ផ្លូវចិត្តកុមារពេលដកជាប់រឿងណាមួយពីតូចហើយ មិនងាយលុបចេញពីចិត្តនោះទេ។ តាមអ្នកគ្រូ យឹម សុធារី ជាអ្នកជំនាញចិត្តបានលើកឡើងថា “កុមារក៏មានបញ្ហាផ្លូវចិត្តដែរ បើកុមារខ្វះការថែទាំ និងផ្តល់ភាពកក់ក្តៅពីឪពុកម្តាយនោះ។ ឪពុកម្តាយខ្លះព្រោះតែរវល់នឹងការរកស៊ី និងខ្វល់តែការងារខ្លាំងពេកនាំឱ្យបាត់បង់ទំនាក់ទំនងរវាងឪពុកម្តាយនិងកូន លែងយល់ចិត្តយល់ថ្លើមគ្នា និងក្តីស្រឡាញ់ក៏បានកាត់បន្ថយដែរ។ កូនចាប់ផ្តើមមានអារម្មណ៍ឯកា ហើយវ័យកាន់តែធំម្តងបន្តិចៗ លែងចង់នៅផ្ទះក៏មានដែរ”។ ការចិញ្ចឹមកូនបែបនេះនាំឱ្យកូនធំឡើងមិនចេះតស៊ូនោះទេ ព្រោះការចិញ្ចឹមនាំឱ្យកូនមានអារម្មណ៍ភ័យខ្លាច ខ្វះក្តីស្រឡាញ់ និងខ្វះការអប់រំចិត្តគំនិតផងដែរ។
តាមលោកស្រី Laurie Santos ជាចិត្តវិទ្យាសាកលវិទ្យាល័យ Yale និងលោក Arthur Brooks ជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ Harvard បានលើកឡើងរួមគ្នាថា កុមារដែលធ្លាក់ទឹកចិត្ត និងថប់បារម្ភ ជាកង្វល់ដ៏ធំរបស់ឪពុកម្តាយ។ ដើម្បីការពារផ្លូវចិត្តកូន ឪពុកម្តាយត្រូវតែឆ្លៀតពេលខ្លះ អប់រំកូនទាំងការគិតទាំងបេះដូងផ្តល់ក្តីស្រឡាញ់។ ទើបសម្ពន្ធភាពរវាងកូន និងឪពុកម្តាយកាន់តែស្និតស្នាលជាមួយគ្នាឡើងវិញ។ ការចិញ្ចឹមកូនបែបនេះ កូនមានចិត្តគំនិតរឹងមាំពេលគេធំឡើង។ ការទំនាក់ទំនងគ្នារវាងកូននិងឪពុកម្តាយ វាមានឥទ្ធិពលលើគំនិតកូនខ្លាំង។
ឪពុកម្តាយធ្វើជាបុគ្គលមានអំណាចឥទ្ធិពលើចិត្តគំនិតរបស់កូន។ តាមអ្នកគ្រូ យឹម សុធារី បាននិយាយថា “ឪពុកម្តាយកុំរវល់រកស៊ីភ្លេចកូន អាចកប់បេះដូងកូនគ្មានព្រលឹងក៏មានដែរ(គ្មានក្តីស្រឡាញ់)”។ ហេតុអ្វីកូនធំឡើងលែងស្តាប់ឪពុកម្តាយ? មកពីគ្មានឥទ្ធិពលលើកូននេះឯង។ តាមលោកស្រី Santos និងលោក Brooks លើកឡើងថា “ឪពុកម្តាយត្រូវតែព្យាយាមធ្វើជាមនុស្សមានឥទ្ធិពលវិជ្ជមានលើកូន ដោយចំណាយពេលនិយាយជាមួយកូន ជូនកូនទៅរៀន ហូបអាហារជាមួយកូន នេះជាទង្វើក្តីស្រឡាញ់បង្កើតសុភមង្គលលើផ្លូវចិត្តរបស់កូនខ្លាំងណាស់។ ពេលកូនមានបញ្ហាកុំបន្ទោស ត្រូវចេះលើកទឹកចិត្តកូនឱ្យកូនចេះតស៊ូដោយខ្លួនឯង។ ពេលកូននៅក្បែរអ្នកមានអារម្មណ៍រីករាយ នាំឱ្យកូនកាន់តែមានអារម្មណ៍ទទួលបានក្តីស្រឡាញ់ និងបេះដូងរបស់កូនក៏មានភាពកក់ក្តៅក្នុងមនោសញ្ចេតនាជាមួយគ្រួសារកាន់តែស៊ីជម្រៅខ្លាំងឡើងជាមុនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព