មួយរយៈខ្លីកន្លងមកនេះ បញ្ហារោគសើរស្បែកកំពុងតែចោទមានឡើង ខណៈពេលជំងឺអុតស្វា កំពុងតែរាតត្បាតចូលបានប្រមាណជិត ២០ប្រទេស នាប៉ែកអាហ្វ្រិក និងអឺរ៉ុប។ ដោយឡែក ថ្វីត្បិតតែវីរុសប្រភេទពុំទាន់រីករាលដាលចូលដល់ទឹកដីអាស៊ីក៏ដោយក្តី ប៉ុន្តែក្រសួងសុខាភិបាលនៅតាមបណ្ដាប្រទេសនានា រួមមានទាំងកម្ពុជាផងនោះ កំពុងតែស្វះស្វែងរិះរកនៅវិធីសាស្ត្រទប់ស្កាត់ជាមុន ដើម្បីកុំឱ្យវីរុសមួយប្រភេទនេះកើតមានក្នុងប្រទេស។
យ៉ាងណាមិញ ដើម្បីជាគន្លឹះបន្ថែមនៅក្នុងការថែរក្សាសុខភាពស្បែក និងពង្រឹងប្រព័ន្ធភាពស៊ាំ ប្រភពចេញផ្សាយ dreamerforum បានលើកឱ្យដឹងថា ពាក់ព័ន្ធទៅនឹងបញ្ហាស្បែក និងប្រព័ន្ធភាពស៊ាំ សារធាតុចិញ្ចឹមដែលសំខាន់បំផុតគឺជាប្រភេទវីតាមីន C ដោយវីតាមីនមួយប្រភេទនេះ ត្រូវបានគេជឿថា នឹងបង្កើនការផលិតកោសិកាឈាមស មានមុខងារប្រឆាំងនឹងការឆ្លងមេរោគក្នុងខ្លួនមនុស្ស។ បន្ថែមជាមួយគ្នានេះ វីតាមីន C អាចជួយបន្សាបរ៉ាឌីកាល់សេរី និងប្រយុទ្ធប្រឆាំងនឹង ROS ទាំងនៅ ផ្នែកខាងក្នុង និងកោសិកាខាងក្រៅ (ពោលគឺកោសិកាខាងក្នុង និងកោសិកាខាងក្រៅ)។ ជាទូទៅសារជាតិវីតាមីន ត្រូវបានគេរកឃើញមាននៅក្នុងបន្លែផ្លែឈើចម្រុះ ប៉ុន្តែចំពោះក្រុមបន្លែផ្លែឈើដែលសម្បូរជាងគេភាគច្រើនជាក្រុមផ្លែឈើដែលមានរសជាតិជូរ (ក្រូច, បឺរី, ម្នាស់...)។
ម្យ៉ាងទៀតសោត ប្រភពដដែលក៏បានលើកបន្ថែមថា ចំពោះក្រុមអាហារផ្សេងទៀតក៏មានប្រយោជន៍ផងដែរដូចជា ប្រភេទបន្លែបៃតងដូចជា ផ្កាខាត់ណាខៀវ មានវីតាមីន A, C និង E ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត។ ចំណែកគ្រឿងទេសផ្ទះបាយដូចជា ខ្ទឹមស ផ្ទុកទៅដោយសារធាតុរ៉ែនឹងជួយរារាំងការលូតលាស់ និងរីករាលដាលពពួកបរាសិតក្នុងសរីរាង្គ ខណៈដែលវីតាមីនK ជួយបង្អាក់ដំណើរការ និងលាងសម្អាតសារធាតុមិនល្អនៅក្នុងខ្លួន។
គួរបញ្ជាក់ឱ្យដឹងបន្ថែមថា ក្រៅពីទទួលទាននូវក្រុមបន្លែផ្លែឈើ ប្រភេទសាច់ទ្រូងមាន់ សាច់ត្រី ក៏មានប្រយោជន៍ផងដែរ ក៏ប៉ុន្តែក្នុងលក្ខខណ្ឌចម្អិនត្រូវតែឆ្អិនល្អ ដើម្បីបង្ការករណីបង្ករោគណាមួយកើតមានចំពោះរាង្គកាយ បន្ទាប់ពីទទួលទាន៕