ថង់សួតរបស់អ្នក អាចមានការហើម ដោយសារសារធាតុរាវកខ្វក់ មេរោគ បាក់តេរី ផ្សិតផ្សេងៗ បង្កជាបញ្ហាដល់ផ្លូវដង្ហើម អាចបង្កជាខ្ទុះ និងរំអិលផ្សេងៗកើតឡើងលើសួត ក៏ដូចជាផ្លូវដង្ហើមរបស់អ្នកជាដើម។ សារធាតុមិនល្អទាំងនោះ ក៏អាចបង្កជាអាការរំខានផ្សេងៗទៀត ដូចជាគ្រុន ក្អក រងារញាក់ ជាដើម។ ផ្អែកតាមគេហទំព័រTimeofindia បានប្រាប់ពីវិធីសម្អាតសារធាតុកង្វក់ចេញពីសួត ដោយអនុវត្តក្បួនPranayama ទាំង៤ក្បាច់ខាងក្រោមនេះ។
១ Bhastrika Pranayama ៖ អង្គុយដូចជាសមាធិ ដាក់ខ្នងឱ្យត្រង់ យកដៃទាំងសងខាងដាក់លើជង្គង់ហើយលាបាតដៃឡើង រួចបិទភ្នែក។ ដកដង្ហើមចូលឱ្យជ្រៅ ហើយដកដង្ហើមចេញវិញឱ្យអស់ ស្មើរៗគ្នា។ រក្សាដង្ហើមចេញដង្ហើមចូលឱ្យសមាមាត្រគ្នា មានន័យថាបើដកដង្ហើមចូល៥ដង ដកដង្ហើមចេញឱ្យបាន៥ដងដែរ។
២ Anulom Vilom Pranayama៖ អង្គុយឱ្យដូចក្បាច់ទី១ដែល តែដាក់ដៃឆ្វេងទៅលើជង្គង់។ យកម្រាមដៃមេខាងស្តាំបិទរន្ធច្រមុះស្ដាំ ប្រើរន្ធច្រមុះខាងឆ្វេងស្រូបខ្យល់ចូល ហើយបិទរន្ធច្រមុះឆ្វេងវិញ ដកដង្ហើមចេញតាមរន្ធច្រមុះស្ដាំម្ដង។ អ្នកអាចប្តូរដៃ ម្ដងឆ្វេងម្ដងស្ដាំទៅវិញទៅមកបាន។
៣ Kapal Bhati៖ រក្សាទ្រង់ទ្រាយអង្គុយដូចក្បាច់ទី១ដដែល ងើយមុខឡើងបន្តិច បិទភ្នែក ដង្ហើមចូលធម្មតា តែផ្ដោតលើការដកដង្ហើមចេញខ្លីៗ ជាចង្វាក់។
៤ របបអាហារ៖ សម្រាប់ទារកដែលទើបនឹងកើត ហើយបៅទឹកដោះម្ដាយក្នុងរយៈពេល៦ខែដំបូង គេរកឃើញថាអាចការពារជំងឺរលាកសួតបាន។ មិនថាកុមារ ឬមនុស្សពេញវ័យគួរទទួលទានអាហារដែលសម្បូរជាតិរ៉ែ វីតាមីន ដើម្បីឱ្យភាពស៊ាំរឹងមា ការពារជំងឺ។ ផ្លែឈើជាប្រភពនៃវីតាមីនC មានដូចជាពពួកផ្លែក្រូច ពពួកផ្លែប៊ឺរី ផ្លែគីវីជាដើម។ តែសូមចំណាំប្រសិនបើអ្នកមានបញ្ហាឈឺបំពង់ក ចៀសវាងការញ៉ាំទឹកក្រូចឆ្មារសុទ្ធៗ អាចធ្វើឱ្យអាការរបស់អ្នកកាន់តែធ្ងន់ធ្ងរលើសដើម។
ជារួមលោកអ្នកក៏អាចអនុវត្តវិធីទាំង៤នេះជារៀងរាល់ថ្ងៃបាន វាក៏ជាផ្នែកមួយជួយសម្រួលដល់ប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកបានផងដែរ៕
អត្ថបទដោយ៖ Senghong