យោងតាមអង្គការសុខភាពពិភពលោក ភាគច្រើននៃករណីឆ្លងជំងឺអុតស្វា បានកើតឡើងក្នុងបណ្ដាប្រទេសដែលមិនមែនជាតំបន់ធ្លាប់ឆ្លងជំងឺនេះពីមុនមក ។ គិតត្រឹមថ្ងៃអង្គារក្នុងសប្ដាហ៍នេះ មានករណីឆ្លងសរុប១៣១ករណី និង១០៦ករណីផ្សេងទៀត ជាករណីសង្ស័យ ហើយកើតមានតាមបណ្ដាប្រទេសចំនួន១៩ ដែលមិនស្ថិតក្នុងតំបន់អាហ្រ្វីក។
ជំងឺអុតស្វា គឺជាការបង្ករោគដោយវីរុស ដែលជាគ្រួសារតែមួយនៃវីរុសបង្កឲ្យមានជំងឺអុតស្វាយ ហើយវាធ្លាប់បានកើតឡើងក្នុងតំបន់អាហ្វ្រីក ។ របៀបឆ្លងអាចកើតឡើង តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយមនុស្ស សត្វ ឬវត្ថុផ្សេងៗ ដែលមានផ្ទុកវីរុសនេះ។ រោគសញ្ញានៃជំងឺនេះរួមមាន ស្បែកចេញក្រហម ក្ដៅខ្លួន ឈឺក្បាល ឈឺតាមសាច់ដុំ មានហើមនិងឈឺតាមឆ្អឹងខ្នងជាដើម ។ ភាគច្រើនជំងឺនេះ មិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាពទេ វាអាចជាសះស្បើយទៅវិញក្នុងរយៈពេលពី ២ទៅ៤សប្ដាហ៍ ។
តាមការបញ្ជាក់ពីមន្រ្តីនៃអង្គការសុខភាពពិភពលោក ករណីឆ្លងភាគច្រើន កើតឡើងតាមរយៈការរួមភេទ ជាពិសេសអ្នកស្រឡាញ់ភេទដូចគ្នា (បុរសស្រឡាញ់បុរស) ជាពិសេសក្នុងតំបន់ទ្វីបអឺរ៉ុប ប៉ុន្តែមិនមានន័យថា ជំងឺអុតស្វានេះ ជាប្រភេទជំងឺកាមរោគនោះទេ។
តាមមន្រ្តីជំនាញនៃអង្គការសុខភាពពិភពលោកដដែល បានអះអាងថាវ៉ាក់ស៊ាំងបង្ការជំងឺអុតស្វាយ មានប្រសិទ្ធភាពការពារជំងឺអុតស្វាបានរហូតដល់៨៥%ខណៈពេលជំងឺអុតស្វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺក្នុងអត្រាប្រហែល ១%ទៅ១០%។
គួរជម្រាបដែរថាតាមការឱ្យដឹងរបសស់បាងកកផុសប្រទេសថៃបានអនុវត្តវិធានការនៅដែល ពេលធ្វើដំណើរមកដល់ព្រលានយន្តហោះសុវណ្ណភូមិថៃ អ្នកដំណើរទាំងអស់ត្រូវធ្វើតេស្តរកជំងឺអុតស្វា បើមានករណីសង្ស័យ ៨ចំណុចអ្នកដំណើរត្រូវចត្តាឡីស័កនៅដាច់ដោយឡែកពីគេ និងរងចាំលទ្ធផលតេស្ត ២ ទៅ ៤ថ្ងៃសិន។
ទោះបីជំងឺអុតស្វា មិនមែនជាប្រភេទជំងឺផ្លូវដង្ហើម ប៉ុន្តែអ្នកជំនាញមានការព្រួយបារម្ភ ចំពោះការឆ្លងរីករាលដាលក្នុងសហគមន៍ ។ បច្ចុប្បន្ន អ្នកជំនាញបានកំពុងសង្កេត និងតាមដាន ពីជំងឺអុតស្វានេះយ៉ាងយកចិត្តទុកដាក់ ។ ស្របពេលជាមួយគ្នានេះ ក៏មានប្រទេសមួយចំនួនដូចជា ប្រទេសអាឡឺម៉ង់ជាដើម បានបញ្ជាទិញវ៉ាក់ស៊ាំងបង្ការជំងឺអុតស្វាយរួចហើយ ៕
អត្ថបទដោយ៖ ហួ ភារ៉ា
ប្រភព៖ www.cnbn.com