គ្រាន់តែចូលដល់ដើមឆ្នាំ២០២២ សង្កេតឃើញថាវីរុសកូវីត១៩ បាននៅតែបន្តកើនឡើងជាបន្តបន្ទាប់ បង្កាត់ពូជថ្មីៗពីមួយទៅមួយ។ ការរាលដាលនៃមេរោគនេះ នៅតែជាក្ដីបារម្ភដ៏ធំមួយសម្រាប់មនុស្សទូទៅជុំវិញពិភពលោក ដោយការព្រួយបារម្ភពីការវិវត្តនៃវីរុសមិនចេះឈប់ ជុំវិញករណីនេះមានសំណួរជាច្រើន ចោទសួរថាតើក្នុងឆ្នាំ២០២២ នេះមេរោគនឹងរាតត្បាតខ្លាំងម្ដងទៀតឬយ៉ាងណា ?
យោងមានសម្ដីរបស់ ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងអំឡុងពេល សន្និសីទកាសែតមួយថា " ដោយផ្អែកលើអ្វីដែលយើងដឹងឥឡូវនេះ ស្ថានភាពដែលសំខាន់គឺថាមេរោគនេះនៅតែបន្តវិវត្តមិនឈប់ ប៉ុន្តែភាពធ្ងន់ធ្ងរនៃជំងឺដែលវាបង្កឡើងហាក់បីដូចជាមានការថយចុះក្នុងពេលវេលានេះ ដោយសារ ភាពស៊ាំរបស់មនុស្សបានកើនឡើង មនុស្សបានទទួលការចាក់វ៉ាក់ស៊ាំង និង មួយចំនួនទៀតបានឆ្លងមេរោគម្ដងរួចហើយ ។"
ទន្ទឹមនឹងនេះ លោកបាននិយាយនៅក្នុងគណនី Twitter របស់លោកនៅថ្ងៃទី០២ ខែមេសា កន្លងមកដោយសង្កត់ធ្ងន់ថា ការចាក់វ៉ាក់ស៊ាំង នៅតែជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតតែមួយគត់ដែលយើងត្រូវសង្គ្រោះជីវិតមនុសស្ស។ លោកបានបញ្ជាក់បន្ថែមពីគោលដៅចាក់វ៉ាក់ស៊ាំងឱ្យបាន ៧០ភាគរយ នៅទូទាំងពិភពលោក។ គាត់ក៏បានសម្តែងការខកចិត្តដែល មនុស្សមួយចំនួននៅក្នុងសហគមន៍សុខភាពពិភពលោក បែរជាចាត់ទុកគោលដៅនេះថាលែងជារឿងសំខាន់ទៅវិញ ៕
អត្ថបទដោយ៖ Senghong