





សង្គមសព្វថ្ងៃនេះ បញ្ហាផ្នែកអារម្មណ៍មានការកើនឡើង ពេលអ្នកបណ្តាលអារម្មណ៍ឱ្យសោកសៅនិងឈឺចាប់ជាប់រហូតនោះ។ វាមិនខុសពីជំងឺរាងកាយទេ បើយើងមិនឆាប់ព្យាបាល ជំងឺកាន់តែធ្ងន់។ លោកវេជ្ជបណ្ឌិត អាង ប៉េងឈី ទីប្រឹក្សាចិត្តសាស្រ្តនៅមន្ទីរពេទ្យ Mount Elizabeth បានចែករំលែកវិធីពង្រឹងផ្លូវចិត្ត កុំឱ្យលង់ជ្រៅឡើង។
អ្នកបែបជាធ្លាប់ឮពាក្យថា ចំណេះដឹងជាអំណាច ឬជាពន្លឺហើយមើលទៅ។ នៅត្រង់ចំណុចនេះ ខ្ញុំសម្តៅលើចំណេះដឹងផ្នែកចិត្តសាស្រ្ត អ្នកគួររៀនពីការអានសៀវភៅ ការស្តាប់់បុគ្គលល្បីផ្នែកចិត្តសាស្រ្ត និងរៀនស្វែងយល់ពីអារម្មណ៍របស់ខ្លួន។ តាមលោកវេជ្ជបណ្ឌិត អាង ប៉េងឈី បានលើកឡើងថា បើអារម្មណ៍ផ្លូវចិត្តរបស់អ្នកខ្សោយហើយ ការគ្រប់គ្រងវាបានល្អ និងកើនថាមពលអារម្មណ៍ផ្លូវចិត្ត ចូរអ្នកព្យាយាមរៀនសូត្រនេះឯង។
បើអ្នកមានបញ្ហាអារម្មណ៍ហើយរត់គេចពីបញ្ហានោះ បញ្ហាផ្លូវចិត្តនឹងតាមលងអ្នកដូចជាស្ររមោលតាមប្រាណចឹងដែរ។ តាមលោកវេជ្ជបណ្ឌិត ប៉េងឈី បានផ្តល់ដំណោះស្រាយថា បើអ្នកចង់ដោះស្រាយស្រមោលផ្លូវចិត្តនេះ ឱ្យធូរស្រាយពីចិត្ត ចូរនិយាយជាមួយទីស្រឡាញ់របស់អ្នកអាចជាមិត្តភក្តិ ម្តាយ និងបុគ្គលមានទំនុកចិត្ត”។ ហើយវេជ្ជបណ្ឌិតបានបន្ថែមថា ទោះបីអ្នកអស់កម្លាំងពីខ្លួនមកពីបញ្ហាផ្លូវចិត្តក៏ដោយ ចូលជម្នះលើខ្លួនទៅហាត់ប្រាណ ដើម្បីគ្រប់គ្រងអារម្មណ៍ ហើយវាជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត។
លោកវេជ្ជបណ្ឌិត ប៉េងឈី បាននិយាយថា ពេលអ្នកពិបាកចិត្តហើយរត់ទៅផឹកស្រាធ្វើជាដំណោះស្រាយ ការធ្វើបែបនេះ មានតែទុក្ខលើសដើមបន្ទាប់ពីស្វាងពីស្រវឹង។ លើសពីនេះ បើអ្នកលេបថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តហើយផឹកគ្រឿងស្រវឹង អ្នកអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ជាចុងក្រោយនេះ ការគេងឱ្យបានគ្រប់គ្រាន់អាចផ្តល់អត្ថប្រយោជន៍ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក ដើម្បីអាចគ្រប់គ្រាន់មុខងារខួរក្បាលយ ក៏ដូចជាបង្កើនល្បឿននៃការស្តារអារម្មណ៍ផ្លូវចិត្តឡើងវិញដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព