់ ៕
អត្ថបទដោយ៖ ស្រីណុច