អង្គុយធ្វើការសុខៗ ស្រាប់តែផ្នែកធនធានមនុស្សហៅទៅជួប ហើយប្រាប់ថា អ្នកត្រូវបានឡើងប្រាក់ខែ ឬ ឡើងតំណែង អារម្មណ៍បែបនេះគ្រាន់តែគិតក៏រំភើបដែរមែនទេ? ជាការពិតណាស់ ការឡើងប្រាក់ខែ ឬ ឡើងតំណែង អាចរាប់ថាជារឿងដ៏ល្អមួយសម្រាប់អ្នកធ្វើការគ្រប់រូបមិនថានៅផ្នែកអ្វីក៏ដោយ ព្រោះនរណាៗក៏ចង់បានរបស់ដែលល្អជាងមុន ប្រសើរជាងមុន។ ប៉ុន្តែ មនុស្សនៅកន្លែងធ្វើការមានច្រើនណាស់ ហើយសុទ្ធសឹងតែជាមនុស្សដែលមានសមត្ថភាពរៀងៗខ្លួនទាំងអស់ ដូចនេះប្រសិនបើត្រូវឡើងតំណែង សាកសួរខ្លួនឯងទៅមើល ហេតុអ្វីបានត្រូវជាអ្នក?
បើមិនមានចម្លើយទេ អាចសាកអនុវត្តតាមវិធីខាងក្រោមបាន ដែលអ្នកនិពន្ធឱ្យឈ្មោះវិធីនេះថា “វិធីឡើងប្រាក់ខែឬឡើងតំណែងខ្លួនឯង ដោយមិនបាច់សុំមេ”។
វិធីទី១. ធ្វើខ្លួនជាបំណែកជាភាពរីកចម្រើនរបស់ក្រុមហ៊ុន
វាជារឿងធម្មតាទេ បើក្រុមហ៊ុនអាចឡើងប្រាក់ខែឱ្យអ្នកបាន លុះត្រាតែក្រុមហ៊ុនរីកចម្រើន មិនខាត។ អាជីវកម្មបច្ចុប្បន្ននេះ នរណាៗក៏អាចក្លាយជាអ្នកលក់សម្រាប់ក្រុមហ៊ុនបានដែរ អ្នកលក់ត្រង់ចំណុចនេះ គឺសំដៅដល់ការចេះលក់ខ្លួនឯង មិនមែនសំដៅលើការលក់ផលិតផលឬសេវាកម្មកក្រុមហ៊ុនតែម្យ៉ាងនោះទេ (តែបើអាចលក់បានកាន់តែល្អ)។ ការលក់ខ្លួនឯង ធ្វើឱ្យផ្នែកដែលខ្លួនកាន់មានភាពរីកចម្រើនបំផុត មិនថានៅផ្នែកណាក៏ដោយ, ឧទាហរណ៍ថា បើនៅខាងគណនេយ្យ ត្រូវធ្វើបញ្ជីចំណូលចំណាយឱ្យត្រឹមត្រូវគ្មានខុស ហើយអាចមានសមត្ថភាពទារលុយអ្នកជំពាក់ឱ្យអស់, មានវិធីសាស្រ្តកាត់បន្ថយចំណាយ និង សន្សំចំណូល បើធ្វើបានតែបែបនេះ មិនយូរមិនឆាប់ នឹងឡើងប្រាក់ខែមិនខាន។
វិធីទី២. ធ្វើជាបុគ្គលិកដែលមានជំនាញ
កុំទៅធ្វើការរាល់ថ្ងៃ មានឈ្មោះជាបុគ្គលិកធម្មតា ចេះតែការងារដែលក្រុមហ៊ុនដាក់ឱ្យធ្វើ ប៉ុន្តែត្រូវធ្វើជាបុគ្គលិកដែលមានជំនាញ ម្ចាស់ការលើការងារខ្លួនឯង។ ត្រូវច្បាស់ជាមួយនឹងការងារ ហើយប្រាកដចិត្តថា មិនថាគេសួរអ្វីអំពីការងារអ្នកអាចឆ្លើយចេញបានភ្លាម ឆ្លើយបានទាំងអស់ រួមទាំងអាចធ្វើបានភ្លាមៗផងដែរ។ សួរខ្លួនឯង តើការធ្វើការរាល់ថ្ងៃជំនាញរាល់ថ្ងៃ គណនេយ្យ ទីផ្សារ ប្រតិបត្តិការ ឬផ្នែកសេវាកម្ម បើមានបញ្ហាណាមួយក្នុងផ្នែករបស់ខ្លួន តើអ្នកអាចដោះស្រាយចេញទេ? តើអ្នកចេះអស់ឬនៅ? បើនៅទេ អាចធ្វើបន្ថែមចាប់ពីថ្ងៃនេះ តាំងចិត្តធ្វើជាបុគ្គលិកដែលមានជំនាញ នរណាៗក៏អាចពឹងពាក់បាន។
វិធីទី៣. រកទីប្រឹក្សាម្នាក់ក្នុងអាជីពរបស់ខ្លួន
ដើម្បីធ្វើការងារបានល្អអ្នកគួរតែមានថ្នាក់លើឬទីប្រឹក្សាណាម្នាក់ដែលអ្នកគោរព ស្រឡាញ់ការងារពួកគាត់ និង ចង់ពូកែដូចគាត់ ដើម្បីមកណែនាំ កែតម្រូវផ្លូវការងារដែលអ្នកកំពុងដើរ។ ការធ្វើបែបនេះ គឺងាយស្រួលឱ្យអ្នកមានគោលដៅច្បាស់លាស់ និង ត្រឹមត្រូវតាមអាជីព និង ជំនាញអ្នកតែម្តង។
វិធីទី៤. ធ្វើឱ្យមេរបស់អ្នកមានកត្តិយសដោយសារអ្នក
ធ្វើការជាមួយមេ ដាច់ខាតត្រូវតែផ្តល់ការគោរពចំពោះមេខ្លួនឯង តែលើសពីនេះអ្នកក៏ត្រូវចេះធ្វើឱ្យមេមានមុខមានមាត់ មានកិត្តិយសដោយសារអ្នកផងដែរ។ អ្នកមិនត្រូវនិយាយពីការមិនចូលចិត្តរបស់អ្នកចំពោះមេ ឬ ស្អប់មេនោះទេ ផ្ទុយទៅវិញអ្នកគួរតែគោរពស្រឡាញ់ និង មើលឃើញពីភាពលះបង់របស់គាត់ បង្ហាញឱ្យបុគ្គលិកផ្សេងមើលឃើញពីការគោរពរបស់អ្នកចំពោះមេ។ ប៉ុន្តែបើមេអ្នកខុស ក៏មិនគួរលើកជើងទាំងខុសដែរ គួរតែប្រាប់ពីកំហុសនៅ២នាក់ដើម្បីកុំឱ្យគាត់មានកំហុសនៅមុខអ្នកផ្សេង ទោះបីជាយ៉ាងនេះក្តីមេជាធម្មតាមិនសូវមានកំហុសដូចបុគ្គលិកទេ ព្រោះមេជាមនុស្សដែលមានបទពិសោធន៍ច្រើន។
វិធីទី៥. ធ្វើជាបុគ្គលិកដែលក្រុមហ៊ុនមិនអាចរកអ្នកមកជំនួសបាន
ការក្លាយជាបុគ្គលិកម្នាក់ដែលក្រុមហ៊ុនមិនអាចខ្វះបាន គឺត្រូវទាមទារឱ្យអ្នកធ្វើអ្វីដែលអ្នកគួរធ្វើ, បូករួមនឹងអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុនត្រូវការ ដែលអ្នកអាចមានជំនាញធ្វើបាន។ យ៉ាងណាមិញ បុគ្គលិកដែលពិសេសលេចធ្លោ គឺអមមកជាមួយពាក្យថាដាក់ចិត្តដាក់កាយក្នុងការងារ។ ធ្វើខ្លួនឱ្យខ្លួនឯង អាចធ្វើអ្វីគ្រប់យ៉ាងបានច្រើនបំផុតដែលអាចធ្វើទៅបាន ឬអាចនិយាយថា មានអ្នកម្នាក់ដូចមានបុគ្គលិក៤ ៥ នាក់។ នោះនៅពេលដែលអ្នកចង់ចាកចេញ ក្រុមហ៊ុននឹងព្យាយាមរកមធ្យោបាយដើម្បីឱ្យអ្នកបន្តនៅជាមិនខាន។
តែទោះបីជាយ៉ាងនេះក្តី លើលោកនេះប្រហែលជាមិនមានវិធីណាមួយដែលអាចសន្យា១០០%ថាអ្នកនឹងទទួលបានការឡើងប្រាក់ខែឬតំណែងទេ តែវាអាចជួយបន្ថែមក្តីសង្ឃឹមជាងការដែលមិនធ្វើអ្វីសោះ ហើយអង្គុយរង់ចាំ។
ជាចុងក្រោយ ពេលអានរួច បើគិតថាល្អ ជួយផ្ញើរឱ្យមិត្តរួមការងារ ឬមិត្តភក្តិអ្នកមើលបន្តផង ដើម្បីឡើងប្រាក់ខែរីកចម្រើនទាំងអស់គ្នា ជាពិសេសបើអាចស៊ែរកាន់តែល្អ ដើម្បីឱ្យមេឃើញថា "យើងចង់ឡើងប្រាក់ខែហើយ, ហាហាហា"!៕ ជូនពរជោគជ័យទាំងអស់គ្នាណា៎
រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ
ប្រភព៖ workitdaily