នៅម៉ោង១០៖៣០នាទីយប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានប្រកាសថា រកឃើញករណីអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៣ នាក់ ជាអាជីវករ ផ្សារបឹងសាឡាង ហៅផ្សារក្រមួន ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងប្រតិបត្តិការចុះយកសំណាកស្វែងរកបុគ្គលសង្ស័យ ឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ។
អំឡុងពេលរាតត្បាតនៃវីរុសកូវីដ១៩ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានចុះធ្វើតេស្តនៅទីតាំងខាងលើនេះដោយសារតែសង្ស័យជាប់ពាក់ព័ន្ធជាមួយកូវីដ១៩បំប្លែងខ្លួនថ្មី ជាក់ស្តែងបន្ទាប់ពីធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ចំនួន៣នាក់ ចំណែកឯវិភាគសំណាកប្រភេទនៃវីរុសកូវីដជាដែលតាឬអត់នោះ រង់ចាំសេចក្តីប្រកាសបន្តទៀត។
ដូចនេះ កុំភ្លេចការការពារខ្លួនដោយប្រើវិធីទាំង៧ដូចខាងក្រោម៖
១. ពាក់ម៉ាស បិទជិតច្រមុះ ពេលដែលអ្នកជួបជាមួយមនុស្សមកពីគ្រួសារដទៃ ជាពិសេសនៅពេលដែលអ្នកស្ថិតនៅកន្លែងមិនមានខ្យល់គ្រប់គ្រាន់ឬកន្លែងដែលមានមនុស្សច្រើន ហើយកុំភ្លេចផ្លាស់ប្តូរម៉ាសដែលអ្នកប្រើប្រាស់ឱ្យបានញឹកញាប់ផង
២. រក្សាគម្លាត ៦ ហ្វីត ( ២ម៉ែត្រ) ពីមនុស្សដែលមិនមែនជាសមាជិកគ្រួសាររបស់អ្នក
៣. លាងដៃឱ្យបានញឹកញាប់ ប្រើសាប៊ូលាងដៃ ជេល ឬអាល់កុល
៤. ចៀសវាងកុំទៅកន្លែងដែលមានមនុស្សកុះករ និងមានមិនមានខ្យល់អាកាសគ្រប់គ្រាន់
៥. មិនគួរមានការជួបជុំកម្មវិធីនៅអំឡុងពេលរាតត្បាតនេះ ក្រៅពីក្រុមគ្រួសារនោះទេ
៦. ផ្តោតការយកចិត្តទុកដាក់លើអត្រាឆ្លងកូវីដ ក្នុងសហគមន៍ រួមទាំងអត្រាឆ្លងវីរុសបំប្លែងខ្លួន Delta ផងដែរនិងចៀសវាងទំនាក់ទំនងសង្គមដែលមិនចាំបាច់ជាមួយអ្នកដទៃនៅពេលអត្រាឆ្លង កើនឡើងខ្ពស់
៧. មើលថែសុខភាពឱ្យបានល្អ ញ៉ាំស្អាត ឧស្សាហ៍ផឹកទឹកក្តៅ ហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងរក្សាលំនឹងផ្លូវចិត្តឱ្យនឹងនរ
ការអនុវត្តតាមវិធីទាំង៧នេះ ទោះបីជាវីរុសដែលតាខ្លាំងប៉ុណ្ណា ក៏ក្រុមការងារចាបបៃតងជឿថា បងប្អូននឹងអាចយកឈ្នះវាបាន គឺវីរុសមិនអាចចូលទៅវាយលុកសួតរបស់យើងបាននោះទេ៕