កាលពីកំឡុងឆ្នាំ២០២១ ក្រោយពីកើតរឿងហេតុប្រារព្ធពិធីបួងសួងសាសនា ឥណ្ឌាត្រូវរងនូវការផ្ទុះករណីឆ្លងស្លាប់យ៉ាងដំណំ ជាហេតុធ្វើឱ្យមនុស្សនៅជុំវិញពិភពលោកសង្វេគជាខ្លាំង។ យ៉ាងណាមិញ ជាមួយនឹងសា្ថនភាពឆ្លងហក់ខ្ពស់បែបនេះ ឥណ្ឌាត្រូវបានគេសង្ស័យថា លាក់ទិន្ន័យចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ខណៈពេលអ្នកជំនាញវិភាគត្រឹមចន្លោះថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ ២០២១ មានចំនួនអ្នកស្លាប់សរុបត្រឹមតែ ៤៨១,០០០នាក់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
តួយ៉ាង បើតាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ពិតក្នុងប្រទេសឥណ្ឌា គឺអាចមាននិន្នន័យលើសចំនួនបង្ហាញជាផ្លូវការរហូតទៅដល់១០ដងឯណោះ ដែលអាចស្មើនឹងចំនួន១ភាគ៣នៃចំនួនអ្នកស្លាប់ពិតប្រាកដក្នុងពិភពលោក។
បន្ថែមជាមួយគ្នានេះផងដែរ ផ្អែកទៅតាមប្រភពទិន្នន័យដែលបានបង្ហាញរបស់រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថាបច្ចុប្បន្នប្រទេសខ្លួនមានករណីឆ្លងសរុប៤២ ៥៥១ ២៤៨ករណីស្លាប់ចំនួន ៥២៤ ០០២នាក់និងកំពុងសម្រាកព្យាបាល១៩ ៦៨៨នាក់ ហើយទិន្នន័យនេះដែរ ត្រូវបានគេសន្និដ្ឋានថា មិនសមស្របនោះឡើយ៕
អត្ថបទដោយ៖ ប៉ែត ធីតា