បញ្ហាញ៉ាំអាហារយប់ជ្រៅ ត្រូវបានអ្នកជំនាញជាច្រើនបានសិក្សាវិភាគជាបន្តបន្ទាប់រកឃើញថា អាចបណ្តាលឱ្យឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ហើយនាថ្មីៗនេះក៏មានការស្រាវជ្រាវបន្ថែមទាក់ទិនទៅនឹងរឿងញ៉ាំយប់ដដែលនេះស្តែងឱ្យដឹងថា ការញ៉ាំនៅពេលយប់អាចរំខានដល់កម្រិតជាតិស្ករក្នុងឈាម និងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។
យោងតាមក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Brigham and Women's Hospital ក្នុងទីក្រុង Boston បានឱ្យដឹងថា ការញ៉ាំនៅពេលយប់ គឺមិនស៊ីសង្វាក់គ្នាជាមួយនឹងចង្វាក់ circadian ធម្មជាតិនៃរាងកាយឡើយ និងអាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែម។
តួយ៉ាង នៅក្នុងការសិក្សាស្រាវជ្រាវ បានដាក់មនុស្សវ័យក្មេងដែលមានសុខភាពល្អចំនួន ១៩នាក់ ឱ្យធ្វើការងារ វេនយប់ និងបម្លាស់ប្តូររបបអាហារឱ្យទទួលទាននាពេលយប់។ ជាលទ្ធផលដែលអ្នកជំនាញសង្កេតឃើញថា ជាតិស្ករក្នុងឈាមរបស់អ្នកដែលស្ម័គ្រចិត្តពិសោធន៍នោះ គឺមានការកើនឡើងនៃជាតិស្ករក្នុងឈាម និងការថយចុះមុខងារនៃកោសិកាបេតានៃលំពែង ដែលទាំងពីរនេះ ជាបុព្វហេតុដែលអាចកើតមានជំងឺទឹកនោមផ្អែមប្រភេទទី២។
បន្ថែមជាមួយនឹងបញ្ហានៃការញ៉ាំអាហារយប់នេះទៀតសោត អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ធ្លាប់បានមានប្រសាសន៍ដែរថា «ខ្មែរយើងភាគច្រើនរវល់ការងារមកដល់ផ្ទះយប់ជ្រៅ ញុំាបាយហើយអស់កម្លាំង ក៏គេងទៅ នេះជាបញ្ហាដែលនាំឱ្យកើតជំងឺផ្សេងៗ។ ជំងឺទាំងនោះរួមមាន ជំងឺក្រពះ បញ្ហាអាំងស៊ុយលីងពិបាកចេញ ឡើងគីឡូ ជាតិអាស៊ីចេញពីក្នុងពោះ និងមានកត្តាផ្សេងទៀត ខ្លាញ់ អាស៊ីត»។
ហេតុដូច្នេះ នៅពេលអាស៊ីតចេញ ធ្វើឱ្យឈឺក្រពះ គេងមិនលក់ ធ្វើទុក្ខនាំឱ្យកើតជំងឺផ្លូវចិត្ត ហើយបញ្ហានេះកើតៗយូរទៅ ធ្វើឱ្យរាងកាយយើងមានបញ្ហា ឬជំងឺគ្រប់កន្លែងតែម្តង។
អាស្រ័យដូចដែលបានរៀបរាប់ខាងលើនេះ បងប្អូនគួរណាស់តែ មានទម្លាប់ញ៉ាំអាហារដែលមានសុខភាពល្អ ចម្លោះរយៈពេល ៣ទៅ៤ម៉ោង មុនចូលគេង ដើម្បីធ្វើឱ្យប្ររព័ន្ធរំលាយដំណើរការបានល្អ។ ហើយអាហារដែលល្អ អ្នកត្រូវកំណត់កម្រិតជាតិស្ករ កម្រិតជាតិប្រៃ ប្រសិនបើលោកអ្នកអាចងាកមកទទួលទានអាហាររសជាតិសមល្មមមិនប្រៃ មិនផ្អែម ហើយក៏មិនសាបពេកដែរ៕