មនុស្សជាច្រើនមិនសូវខ្វល់ខ្វាយពីពេលវេលាក្នុងការគេងប៉ុន្មានទេ អ្នកខ្លះនៅដាច់យប់ដល់ម៉ោង ២ ម៉ោង ៣ជិតភ្លឺស្ទើរតែរាល់ថ្ងៃព្រោះជាទម្លាប់។ កត្តាគេងមិនលក់ និងមិនរូតចូលគេង វាប៉ះពាល់ដល់សុខភាពខ្លាំងណាស់ និងបន្សល់ទុកជាជំងឺរ៉ាំរ៉ៃដល់អ្នកនៅថ្ងៃខាងមុខថែមទៀតផង។
យោងតាមការឱ្យដឹងពីគេហទំព័រ healthline វេជ្ជបណ្ឌិត Francesco Cappuccio បាននិយាយថា ៤៨% នៃមនុស្សដែលគេងតិចជាង ៦ ម៉ោងក្នុងមួយយប់ គេងមិនស្កប់ គេងភ្ញាក់ៗ នឹងមានឱកាសវិវត្តន៍ទៅជាជំងឺដាច់សរសៃឈាមខួរក្បាល និង១៥% ប្រឈមនឹងការគាំងបេះដូងស្លាប់នៅថ្ងៃខាងមុខផងដែរ។
លើសពីនេះទៀត នៅមមានជំងឺ៣មុខផ្សេងដែលត្រូវប្រឈមមុខខ្លាំងដូចគ្នាមានដូចជា៖
១. ខួរក្បាលដំណើរការមិនល្អ៖ តាមការសិក្សាឆ្នាំ ២០១៨ បានរកឃើញថាមនុស្សពេញវ័យ បើគេងបាន ៤ ម៉ោងឬទាបជាងនេះក្នុង១យប់ គឺបណ្តាលឱ្យខួរក្បាលរបស់អ្នកដំណើរការយឺត ស្ពឹកខួរក្បាល ឆាប់ភ្លេចភ្លាំង និងចាស់ជាងអាយុ ៨ឆ្នាំផងដែរ។ មានន័យថាប្រសិនជាពេលនេះអ្នកអាយុ ២០ឆ្នាំ នោះខួរក្បាលរបស់អ្នកនឹងដំណើរការយឺតប្រៀបដូចជាមនុស្សអាយុ ២៨ ឆ្នាំអ៊ីចឹង។
២. ហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ការសិក្សាឆ្នាំ ២០០៥ បានរកឃើញថាមនុស្សពេញវ័យ និងមនុស្សចាស់ដែលគេងមិនលក់ ក្នុង១យប់គេងបាន ៥ម៉ោងឬតិចជាងនេះគឺមកពីពួកគេញ៉ាំច្រើន ហើយមិនហាត់ប្រាណ។ ដូច្នេះវាបណ្តាលឱ្យកម្រិតជាតិពុលនៅក្នុងខ្លួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងថយចុះនៃកម្រិតអាំងស៊ុយលីនក្នុងខ្លួន ប្រឈមមុខនឹងកើតជំងឺទឹកនោមផ្អែមខ្លាំងនៅថ្ងៃខាងមុខ។
៣. ការស្លាប់មុនអាយុ៖ ការគេងមិនលក់ គេងបានតិចធ្វើឱ្យរាងកាយសម្រាកបានតិច ប្រើប្រាស់ថាមពលអស់ពីខ្លួន កម្រិតអាំងស៊ុយលីនចុះខ្សោយ ងាយធ្វើឱ្យមេរោគនិងជំងឺផ្សេងៗជ្រៀតខ្លួនចូលក្នុងរាងកាយរបស់អ្នកបានយ៉ាងលឿន។ បន្ថែមពីលើនេះទៀត តាមការសិក្សាបានរកឃើញថា ១២% នៃមនុស្សដែលគេងបានតិចជាង៥ម៉ោង ប្រឈមមុខជាមួយជំងឺរ៉ាំរ៉ៃជាច្រើន ចាស់មុនអាយុ និងស្លាប់មុនអាយុផងដែរ។
បន្ថែមពីលើនេះទៀត មនុស្សពេញវ័យត្រូវគេងឱ្យបានចន្លោះពី ៧ ទៅ ៩ម៉ោងក្នុង១យប់ ចំណែកឯមនុស្សចាស់វិញត្រូវគេងឱ្យបានចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុង១យប់ដូចគ្នាទើបមានសុខភាពល្អ រឹងមាំ មិនងាយប្រឈមមុខនឹងជំងឺ។