នៅក្នុងចំណោមជំងឺពិបាកព្យាបាលបំផុតគឺជំងឺមហារីក។ ព្រោះជំងឺនេះមិនទាន់មានអ្នកវិទ្យាសាស្រ្តរកឃើញថ្នាំព្យាបាលឱ្យជាដាច់នោះទេ។ តាមលោកវេជ្ជបណ្ឌិត Tran Hai Binh អនុប្រធាននាយកដ្ឋានជំងឺមហារីកបានធ្វើរោគវិនិច្ឆ័យថា មានបុរសម្នាក់កើតជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ ព្រោះតែផឹកស្រាអស់រយៈពេល ១០ឆ្នាំ ដែលធ្វើឱ្យគាត់រស់នៅមិនដល់មួយឆ្នាំទៀតទេ។ យោងតាម WHO បានបញ្ជាក់ថា គ្រឿងស្រវឹងមិនមែនជារបបអាហារធ្វើឱ្យអ្នកមានសុខភាពល្អទេ។ វានាំជំងឺកាចទាំង ៤នេះ ខូចថ្លើម មហារីក ជំងឺបេះដូង និងជំងឺផ្លូវចិត្ត(គ្មានអារម្មណ៍ផ្លូវភេទ)។
ហើយលោកវេជ្ជបណ្ឌិតបានពន្យល់បន្ថែមថា អ្នកជំងឺមហារីកថ្លើមជាច្រើនមានប្រវត្តិជាអ្នកពូកែផឹកស្រាជាច្រើនឆ្នាំមកហើយ។ ចំពោះគ្រឿងស្រវឹងជាកត្តាហានិភ័យឈានមុខគេសម្រាប់ជំងឺមហារីក រួមទាំងមហារីកថ្លើមផងដែរ។ ពេលជាតិអាល់កុលចូលក្នុងខ្លួន វាបំផ្លាញកោសិកាថ្លើម នាំឱ្យរបួសថ្លើម បង្កជាជំងឺក្រិនថ្លើម ហើយទីបំផុតនាំទៅរកជំងឺបងធំគឺមហារីកថ្លើមតែម្តង។ មានគ្រូពេទ្យជាច្រើនបានណែនាំអ្នកជំងឺខ្លួនកុំឱ្យបន្តផឹកស្រា វាធ្វើជំងឺមហារីកកាន់តែធ្ងន់ឡើង។ហើយជាតិស្រានេះក៏ជះឥទ្ធិពលអាក្រក់ប្រដាប់ភេទរបស់បុរសឱ្យរួមស្វិតនិងខ្សោយកម្លាំងទៀត។
យោងតាមរយៈគេហទំព័រ www.ncbi.nlm.nih បានបញ្ជាក់ឱ្យដឹងថា បុរសៗ ផឹកស្រាច្រើនបរិមាណជាប្រចាំថ្ងៃរាប់ខែរាប់ឆ្នាំ អាចនឹងប្រឈមខ្សោយផ្លូវភេទ ពិបាកក្នុងការឡើងរឹងនៃលិង្គ(ងាប់លិង្គ) បុរសៗនឹងពិបាកឈានដល់ចំណុចកំពូលពេលរួមភេទ ដោយសារជាតិអាល់កុលបានទៅរំញោចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទ។ មួយវិញទៀតបុរសផឹកស្រាច្រើនអាចនឹងពិបាកក្នុងការបាញ់ទឹកកាមចេញមកក្រៅពេលរួមភេទឬមួយក៏ឆាប់ចេញទឹកកាមលឿនខ្លាំងជាងធម្មតា។ កាន់តែហានិភ័យជាងនេះ គេបានឱ្យដឹងថា ការផឹកស្រាច្រើន គឹធ្វើឱ្យលិង្គបុរសរួមតូច(ស្វិត) បង្កជាផលប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល។ ហើយបញ្ហាសុខភាពថយចុះការរួមភេទក៏ខ្សោយតាមហ្នឹងដែរ។
យោងតាមស្ថិតិឆ្នាំ២០២៤ របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់គ្រឿងស្រវឹងដោយមានជាតិអាល់កុលសុទ្ធមានកម្រិត ៨.៩លីត្រក្នុងមនុស្សម្នាក់ (អាយុលើសពី ១៥ឆ្នាំ) វៀតណាមនៅតែលើសប្រទេសថៃ(៨.៣លីត្រ) និងសិង្ហបុរី (២.៩លីត្រ)។ ដោយសារកត្តាញៀនស្រាបែបនេះ នាំឱ្យពួកគេកើតជំងឺក្រិនថ្លើមហើយក្លាយជាជំងឺមហារីកបន្តថែមទៀត។ ហើយសុខភាពការរួមភេទកាន់តែចុះខ្សោយតាមពេលវេលានៃជំងឺតាមជាប់ខ្លួនដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព