ជាតិស្ករដែលយើងទទួលទាន ហើយបង្កគ្រោះថ្នាក់ធ្ងន់ដល់សុខភាព គឺមិនត្រឹមតែនៅក្នុងភេសជ្ជៈផ្អែមៗនោះទេ ក្នុងចំណីអាហារដែលផ្អែមក៏អាចបណ្ដាលឱ្យកើតជំងឺឫគ្រោះថ្នាក់ផ្សេងៗដល់សុខភាពផងដែរ។ហើយបច្ចុប្បន្នប្រជាជនយើងភាគច្រើន បាននឹងកំពុងមើលរំលងនូវ កំហុសមួយនេះមែនទែន ដោយចូលចិត្តអាហារនិងភេសជ្ជៈណាដែលផ្អែមៗហើយវាពិតជាអាចធ្វើឱ្យមានគ្រោះថ្នាក់មែនទែននាពេលខាងមុខ។
តើអ្នកដឹងពីកម្រិតនៃការប៉ះពាល់កម្រិតណានៃអាហារឫភេសជ្ជៈ ដែលមានជាតិផ្អែមដែលអ្នកទទួលទាន បច្ចុប្បន្ននេះ?
បើយោងតាមការចុះផ្សាយរបស់ BOSTON PUBLIC HEALTH COMMISSIN បានឱ្យដឹងថាការទទួលទានភេសជ្ជៈមានជាតិស្ករច្រើនអាចបង្កើនហានិភ័យដូចជា៖
-ជំងឺទឹកនោមផ្អែមប្រភេទ ២(ជំងឺដែលរាងកាយមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានត្រឹមត្រូវហើយអាចឈានដល់ស្លាប់) * ជំងឺបេះដូងនិងជំងឺរលាកសន្លាក់។
-ស្ត្រីដែលផឹកភេសជ្ជៈជាតិស្ករមួយកែវក្នុងមួយថ្ងៃឬច្រើនជាងនេះមានហានិភ័យទ្វេដងនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែម
-ហានិភ័យរបស់កុមារដែលទទួលទានរាល់ថ្ងៃធាត់កើនឡើង ៦០% ជាមួយនឹងភេសជ្ជៈជាតិស្ករបន្ថែមនីមួយៗដែលបាន ។
-ប៉ះពាល់ដល់សមត្ថភាពខួរក្បាល
-មានបញ្ហាលើផ្លូវអារម្មណ៍
-កុមារដែលផឹកភេសជ្ជៈមានជាតិស្ករ មានហានិភ័យទ្វេដងលើបញ្ហាធ្មេញ។
បន្ថែមពីលើនេះបើយោងតាមការស្រាវជ្រាវមួយចំនួនផ្សេងទៀតដូចជា៖
-ការសិក្សាឆ្នាំ ២០០២ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី អាមេរិច បានឱ្យដឹងថា ក្នុងកំរិតខ្ពស់នៃជាតិស្ករដែលស្ថិតក្រោមការកែច្នៃអាចបង្កើនការរលាកដែលបណ្តាលអោយមាន ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
-វេជ្ជបណ្ឌិតនីកូឡាសភឺរ៉ូឡូន គ្រូពេទ្យជំនាញខាងសើស្បែកនិងអាហារបំប៉នបានប្រាប់ The Huffington Post ថាការប្រមូលជាតិស្ករច្រើនគឺអាចបង្កឱ្យមាន“ការរលាកពេញរាងកាយ”។មិនត្រឹមតែភេសជ្ជៈទេសូម្បីតែ ការទទួលទានអាហារដែលមានជាតិស្ករខ្ពស់ក៏អាចបង្កឱ្យស្បែកគ្រើម ស្នាមជ្រីវជ្រួញនិងស្នាមខ្មៅលេចលើកញ្ចឹងកនិងនៅតាមដងខ្លួនជាដើម។
-បរិមាណជាតិស្ករខ្ពស់នៅក្នុងរបបអាហារអាចប៉ះពាល់ដល់លំហូរឈាមការប្រើប្រាស់ស្ករច្រើនពេកក៏មានជាប់ទាក់ទងនឹងការស្លាប់លិង្គចំពោះបុរសដែរ នេះបើតាមការឱ្យដឹងនៃការស្រាវជ្រាវរបស់ The Johns Hopkins University School of Medicine កាលពីឆ្នាំ២០០៥។
ងាកមកដឹងពីអនុសាសន៍របស់លោក លី សុវ៉ាន់ អ្នកនាំពាក្យក្រសួងសុខភិបាលកម្ពុជា បានឱ្យដឹងថា ក្នុងករណីយើងទើបតែធ្វើការងារហើយហត់នឧយនិងបែកញើសជាដើម គឺយើងមិនត្រូវទទួលទានភេសជ្ជៈផ្អែមភ្លាមៗឡើយព្រោះ វាអាចមានផលប៉ះពាល់ដល់អាយុជីវិតភ្លាមៗ សម្រាប់ការញុំាប្រភេទទឹកដែលល្អគឺទឹកដូង ឫទឹកអូរ៉ាលីត នេះបើតាមការឱ្យដឹងរបស់លោកដដែល។
ប៉ុន្តែបើយើងក្រឡេកមើលលើការផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា មនុស្សពេញវ័យគឺត្រូវការជាតិស្កតិចជាង៥០ក្រាមឫ ប្រហែល១២ស្លាបព្រាកាហ្វេ។ចំពោះកុមារក៏ត្រូវការមានប្រុងប្រយ័ត្នខ្ពស់ដែរជាមួយរបស់ផ្អែមនេះព្រោះអាចងាយរងផលប៉ះពាល់ខ្លាំងចំពោះពួកគេ។
ទន្ទឹមគ្នានេះផងដែរ លោក ឧកញ៉ា គួច ម៉េងលីក៏បានលើកឡើងដែរពីផលប៉ះពាល់នៃការបរិភោគភេសជ្ជៈផ្អែមៗដែលខ្មែរយើងនិយមញុំារាល់ថ្ងៃនេះ។លោកវេជ្ជបណ្ឌិត្យបានបញ្ជាក់ថា សារធាតុទឹកផ្អែមនេះ បើយើងផឹកហើយ មិនប្រើកម្លាំងឫបញ្ចេញថាមពលទេ វានឹងវិវត្តន៍ជាការឡើងគីឡូ ហើយការធាត់ឡើងគីឡូនេះ នឹងបង្កឱ្យកើតជំងឺ មហារីក ទឹកនោមផ្អែម ខ្លាញ់រុំបេះដូង ជាដើម។
ហើយប្រសិនបើអ្នកទទួលទានភេសជ្ជៈផ្អែម១កំប៉ុងដែលមានបរិមាណស្កប្រមាណជា១០ស្លាបព្រាកាហ្វេ គឺត្រូវចំណាយពេលហាត់ប្រាណឫប្រើកម្លាំងធ្វើការងារ ប្រមាណជាកន្លះម៉ោងឫច្រើនជាងនេះទៅតាមប្រភេទភេសជ្ជៈដែលផ្ទុកជាតិស្កនោះ។
សូមទទួលទានអាហារនិងភេសជ្ជៈ ដែលផ្ទុកជាតិផ្អែមដោយទំនួលខុសត្រូវ កុំបណ្ដោយឱ្យការញុំាទៅឆ្ងាញ់ជាប់មាត់ ហើយបង្កឱ្យកើតជំងឺច្រើនមុខនិងធ្ងន់ធ្ងរនាពេលអនាគត។
អត្ថបទបន្ថែម៖ វេជ្ជបណ្ឌិតគួច ម៉េងលី៖ អាហារ ៤ក្រុមដែលយើងខ្វះមិនបាន ត្រូវទទួលទានជារៀងរាល់ថ្ងៃ
អត្ថបទ៖ ភោគ ម៉ារី