ហេតុអ្វីមនុស្សចាស់ និងក្មេងគិតខុសគ្នា? នេះជាបញ្ហាដ៏ធំសម្រាប់ឪពុកម្តាយគ្រប់គ្នា មិនទន់យល់ពីការគិតរបស់ក្មេង ហើយចាប់ផ្តើមគិតថា ក្មេង ឬកូននេះ រពឹស និយាយច្រើន សួរច្រើន និងលេងគ្មានឈប់... ហើយមនុស្សចាស់ចូលចិត្តអំណាច ឬបំភ័យ ជាវិធីបង្រ្កាបកូនជាងសន្តិវិធី។
យោងតាមលោក Jean Piaget ជាចិត្តវិទូផ្នែកកូនក្មេងបានបញ្ជាក់ប្រាប់ថា “ក្មេងគិតខុសពីមនុស្សចាស់ ព្រោះតែគេមានវិធីគិតផ្សេង ឬប្លែកពីមនុស្សចាស់ប៉ុណ្ណោះ។ មកពីអ្នកទាំងពីរ សម្លឹងមើលក្រសែភ្នែកដោយឡែកពីគ្នាតែប៉ុណ្ណោះ។ ដូចជាពេលក្មេងសួរ និងនិយាយច្រើន មានហេតុផលបញ្ជាក់ក្នុងភាសានិយាយរបស់ក្មេង។”
យើងតែងឃើញក្មេង ឬកូន សួរច្រើន ដូចជា ម្តាយមកពីណា? ម្តាយទៅធ្វើអី? នៅនឹងគេធ្វើអ្វីខ្លះ?... បើយើងមិនភាសាកូននិយាយនេះទេ អ្នកគិតថា កូននិយាយសួរច្រើន គួរធុញណាស់! តែតាមពិត ឪពុកម្តាយគួរតែយល់ពីការគិតរបស់កូននោះ គឺពួកគេសួរច្រើនដូចជាខាងលើនេះ មានបំណងបញ្ជាក់ពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងក្តីពីបារម្ភលើរូបអ្នកទៅវិញ។ បើឪពុកម្តាយព្យាយាមយល់ពីកូន និងសង្គេតពីកូន ហើយណែនាំដំបូន្មានល្អៗ នោះ ក្តីស្រឡាញ់អ្នកទាំងពីរពិតជាស្អិតដូចជ័រកាវចឹងដែរ។
នៅមានរឿងថ្មីមួយទៀត ដែលឪពុម្តាយ អត់ដែលដឹងសោះពីកូនរបស់ខ្លួននោះ តាមលោក Jean Piaget បានបញ្ជាក់ក្នុងសៀវភៅ The Language and Thougth of the Child គាត់បានសរសេរថា ពេលក្មេងៗ និយាយច្រើន គឺពួកគេមិនបាននិយាយជាមួយអ្នកណាទេ(ពេលកូនលេងម្នាក់ឯង) គឺរូបគេគិតដោយសម្លេងខ្លាំងៗ នេះឯង។” យើងបានឃើញថា ពេលក្មេងលេងជាមួយគ្នា ២នាក់ ប៉ុន្តែក្មេងៗ ទាំងពីរនាក់នោះ និយាយភាសាខុសគ្នា ដូចជាម្នាក់និយាយថា ការលេងឡាននេះសប្បាយ ហើយមានក្មេងម្នាក់ទៀតនៅក្បែងគ្នា ក៏និយាយថា ធ្វើនំនេះ ញ៉ាំទៅឆ្ងាញ់ណាស់ទៅវិញ...។
ចឹងហើយ បានជាមនុស្សចាស់តែងនិយាយថា ម្នាក់និយាយគោ ហើយម្នាក់ទៀតនិយាយក្របី ហើយចេះតែលេងត្រូវគ្នាកើតដែរ ហើយហាក់ដូចជាស្តាប់គ្នាបានចឹង តាមពិត វាជាភាសាការគិតរបស់កូនក្មេងទៅវិញ ដែលធ្វើឱ្យមនុស្សចាស់ពិបាកនឹងយល់របៀបបែបនេះខ្លាំងណាស់។ សូម្បីអ្នកវិទ្យាសាស្រ្ត ក៏លួចរៀនសូត្ររបៀបការគិតរបស់កូនក្មេងដែរ។ គឺការសួរច្រើននេះឯង ដើម្បីផលិតរបស់ថ្មីៗ ដូចសព្វថ្ងៃនេះ។ មានកូនស្រីម្នាក់ បានសួរឪពុករបស់ខ្លួនថា ហេតុអ្វីយើងថតរូប ហើយយើងរងចាំយូរ ទម្រាំងតែឃើញរូបថតរបស់ខ្លួន? សួរសំនួរនេះ ធ្វើឱ្យឪពុកម្នាក់នោះ គិតច្នៃប្រឌិត និងផ្លាស់ប្តូរវិស័យថតរូបភាពក្នុងពិភពលោកនេះ៕ អត្ថបទដោយ៖ ទ្រ សុភាព