សុខភាពជារឿងសំខាន់សម្រាប់ការរស់នៅរបស់មនុស្សម្នាក់ៗ។ ពិសេសអ្នកត្រូវសាងទម្លាប់ល្អជាប្រចាំថ្ងៃ ដើម្បីបង្កើនឱ្យអាយុវែង និងកុំឱ្យឈឺច្រើន។ ថ្ងៃនេះ យើងសុំលើកពីទម្លាប់ល្អពីអ្នកឧញ្ញ៉ាគួច ម៉េងលី ដើម្បីបំប៉នសុខភាពឱ្យរឹងមាំ និងរស់នៅបានយូរ។ តើអ្នកចង់បានទេ? នេះជាទម្លាប់សាមញ្ញៗ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាអាចធ្វើបាន៖
១. រក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ
មានមនុស្សភាគច្រើនបានមើលរំលងការញ៉ាំទឹកនេះ ការញ៉ាំទឹកមិនគ្រប់នេះ វាធ្វើឱ្យមានបញ្ហាដល់ស្បែក និងសុខភាពផងដែរ។ សូម្បីលោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា “អ្នកដែលខ្វះជាតិទឹក និងពិសារទឹកមិនបានគ្រប់គ្រាន់ ធ្វើឱ្យស្បែកអ្នកចាស់ជាងវ័យ និងខូចសុខភាព ហើយអ្នកគួរញ៉ាំទឹកមួយថ្ងៃបីលីត្រ ទៅបួនលីត្របានហើយ។” ទម្លាប់មួយនេះ ងាយណាស់ គ្រាន់តែអ្នកញ៉ាំទឹកឱ្យបានច្រើន អ្នកច្បាស់ជាប្លែកអារម្មណ៍ដោយខ្លួនឯង។ ពីព្រោះរាងកាយរបស់យើង ត្រូវការជាតិទឹក ៧០%ឯណោះ។
២. ពង្រឹងរាងកាយឱ្យរឹងមាំ
យើងបានឃើញថា មានប្រជាជនខ្មែរមួយចំនួនមិនសូវធ្វើលំហាត់ប្រាណទេ នេះជាហេតុឱ្យប្រជាជនខ្មែរ ឆាប់ដុះក្បាលពោះ និងឆាប់មានជំងឺ ឬខ្សោយបេះដូងក្នុងការផលិតឈាមផងដែរ។ តាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា ពេលវេលាសម្រាប់ហាត់ប្រាណឱ្យបានល្អ នៅពេលព្រឹកម៉ោង ៥ និងម៉ោង ៦ព្រឹក ចំណែកពេលល្ងាចនៅម៉ោង ៤ ទៅដល់ ៥ ម៉ោង។ ពីព្រោះខ្លួនយើងត្រូវការបម្លែងវិតាមីនD ទៅជាកាលស្យូម ដើម្បីឱ្យឆ្អឹងរឹងមាំ។ ការហាត់ប្រាណ អ្នកអាចដើរ រត់តិចៗ... ជាវិធីល្អសម្រាប់គាំទ្រដល់សុខភាព និងចាប់ពី ៣០ ទៅ៤០ នាទីបានហើយ។”
៣. ការជ្រើសរើសអាហារ
តាមគេហទំព័រ Visit Okinawa Japan បានចុះផ្សាយថា អ្នករស់នៅឱ្យមានអាយុវែង ភូមិអូជីមីក ដែលមានរបបអាហារ ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនពីប្រភពផ្សេងៗគ្នា ដូចជាសាច់សត្វ (ប្រូតេអ៊ីនសត្វ) បន្លែ តែបៃតង និងផ្លែឈើក្រូច ហើយមានអាហារធម្មជាតិច្រើនទៀតសម្រាប់ជីវិតរសនៅទីនោះ។ ហើយពួកគាត់មានពេលវេលាហូបអាហារទៀងពេល និងមិនហូបអាហារពេលយប់ជ្រៅទេ។ តាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា ការហូបអាហារពេលយប់ពេក ជាពេលវេលាមួយ ដែលធ្វើឱ្យអ្នកឆាប់ឡើងគីឡូ និងបង្កជំងឺ។ ពីព្រោះថា ពេលយើងហូបរួច មិនបានបញ្ចេញចលនា ហើយដេកលក់ នេះជាមូលហេតុធ្វើឱ្យអ្នកឡើងគីឡូ។ ចន្លោះពេលអ្នកគួរហូបអាហារមុនចូលដេក ចាប់ពី៣ ទៅ ៤ ម៉ោង ដើម្បីក្រពះធ្វើដំណើរការរំលាយបានល្អ។” យល់ល្អ អ្នកគួរឈប់ញ៉ាំត្រឹម៨ ឬម៉ោង៩ យប់ជាការល្អបំផុត ដើម្បីឱ្យព្រះដំណើរការបានល្អបំផុត៕
អត្ថបទដោយ៖ ទ្រ សុភាព