មកទល់នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា បញ្ហានៃការលូតលាស់ក្មេងៗបានក្លាយទៅជាក្តីបារម្ភរបស់អាណាព្យាបាលគ្រប់រូប ស្របពេលដែលឪពុកម្ដាយមានកម្ពស់មិនសូវខ្ពស់ទៀតសោត រឹតតែចោទជាវិបត្តិកាន់តែងខ្លាំងខ្លាចកូនលូតលាស់តាមដំណហ្សែន។
យ៉ាងណាមិញភ្ជាប់ជាមួយនឹងបញ្ហាចោទមានខាងលើ ថ្ងៃនេះផងដែរ Healthy Cambodia សូមពាំនាំនូវការចែករំលែកពីអ្នកគ្រូពេទ្យ រ៉ុង ឆេងលីម ឯកទេសថែទាំកុមារ បានលើកឡើងថា ការវិវត្តន៍របស់ក្មេង បើនិយាយឱ្យចំមិនមែនបង្ករមកពីហ្សែនដំណពូជទាំងស្រុងនោះទេ ព្រោះការលូតលាស់របស់មនុស្សតាំងពីតូចរហូតដល់ធំគឺត្រូវការរបបអាហារជាសំខាន់។ ដោយឡែកបើយើងក្រឡេកទៅមើលពីអាណាព្យាបាលមួយផ្នែកធំក្នុងសង្គមឥលូវគាត់ហាក់ពុំសូវជាយកចិត្តទុកដាក់ទៅលើអាហារផ្តល់អាហារូបត្ថម្ភទៅកាន់កូនៗរបស់ពួកគាត់ជាប៉ុន្មាននោះទេ ហើយជំនួសមកវិញជាការផ្តល់នូវរបបអាហារក្រៀមៗ ភេសជ្ជៈកំបុង អាហារដាក់ពណ៌ ដែលជាមូលហេតុធ្វើឱ្យក្មេងអាចនឹងរងការលូតលាស់យឺត ប្រព័ន្ធចងចាំស្ថិតនៅកម្រិតទាប ឬកើតជំងឺផ្សេងៗជាដើម។
ជាយោបល់ និងដំណោះស្រាយយ៉ាងល្អសម្រាប់ការលូតលាស់របស់កូន អ្នកគ្រូបានណែនាំឱ្យឪពុកម្ដាយ ជ្រើសយកនូវប្រភេទទឹកដោះគោស្រស់ដែលមានកាល់ស្យូមខ្ពស់ឱ្យកូនញ៉ាំជាប្រចាំ។ ដោយហេតុថាសមាសធាតុកាល់ស្យូមនៅក្នុងទឹកដោះគោស្រស់ នឹងជួយឱ្យឆ្អឹងក្មេងរឹងមាំលូតលាស់បានឆាប់រហ័សជាងក្មេងៗដែលមិនទទួលបាននូវសមាសធាតុមួយនេះ។
ជាក់ស្តែងផ្តោតជាមួយនឹងការបកស្រាយផងដែរ អ្នកគ្រូពេទ្យ រ៉ុង ឆេងលីម ក៏បានលើកយកនូវប្រសាសន៍របស់វេជ្ជបណ្ឌិត គួច ម៉េងលី ឱ្យដឹងផងដែរថា ការញ៉ាំទឹកដោះគោ គេតម្រូវឱ្យញ៉ាំរហូតពេញមួយជីវិត តែបងប្អូនប្រជាជនខ្មែរពុំសូវជាចាប់ភ្លឹកនឹងបញ្ហានេះ។ ដូចដែលយើងសង្កេតឃើញពីផលិតផលទឹកដោះគោដាក់លក់នៅលើទីផ្សារសកលលោកអ៊ីចឹង តែងមានបែងចែកទៅតាមចន្លោះវ័យផ្សេងៗគ្នា មិនថា ក្មេងឬចាស់ឡើយ ព្រោះសារធាតុដែលគេដាក់បញ្ជូលទៅក្នុងម្សៅទឹកដោះគោនោះ បំប៉នឆ្អឹង និងសន្លាក់ទៅតាមស្រទាប់វ័យ។
បន្ថែមជាមួយគ្នានេះដែរ ជាក្បួនខ្នាតនៃការញ៉ាំទឹកដោះគោបានត្រឹមត្រូវបំផុតនោះ អ្នកគ្រូពេទ្យបានបន្តថា គឺត្រូវញ៉ាំបន្ទាប់ពីទទួលទានអាហាររួចរយៈពេលល១៥នាទី។ ជាងនេះទៅទៀត ក៏តម្រូវឱ្យក្មេងមានចលនាលំហាត់ប្រាណមួយចំនួនដើម្បីឱ្យសរសៃនិងគ្រោងឆ្អឹងរបស់ក្មេងលូតបានរឹងមាំសមស្របនឹងកាលវិវត្តន៍ផងដែរ ហើយជាចុងក្រោយ គឺប្រភេទអាហារបន្លែ ផ្លែឈើ ស្រស់ រួមជាមួយនឹងត្រីសាច់ អាចជួយជាវីតាមីនបន្ថែមដល់សរីរាង្គក្មេង។
គូសបញ្ជាក់ពីប្រសាសន៍របស់វេជ្ជបណ្ឌិត គួច ម៉េងលី ដែលលោកធ្លាប់បានចែករំលែកកន្លងមកផងដែរថា ការលូតលាស់របស់ក្មេងគឺចាប់ផ្តើមកើតមានតាំងពីនៅក្នុងពោះម្ដាយមកម្ល៉េះ ប្រសិនម្ដាយឪពុកមិនថែទាំកូនឱ្យបានល្អទេ ពេលកូនធំឡើងអាចនឹងកើតជាបញ្ហាផ្សេងៗដូចជា ឆាប់រងនូវការបាក់ទឹកចិត្ត អារម្មណ៍មួម៉ៅ មិនសូវចេះមាត់ក ខិលខូច ...។ ហេតុនេះហើយទើបបានជាក្រុមគ្រូពេទ្យជំនាញរមែងណែនាំ ឱ្យឪពុកម្ដាយយកចិត្តទុកដាក់ថែទាំកូនណាស់ ក្នុងរយៈពេល៣ឆ្នាំដំបូងដែលជាពេលខួរក្បាលក្មេងអាចដុសលូតលាស់បានដល់៩០% ហើយកាលណាក្មេងទទួលបាននូវការថែទាំល្អ នោះពួកគេមិនត្រឹមទទួលបានការលូតលាស់ផ្នែកកាយសម្បទានប៉ុណ្ណោះទេ ចំណែកឯផ្លូវចិត្ត និងប្រព័ន្ធសរសៃប្រសាទរបស់គេក៏មានសភាពវាងវៃ ឆ្លាត គិតរហ័សរហួនថែមទៀត៕
អត្ថបទដោយ៖ ប៉ាវ ភក្តី