នារីៗមានដែលបានសង្កេតមើលវដ្តរដូវរបស់ខ្លួនឯងទេ? ប៉ុន្មានថ្ងៃទើបមកម្ដងដែរ? រាល់ពេលមកម្ដងៗ រយៈពេលប៉ុន្មានថ្ងៃ? មួយរយៈចុងក្រោយនេះ មកទៀងទាត់ឬ យឺតលឿនខុសធម្មតា? ថ្ងៃនេះចាបបៃតងនឹងមកប្រាប់បងប្អូនថា ជាទូទៅធម្មតា បង្ហាញថាសុខភាពល្អ ស្ត្រីនិងមានវដ្តរដូវប៉ុន្មានថ្ងៃម្ដង ហើយមករដូវម្ដងៗប៉ុន្មានថ្ងៃ? ប្រសិនបើរដូវរបស់អ្នកមកយឺតឬលើសពីថ្ងៃកំណត់នេះ គួរតែឆាប់ប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រួវ។
ផ្អែកតាមគេហទំព័រmayoclinic បានឱ្យដឹងថា ជាធម្មតាលំហូរមករដូវរបស់ស្ត្រីកើតឡើងក្នុងរយៈពេលពី២១ទៅ៣៥ថ្ងៃម្ដង ដែលមកម្ដងអាចប្រើរយៈពេល២ទៅ៧ថ្ងៃ។ នៅពេលដែលអ្នកមានអាយុនៅតិច រដូវមកលឿននិងច្រើនថ្ងៃ ជារឿងធម្មតានោះទេ ហើយនៅពេលដែលស្ត្រីមានអាយុកាន់តែច្រើនរដូវនឹងចាប់ផ្ដើមតិចជាងមុន។ បន្ថែមពីនោះ ដើម្បីតាមដានមើលពីភាពមិនប្រក្រតី អ្នកគួរកត់សម្គាល់មើលចំណុចដូចជា៖
១ កាលបរិច្ឆេទចុងក្រោយនៃថ្ងៃមករដូវ ហើយផ្ទៀងមើលថាមានតិចជាង២១ថ្ងៃ ឬលើសពី៣៥ថ្ងៃទេ?
២ សង្កេតមើលឈាមរដូវមានពណ៌ខ្មៅឬខុសប្រក្រតីទេ? មានឈាមកកដុំទេ? តើធ្វើឱ្យអ្នកត្រូវប្តូរសំឡីអនាម័យញឹកញាប់ទេ?
៣ មករដូវលើសធម្មតា អាចនិងមានច្រើនលើស៧ថ្ងៃ ឬមកមិនឈប់ (ឆាប់ទៅជួបពេទ្យភ្លាម)។
៤ ការឈឺចាប់ ខុសធម្មតា ឬមានអារម្មណ៍ឈឺចាប់ខ្លាំងជាងធម្មតាទេ?
៥ ការផ្លាស់ប្តូរផ្សេងទៀត តើអ្នកធ្លាប់ជួបប្រទះការផ្លាស់ប្តូរអារម្មណ៍ ឬអាកប្បកិរិយាដែរឬទេ? តើមានអ្វីថ្មីកើតឡើងជុំវិញពេលវេលានៃការផ្លាស់ប្តូរអំឡុងពេលមករដូវរបស់អ្នក?
៦ រដូវមកយឺតលើស៩០ថ្ងៃ ប៉ុន្តែគ្មានផ្ទៃពោះ។
ការពន្យារពេលក្នុងការមករដូវក៏អាចមកពីការលេបឬប្រើប្រាស់ឧបករណ៍ពន្យារកំណើតផងដែរ ប៉ុន្តែប្រសិនបើអ្នកកំពុងតែមានបញ្ហារដូវមកយឺតឬលើសពី៣៥ថ្ងៃមិនទាន់ឃើញមកទៀត ឬមានអាការខុសប្រក្រតីដូចរៀបរាប់ខាងលើ សូមលើកទឹកចិត្តឱ្យឆាប់ពីពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ ព្រោះមនុស្សស្រីមានវ័យកាន់តែកើន អាចប្រឈមនឹងជំងឺមហារីកមាត់ស្បួន៕
អត្ថបទដោយ៖ Senghong