សរសៃសក់ក្រាស់ស្រឡូនស្រស់ស្អាត គឺជាភាពលេចធ្លោរបស់នារីគ្រប់រូបដើម្បីយោងសម្រស់ខាងក្រៅកាន់តែស្រស់ស្អាតទ្វេដង ហើយមានមនុស្សច្រើនណាស់កំពុងតែស្វែងរកបណ្ដាផលិតផលផ្សេងៗក្នុងការជួយសរសៃសក់ឱ្យមានភាពរស់រវើក មានពន្លឺសំណើមគ្រប់គ្រាន់ និងឈប់ជ្រុះ។ ក៏ប៉ុន្តែ ពួកគេបែរជាភ្លេចងាកមើលទម្លាប់ប្រចាំថ្រងៃបស់គេដែលកំពុងតែបំផ្លាញសក់ឱ្យខូច ជ្រុះសឹងតែរាល់ថ្ងៃ។
ខាងក្រោមនេះ គឺមូលហេតុដែលបណ្ដាលឱ្យសរសៃសក់ដាច់ខូច និងជ្រុះជាប្រចាំ និងមានដំណោះស្រាយខ្លះៗថែមទៀត៖
ការចងសក់តឹងពេក៖ អ្នកជំនាញនិយាយថា នៅពេលអ្នកធ្វើការចងសក់តឹងខ្លាំងពេក វានឹងធ្វើឱ្យសរសៃរបស់អ្នកតឹងណែនដែលបណ្ដាលឱ្យវានឹងដាច់បន្ទាប់ពីអ្នកស្រាយវា បន្ថែមពីនេះ ឬសនៃសរសៃសក់រងការប៉ះពាល់ពីការទាញសក់ឱ្យតឹងដែលបណ្ដាលឱ្យវាងាយនឹងស្ងួតគល់សក់ បង្កស្នាមរលាក់ស្បែកក្បាល ដាច់សក់ជាដើម។
ការធ្វេសប្រហែស៖ តាមការពិតទៅ នៅពេលសក់អ្នកវែងវាប្រាកដជាមានការបែកចុងសក់ ហើយបើអ្នកមិនកាត់សក់ដែលបែកចុងនេះចោលទេ សក់ដែលបែកចុងនេះនឹងកាន់តែខូច ផុយ ជ្រុះ និងបំផ្លាញសរសៃសក់ទាំងមូល។ អ្នកជំនាញបាននិយាយថា សក់របស់អ្នកនឹងកាន់តែមានសុខភាពល្អ ប្រសិនបើអ្នកកាត់ចុងវាជាប្រចាំ និងផ្ដល់នូវជីវជាតិ និងទឹកដែលមានសារធាតុចិញ្ចឹមនិងវីតាមីនសម្រាប់ឱ្យសរសៃសក់ល្អ។
ស្ងួតវាដោយសិប្បនិមិត្ត៖ បន្ទាប់ពីងូតទឹករួចជានិច្ចកាលអ្នកតែងតែធ្វើការសម្ងួតសក់ដោយប្រើម៉ាស៊ីនផ្លុំសក់ ឬ យកកន្សែងពោះគោដែលមានភាពរដុបៗមកធ្វើការជូតសក់ ដែលនេះគឺជាកត្តាធំដែលកំពុងតែបំផ្លាញសរសៃសក់របស់អ្នក ។ ពីព្រោះ ម៉ាស៊ីនផ្លុំសក់វានឹងសម្ងួតស្បែកក្បាលរបស់អ្នកឱ្យស្ងួតលឿនបំផុត ធ្វើឱ្យបាត់បង់ជាតិប្រេងសក់ ប្រេងស្បែកក្បាល បន្ថែមពីនេះ កន្សែងពោះគោដែលភាពរដុបៗនោះ នឹងធ្វើឱ្យសក់មិនមានភាពរលោងនោះទេថែមទាំងធ្វើឱ្យដើមសក់គគ្រើមទៀតផង។ អ្វីដែលអ្នកគួរធ្វើ គឺប្រើកន្សែងដែលមានភាពទន់ សាច់រលោង មកជូតថ្នមៗដើម្បីឱ្យសក់ស្ងួតតាមដំណើរ ។
គេងទាំងចងសក់៖ នៅពេលអ្នកគេងទាំងចងសក់ វានឹងបណ្ដាលឱ្យសរសៃសក់មានភាពតឹងធ្វើឱ្យសក់រងសម្ពាធខ្លាំង។ យោងតាមអ្នកជំនាញបាននិយាយថា វាបណ្ដាលឱ្យសក់បែកចុង បាក់ និងផុយសរសៃសក់ ខូចទ្រង់ទ្រាយសក់ខ្លាំងណាស់ ។ ជាក់ស្ដែងណាស់ ការចងសក់នៅពេលគេងវាបានធ្វើឱ្យបាក់សក់បង្កស្នាមប្រេះដល់សរសៃសក់ រលកត្រង់កន្លាក់ចង ដែលបណ្ដាលឱ្យសក់មិនស្រឡូន។
ជាងនេះទៅទៀត វាធ្វើឱ្យក្បាលរបស់អុ្នកឆក ហើយករណីមួយនេះគឺ ធ្ងន់ធ្ងរខ្លាំងណាស់ ដែលវានឹងបណ្ដាលឱ្យអ្នកមានជម្ងឺម្យ៉ាងហៅថា Alopeciaដែលបណ្ដាលស្បែកក្បាលរបស់អ្នកលែងបណ្ដុះសរសៃសក់លើងមក។ អ្វីដែលអ្នកគួរធ្វើគឺ គេងស្រាយសក់ ឬក្រងសក់រលុងៗ ដើម្បីកុំឱ្យសក់សំពោង ឬខូចទ្រង់ទ្រាយចំរូងចម្រាស់សក់ ជាពិសេស ជ្រើសខ្នើយគេងដែលមានភាពទន់នឹងស្រោមខ្នើយរលោង។
ជាមយយគ្នានេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកឡើងស្រដៀងគ្នាថា៖ មូលហេតុដែលបណ្ដាលឱ្យសក់អ្នកឆាប់ខូច សក់ដាច់ ជ្រុះជាប្រចាំនោះគឺដោយសារកត្តា ចងសក់សក់តឹងពេក, ការជូតសក់ខ្លាំងៗ និងសិតសក់ទាញខ្លាំងក្នុងកំឡុងសក់សើមដែលបណ្ដាលឱ្យសក់រងសម្ពាធដល់ឬសគល់សក់ ការធ្វើបែបនេះញឹកញាប់ វាបណ្ដាលឱ្យសក់ដាច់ ជ្រុះ ហើយរន្ធឬសសក់នឹងមិនបណ្ដុះសរសៃឡើងវិញទេ។ លោកបានដោយបន្តទៀតថា តាមពិតទៅការកក់សក់រាល់ថ្ងៃមិនមែនជាកត្តាដែលធ្វើឱ្យសក់ជ្រុះខូចនោះទេ តែអ្វីដែលសំខាន់នោះគឺ កត្តាផលិតផលដែលអ្នកកំពុងប្រើប្រាស់ដែលមានជាតិកាត់ដល់ស្បែកក្បាលខ្លាំងដែលធ្វើឱ្យស្បែកក្បាលបាត់បង់ជាតិប្រេង សំណើមនឹង គ្មានជីវជាតិ វីតាមីន ខូឡាជែនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឱ្យសរសៃសក់និងឬសរបស់វា។
ដូច្នេះ ការដែលទទួលបានសក់ស្អាត សក់ដែលមានសុខភាពល្អ វែងស្រឡូននិងមានសំណើម ទន់ មានពន្លឺរលោង វាមិនមែនផ្នែកទៅលើតែផលិតផលមួយមុខនោះទេ ។ វាទាមទារការយកចិត្តទុកដាក់ពីអ្នកផង ជាពិសេសរបបអាហារក៏ជារឿងសំខាន់ផងដែរ សម្រាប់សក់ ហើយអ្នកគួរតែបរិភោគអាហារដែលជួយបង្កើនខូឡាជែនឱ្យបានច្រើន និង ញ៉ាំទឹកឱ្យបានច្រើន ជ្រើសផលិតផលថែរក្សាសក់ដែលមានស្ដង់ដាត្រឹមត្រូវ ដើម្បីទទួលបានសក់ដែលមានភាពរឹងមាំល្អ។
អត្ថបទដោយ៖ Tek Sitha