វីរុសបំប្លែងខ្លួនអូមីក្រុងកំពុងបន្តធ្វើឱ្យករណីឆ្លងនៅតាមប្រទេសជុំវិញពិភពលោកកើនឡើងជាបន្តបន្ទាប់។ ទោះបីជាស្ថានភាពនៃការឆ្លងមិនសូវធ្ងន់ធ្ងរដូចវីរុសដែលតាមែនពិត តែវីរុសមួយនេះនៅតែមានលទ្ធភាពអាចធ្វើឱ្យអ្នកស្លាប់បានដដែល។ ដោយសារតែវាជាវីរុសបំប្លែងខ្លួនថ្មី រោគសញ្ញារបស់វីរុសអូមីក្រុងនេះក៏ថ្មីខុសប្លែកពីវីរុសមុនៗផងដែរ។
កន្លងមក វេជ្ជបណ្ឌិតណែនាំថាប្រសិនបើមានបញ្ហាក្អកស្ងួតន ក្តៅខ្លួន បាត់បង់ក្លិននិងរសជាតិត្រូវប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។ ដោយឡែក បើឆ្លងអូមីក្រុងគឺមានលក្ខណៈខុសប្លែកជាងនេះ គឺរោគសញ្ញាចម្លែកមួយដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងអូមីក្រុងគឺជាការបែកញើសពេលយប់ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវេជ្ជសាស្ត្រជាន់ខ្ពស់របស់ NBC News លោកវេជ្ជបណ្ឌិត John Torres រាយការណ៍ពី Express ។
ការបែកញើសពេលយប់ត្រូវបានផ្សារភ្ជាប់ថាជារោគសញ្ញាដំបូងដែលឆ្លងវីរុសអូមីក្រុង ដោយការសិក្សាពី វេជ្ជបណ្ឌិត Unben Pillay នៅឯសន្និសីទសង្ខេបមួយដោយនាយកដ្ឋានសុខភាពអាហ្វ្រិកខាងត្បូងកាលពីដើមខែធ្នូ ឆ្នាំ២០២១កន្លងមក។ ការបែកញើសពេលយប់អាចធ្វើឲ្យមនុស្សម្នាក់បែកញើសច្រើនពេញមួយយប់អាចធ្វើឲ្យគ្រែនិងសម្លៀកបំពាក់របស់ពួកគេសើមបាន សូម្បីតែពេលគេងក្នុងបរិយាកាសត្រជាក់ក៏ដោយ។ អ្នកជំងឺដែលឆ្លងអូមីក្រុងកន្លងមកជាច្រើននាក់ក៏បានរាយការណ៍ថាពួកគេមានរោគសញ្ញានេះដែរ៕